ក្រសួង​មហាផ្ទៃ​បញ្ជូន​ប៉ូលិស​ជំនាញ​ទៅ​ស៊ើប​ករណី​ប៉ូលិស​និង​មន្ត្រី​ព្រៃ​ឈើ​ត្រូវ​គេ​សម្លាប់

មន្ត្រី​តុលាការ​ខេត្ត​ព្រះវិហារ ឲ្យ​ដឹង​ថា ក្រសួង​មហាផ្ទៃ បាន​បញ្ជូន​ប៉ូលិស​ជំនាញ​ជាច្រើន​រូប​ទៅ​កាន់​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​អង្គារ ទី​១០ ខែ​វិច្ឆិកា ដើម្បី​ជួយ​ជ្រោមជ្រែង​ដល់​កម្លាំង​នគរបាល​ខេត្ត ឲ្យ​ជំរុញ​ការ​ស៊ើប​អង្កេត​រក​មុខ​ជន​ដៃ​ដល់​ក្នុង​ការ​បាញ់​សម្លាប់​មន្ត្រី​ប៉ូលិស​ម្នាក់ និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ម្នាក់​ឲ្យ​ឃើញ​ពិត​ប្រាកដ។

ចាប់​តាំង​ពី​មាន​ជន​ប្រដាប់​អាវុធ​មិន​ស្គាល់​មុខ បាន​បាញ់​រះ​សម្លាប់​ប៉ូលិស​ម្នាក់ និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ម្នាក់ ព្រម​ទាំង​ប៉ូលិស​ការពារ​ព្រំដែន​ម្នាក់​ទៀត​រង​របួស កាល​ពី​យប់​ថ្ងៃ​ទី​៦ វិច្ឆិកា មក រហូត​មក​ដល់​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ បាន​ឃាត់​ខ្លួន​បុរស ៦​នាក់ ដែល​ជា​ម្ចាស់​ម៉ាស៊ីន​អារ​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ព្រៃ​អភិរក្ស​នោះ​មក​សាកសួរ។

ប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ នៅ​តែ​បន្ត​នីតិវិធី​សួរ​ចម្លើយ​ទៅ​លើ​បុរស ៦​នាក់ ដែល​ជា​ម្ចាស់​ម៉ាស៊ីន​អារ​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ព្រៃ​អភិរក្ស​នោះ រយៈពេល​ជាង ២០​ម៉ោង​ហើយ​រហូត​មក​ដល់​ថ្ងៃ​អង្គារ ទី​១០ ខែ​វិច្ឆិកា។ ការ​បន្ត​នីតិវិធី​សួរ​ចម្លើយ​ទៅ​លើ​អ្នក​ទាំង ៦​នាក់​នោះ បន្ទាប់​ពី​ប៉ូលិស​សង្ស័យ​ថា ក្នុង​ចំណោម​អ្នក​ទាំង​នោះ​អាច​មាន​ខ្លះ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​មន្ត្រី​ប៉ូលិស​ម្នាក់ និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ម្នាក់ ក្នុង​ពេល​ចុះ​ល្បាត​ការពារ​ព្រៃ​អភិរក្ស​នៅ​ស្រុក​ជាំក្សាន្ត។

ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ព្រះវិហារ គឺ​លោក លី លន់។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​១០ ខែ​វិច្ឆិកា ថា ប៉ូលិស​នៅ​មិន​ទាន់​បញ្ជូន​ខ្លួន​អ្នក​ទាំង ៦​នាក់ រួម​ទាំង​សំណុំ​រឿង​ឲ្យ​តុលាការ​នៅ​ឡើយ​ទេ គឺ​នៅ​តែ​បន្ត​ការ​ស៊ើប​សួរ​រយៈពេល​ជាង ២០​ម៉ោង​មក​ហើយ។ លោក​ព្រះរាជអាជ្ញា​បញ្ជាក់​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​អង្គារ នេះ ក្រសួង​មហាផ្ទៃ ក៏​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ជាច្រើន​រូប ឲ្យ​ជួយ​ស៊ើប​អង្កេត​រឿង​នេះ ពីព្រោះ​វា​នៅ​មាន​ការ​ស្មុគស្មាញ​ខ្លាំង៖ «ស្ថិត​នៅ​ក្នុង​ការ​ឃាត់​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ឡើយ​ទេ ពីព្រោះ​ដោយសារ​រឿង​ស្មុគស្មាញ ប្រហែល​ជា​ខាង​ស្នងការ​សុំ​ពន្យារ​ពេល​ឃាត់​ខ្លួន​មួយ​រយៈ​ទៀត»

