ព្រឹទ្ធសភា​គ្រោង​ពិភាក្សា​ពិនិត្យ​និង​សម្រេច​ច្បាប់​ស្ដី​ពី​ការ​បោះឆ្នោត​ឃុំ​សង្កាត់

គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នឹង​បើក​កិច្ច​ប្រជុំ​ពិភាក្សា​ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៤​ព្រឹទ្ធ​សភា ដើម្បី​ពិភាក្សា​និង​អនុម័ត​ស្នើ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែ​វិច្ឆិកា។

គម្រោង​បើក​កិច្ច​ប្រជុំ​នេះ បន្ទាប់​ពី​រដ្ឋសភា​បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ថ្មី កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា។ ការ​អនុម័ត​នោះ​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ដែល​កិច្ច​ប្រជុំ​សភា​ដែល​មាន​តែ​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បោះ​ឆ្នោត​ជា​ឯកច្ឆន្ទ​ទម្លាក់​លោក កឹម សុខា ពី​តំណែង​អនុ​ប្រធាន​ទី១​នៃ​រដ្ឋសភា។

ច្បាប់​ថ្មី​នេះ​ត្រូវ​បាន​សមាជិកសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ៦៧​​រូប បោះ​ឆ្នោត​គាំទ្រ ខណៈ​គ្មាន​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ណា​ម្នាក់​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​សភា។ តំណាងរាស្ត្រ​ទាំង ៥៥​រូប នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​ពហិការ​មិន​ចូលរួម​ការ​ប្រជុំ​ដក​លោក កឹម សុខា ពី​តំណែង​អនុ​ប្រធាន​ទី​១ សភា​ជាតិ។

សង្គម​ស៊ីវិល​ឃ្លាំមើល​ការ​បោះឆ្នោត បាន​ហៅ​ការ​អនុម័ត​ច្បាប់​ដែល​គ្មាន​ការ​ជជែក​ពិភាក្សា​ជាមួយ​គ្រប់​តំណាង​គណបក្ស​ដែល​គ្រោង​ចូល​រួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​នោះ ថា​គ្មាន​តម្លាភាព និង​យុត្តិធម៌​ចំពោះ​គណបក្ស​នយោបាយ​ដែល​គ្មាន​សំឡេង​ក្នុង​រដ្ឋសភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។