រដ្ឋមន្រ្តី ទេសចរណ៍៖ ដកសិទ្ធិ លក់សំបុត្រ ចូលទស្សនា តំបន់អង្គរ បញ្ចប់ការលាបពណ៌ របស់បក្សប្រឆាំង

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ បានលើកឡើងថា ការសម្រេចដកសិទ្ធិលក់សំបុត្រ ទស្សនាប្រាសាទអង្គរវត្តពីក្រុមហ៊ុន សុខ គង់ ត្រូវបានបញ្ចប់នូវការលាបពណ៌ របស់គណបក្សសង្គ្រោះជាតិ (CNRP) នាពេលកន្លងមក។

ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ កំណែទម្រង់របស់ក្រសួងទេសចរណ៍ រយៈពេល ៩ខែ ឆ្នាំ២០១៥ និងទិសដៅអនុវត្តបន្ត នៅព្រឹកថ្ងៃទី១០ វិច្ឆិកា លោក ថោង ខុន បានមានប្រសាសន៍ថា ការសម្រេចដកសិទ្ធិលក់សំបុត្រនេះ គឺបានបញ្ចប់ហើយ លែងមានរឿងយកលេស ថារាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ការលក់សំបុត្រ ចូលមើលប្រាសាទអង្គរវត្តនេះ ឲ្យទៅយួនអីទៀតហើយ ឥឡូវនេះ គឺរដ្ឋយកមកគ្រប់គ្រងផ្ទាល់វិញ។

លោកថា “លើការជាក់ស្តែង លោក សុខ គង់ហ្នឹង តាមការពិតលោកក៏ជាប្រជាពលរដ្ឋខ្មែរដែរ ប៉ុន្តែគ្រាន់តែលោក មានកំណើតនៅអ្នកលឿង។ ប៉ុន្តែជាការចោទប្រកាន់មូលបង្កាច់ អីចឹងទៅធ្វើឲ្យវាល្អក់ពណ៌ទៅក្នុងការគ្រប់គ្រងហ្នឹង ឥឡូវចុងបញ្ចប់ឧកញ៉ាសុខ គង់ គាត់ស្ម័គ្រចិត្តដើម្បី ឈប់ធ្វើកិច្ចការហ្នឹងតែម្តង ហើយរាជរដ្ឋាភិបាលក៏ឯកភាពតាមសំណើរបស់គាត់ ហើយប្រគល់ការងារនេះ មកឲ្យរដ្ឋគ្រប់គ្រងវិញ។ ខ្ញុំគិតថា អ្វីដែលបក្សប្រឆាំង បានលើកជាការបញ្ចប់នូវការ បោកបញ្ឆោតប្រជាពលរដ្ឋខ្មែរទៀតហើយ”។

លោក ថោង ខុន បានបញ្ជាក់ថា នៅពេលរដ្ឋគ្រប់គ្រងការលក់សំបុត្រ ចូលទស្សនាប្រាសាទអង្គរវត្តនេះ មិនមានផលប៉ះពាល់ ចំពោះការមក ទស្សនាអង្គរវត្ត ពីសំណាក់ភ្ញៀវទេសចរនោះទេ ព្រោះទេសចរមកទស្សនានៅកម្ពុជា គេមិនដឹងថា អ្នកណាគ្រប់គ្រងនោះទេ ប៉ុន្តែ អ្វីដែលក្រុមហ៊ុន សុខ គង់ បានធ្វើល្អ រដ្ឋនឹងខិតខំពង្រីកឡើង នូវអ្វីដែលក្រុមហ៊ុនធ្វើមិនបានល្អ រដ្ឋនឹងកែសម្រួល នេះជានយោបាយរបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រីកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ សម្ដេចតេជោតេជោហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលបានសម្រេចយកការគ្រប់គ្រង លក់សំបុត្រចូលទស្សនាតំបន់អង្គរពីក្រុមហ៊ុនសុខ គង់ មកឲ្យស្ថិតក្រោមការគ្រប់គ្រង របស់រដ្ឋវិញហើយ៕

រដ្ឋមន្រ្តី ទេសចរណ៍៖ ដកសិទ្ធិ លក់សំបុត្រ ចូលទស្សនា តំបន់អង្គរ បញ្ចប់ការលាបពណ៌ របស់បក្សប្រឆាំង

រដ្ឋមន្រ្តី ទេសចរណ៍៖ ដកសិទ្ធិ លក់សំបុត្រ ចូលទស្សនា តំបន់អង្គរ បញ្ចប់ការលាបពណ៌ របស់បក្សប្រឆាំង