ជនជាតិ​ដើម​ភាគ​តិច​កួយ​ឃុំ​ប្រមេរ​ទាមទារ​អាជ្ញាធរ​ឲ្យ​ពន្លឿន​ចុះ​បញ្ជី​ដីធ្លី​សមូហភាព

ក្រុម​ជនជាតិ​ដើម​ភាគ​តិច​កួយ ប្រមាណ ៤០​នាក់ មក​ពី​ភូមិ​ចំនួន​៣ ក្នុង​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ លើក​គ្នា​ទៅ​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​ព្រះវិហារ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១០ ខែ​វិច្ឆិកា ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត ពន្លឿន​ការ​ចុះ​បញ្ជី​ដីធ្លី​ជា​សមូហភាព​ឲ្យ​បាន​ឆាប់​រហ័ស។

មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ នៅ​ខេត្ត​ព្រះវិហារ គឺ​លោក ប៉ិក សោភ័ណ។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​១០ ខែ​វិច្ឆិកា ថា ក្រុម​ជនជាតិ​ដើម​ភាគ​តិច​កួយ ទាំង​នោះ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​នឹង​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ដែល​ព្រងើយ​កន្តើយ​មិន​ព្រម​ចាត់​ចែង​នីតិវិធី​ចុះ​បញ្ជី​ដីធ្លី​ឲ្យ​ពួក​គេ​ឲ្យ​ឆាប់​រហ័ស ពីព្រោះ​ពួក​គេ​បាន​ដាក់​ពាក្យ​ស្នើសុំ​ជា​ផ្លូវ​ការ​រយៈពេល​ច្រើន​ខែ​មក​ហើយ៖ «គាត់​ដាក់​ពាក្យ​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ជូន​ដល់​មន្ត្រី និង​អាជ្ញាធរ​ខេត្ត ហើយ​រហូត​មក​ដល់​ឥឡូវ ចូល​មក​ដល់ ៣​ខែ​ជាង​ជិត ៤​ខែ​ហើយ អត់​បាន​ចាត់​វិធានការ​រក​ដំណោះស្រាយ​ឲ្យ​គាត់​ទេ»

មូលហេតុ​ដែល​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​កួយ ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​ត្រូវ​តែ​ប្រញាប់​ចុះ​បញ្ជី​ដីធ្លី​ជា​សមូហភាព​ឲ្យ​ពួក​គេ​បាន​ឆាប់​រហ័ស​នោះ ដោយសារ​តែ​បច្ចុប្បន្ន ដី​តំបន់​ពួក​គេ​រស់នៅ កំពុង​រង​ការ​រំលោភ​បំពាន​ពី​ក្រុមហ៊ុន​ចិន ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​រាប់​ម៉ឺន​ហិកតារ ដើម្បី​ដាំ​អំពៅ​នៅ​តំបន់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។