បន្លែ​​​​​​វៀតណាម​​នាំ​ចូលកម្ពុជា​​​​រាប់​សិបតោន​ក្នុង​១​ថ្ងៃៗ

​ខេត្ត​កណ្តាល ៖ ​ជារៀង​រាល់​ថ្ងៃ​ បន្លែ​​​គ្រប់​ប្រភេទ​រាប់​សិប​តោន​​របស់​វៀតណាម​​បាន​នាំ​ចូល​មក​កម្ពុជា​​តាម​ច្រក​ទ្វេភាគី​ជ្រៃ​ធំ ​ក្នុង​ស្រុក​កោះធំ ​​​និង​ដឹក​បន្ត​ទៅ​លក់​នៅ​រាជ​ធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​មួយ​ចំនួន​ ។​

បើ​តាម​អ្នក​រក​ស៊ីទិញបន្លែ​​ពី​វៀតណាម​ បាន​និយាយ​ថា ការដឹក​ជញ្ជូន​បន្លែ​របស់​វៀត​ណាម​តាម​ច្រក​​ទ្វេ​ភាគី​ជ្រៃធំ​នេះ ​គឺ​​ដឹកតាម​ម៉ូតូ​ និង​រថយន្ត​ទួរីស​ឆ្លង​កាត់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​​នៅ​ព្រំដែន​ជ្រៃ​ធំ និង​​តម្រូវ​ឱ្យ​បង់ពន្ធ​​​ដល់​ស្នាក់​ការ​គយ និង​រដ្ឋាករ​ជ្រៃ​ធំ មួយ​ស្ថាប័ណ្ណ​ជា​ការ​ស្របច្បាប់​​ ​​អាច​ដឹក​​ទៅ​លក់បន្ត​នៅ​​រាជ​ធានីភ្នំពេញ​ និង​ខេត្ត​ផ្សេងៗ​បាន ។​

ហើយ​បន្លែ​ដែល​នាំ​​​ចូល​ពី​ប្រទេស​វៀតណាម​​​នេះ ជាមធ្យម​ប្រមាណពី​៣០តោន ទៅ​៤០​តោន ​ក្នុង​១​ថ្ងៃ ​​និង​អាច​លើស​ពី​នេះ​ទៅតាមតម្រូវ​ការ​​នៅ​​​តាម​ផ្សារ​ក្នុង​ស្រុក​ តិច​ឬ​ច្រើន ។​ បន្លែ​​ទាំង​នេះ​​មាន​ដូច​ជា ស្ពៃ​ក្តោប ស្ពៃបូកគោ ត្រសក់ ម្រះ ម្នាស់ ត្រឡាច ល្ពៅ ​សណ្តែកកួរ ខ្ទឹមបារាំង ដំឡូង ឆៃថាវ ជា​ដើម... ​​គឺជា​​បន្លែ​​ត្រូវ​ការ​ចាំ​បាច់​សម្រាប់​​ដឹក​យកទៅលក់​​បន្ត​នៅ​ភ្នំពេញ ​និង​ខេត្ត​​ផ្សេងៗ​ទៀត ​និង​​នៅ​មាន​បន្លែ​​មិន​ត្រូវ​ការ​ចាំ​បាច់​​​​ច្រើន​ទៀត ​ក៏មាន​​នាំ​ចូល​ខ្លះៗ​ដែរ ។​ ​

​បើ​តាម​ថៅ​កែ​រកស៊ី​ដឹក​បន្លែ​មក​ពី​ប្រទេសវៀតណាម​​តាម​ច្រក​ទ្វេភាគី​​ជ្រៃធំ​នេះ​ដែរ ​បាន​និយាយ​ថា ​មូលហេតុ​ដែល​គេ​មិន​ដឹក​​​តាម​ទូក​​​មក​ឡើង​នៅ​ខាង​ប៉ុស្តិ៍​សមត្ថកិច្ច​ព្រំ​ដែន​តែម្តង ​ដោយសារ​​តែ​មាន​សមត្ថកិច្ច​ច្រើន​ស្ថាប័ណ្ណ​ចាំ​ទារលុយ​អត់​ចេញ​វិក្កយបត្រ​ត្រឹម​ត្រូវ បើ​ទោះ​បី​ជា​បង់​ពន្ធ​គយ​រួច​ហើយ​ក៏​ដោយ លើស​ពីនេះ​ នៅ​មាន​គយ​ជើង​ទឹក គយ​ចល័ត​ទៀត ចាំ​ទារ​លុយ​​ថ្លៃ​បាយ​ ថ្លៃទឹក​​ ​ក្នុង​​១ទូកៗ ចាប់​ពី​១០ម៉ឺន​រៀល​ឡើង​ ដែល​ក្រុម​អ្នក​​រកស៊ី​តាម​ផ្លូវ​ច្រក​​​ជ្រៃ​ធំ​​ត្អូញ​ត្អែរ​ថា ថ្លៃ​​បាយ​ ទឹក​របស់​គយ​​​ច្រើន​ពេក​ហើយ ៕

ព័ត៌​មាន​លម្អិត​មានផ្សាយ​ជូន​នៅ​លើទំព័រ​កាសែត​កោះសន្តិភាព​