លោក​ព្រះរាជអាជ្ញា​ដដែល​បង្ហាញ​ជំហរ​ថា ប្រសិន​បើ​ប៉ូលិស​បញ្ជូន​ខ្លួន​បុរស​ទាំង ៦​នាក់​មក​ដល់​ពេល​ណា គឺ​តុលាការ​អាច​នឹង​បញ្ជា​ឲ្យ​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន​នៅ​ក្នុង​ពន្ធនាគារ ដើម្បី​រង់ចាំ​ការ​ស៊ើប​អង្កេត​បន្ត ពីព្រោះ​ករណី​បាញ់​សម្លាប់​មន្ត្រី​ប៉ូលិស​ម្នាក់ និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ម្នាក់​នោះ គឺ​នៅ​មាន​អាថ៌កំបាំង​ជាច្រើន។

ទោះ​យ៉ាង​ណា ស្នងការ​រង​នគរបាល​ខេត្ត​ព្រះវិហារ ទទួល​បន្ទុក​ព្រហ្មទណ្ឌ លោក កែវ ចំរើន បាន​បដិសេធ​មិន​អធិប្បាយ​អ្វី​ទេ ដោយ​លោក​បញ្ជាក់​ថា កំពុង​ជាប់​រវល់​ខ្លាំង​នៅ​ក្នុង​នីតិវិធី​ស៊ើប​អង្កេត៖ «សូម​អធ្យាស្រ័យ ពីព្រោះ​ខ្ញុំ​កំពុង​ស៊ើប​អង្កេត ចាំ​មើល​មាន​ពន្លឺ​អ្វី ខ្ញុំ​នឹង​រាយការណ៍​តាម​ក្រោយ។ ឥឡូវ​ខ្ញុំ​កំពុង​បង្ហាញ​រូបភាព​ពាក់ព័ន្ធ​នឹង​ជន​ដៃ​ដល់»

អ្នក​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ បាន​គាំទ្រ​សមត្ថកិច្ច​ដែល​ឃាត់​ខ្លួន​បុរស​ទាំង ៦​នាក់​មក​សាកសួរ​នោះ ពីព្រោះ​លោក​យល់​ថា ប្រសិន​បើ​ប៉ូលិស​រក​មិន​ឃើញ​ភស្តុតាង​ថា​អ្នក​ទាំង​នោះ​មិន​ពាក់ព័ន្ធ​ក្នុង​ការ​បាញ់​សម្លាប់​មនុស្ស​ក៏ដោយ ក៏​ពួក​គេ​នៅ​តែ​មាន​ទោស ដោយសារ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់​ដែរ។

បុរស​ទាំង ៦​នាក់ ដែល​ប៉ូលិស​ឃាត់​ខ្លួន​មក​សួរ គឺ​បន្ទាប់​ពី​ប៉ូលិស​ដាក់​ការ​សង្ស័យ​ថា ក្នុង​ចំណោម​អ្នក​ទាំង​នោះ​អាច​នឹង​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​បាញ់​សម្លាប់​ប៉ូលិស​ម្នាក់ មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ម្នាក់ ព្រម​ទាំង​បណ្ដាល​ឲ្យ​ប៉ូលិស​ការពារ​ព្រំដែន​ម្នាក់​ទៀត​រង​របួស​ផង កាល​ពី​រំលង​អាធ្រាត្រ​ថ្ងៃ​ទី​៦ ឈាន​ចូល​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា កន្លង​ទៅ។

ប្រភព​ពី​សហគមន៍​ការពារ​ព្រៃ​ឈើ​ខ្លះ​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា នៅ​ពេល​ដែល​កម្លាំង​ល្បាត​ដើរ​ការពារ​ព្រៃ​អភិរក្ស គឺ​សមត្ថកិច្ច​បាន​ចាប់​រឹប​អូស​យក​ម៉ាស៊ីន​អារ​ឈើ​មួយ​ចំនួន​ពី​ក្រុម​អ្នក​អារ​ឈើ​ខុស​ច្បាប់។ លុះ​ដល់​វេលា​យប់ ក្រុម​ល្បាត​ក៏​បោះ​តង់​សម្រាក​នៅ​កណ្ដាល​ព្រៃ ស្រាប់​តែ​មាន​ក្រុម​ជន​ប្រដាប់​អាវុធ​លប​លួច​បាញ់​រះ​សម្លាប់​តែ​ម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។