អ្នក​វិភាគ​ក្រើក​រំឭក​ដល់​កម្ពុជា​ឲ្យ​ប្រុង​ប្រយ័ត្ន​ធ្វើ​ការទូត​ជាមួយ​ចិន

បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ក្រើក​រំឭក​ដល់​មន្ត្រី​កម្ពុជា ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ទំនាក់​ទំនង​កម្ពុជា-ចិន ខណៈ​ដែល​ប្រទេស​ចិន បាន​ប្រកាស​ផ្ដល់​ជំនួយ​ផ្នែក​យោធា​ដល់​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៦ វិច្ឆិកា អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ចិន នៅ​កម្ពុជា។

ជំនួយ​ផ្នែក​យោធា​នេះ ត្រូវ​បាន​ប្រទេស​ទាំង​ពីរ​អះអាង​ថា នឹង​ជួយ​រឹត​បន្តឹង​ចំណង​មិត្តភាព​ផ្នែក​យោធា​នៃ​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​ការ​រឹត​ចំណង​មិត្តភាព​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ចិន ពិសេស​គឺ​ការ​ផ្ដល់​ជំនួយ​ផ្នែក​យោធា​មក​ឲ្យ​កម្ពុជា ជា​បន្តបន្ទាប់​នោះ។

លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា មិន​គួរ​ឲ្យ​ជើង​ចិន ស្អិត​ជាប់​ពេក​ទេ ដើម្បី​បង្ការ​គ្រោះ​ភ័យ​ដល់​ប្រជាជន​កម្ពុជា បន្ទាប់​ពី​ប្រទេស​ចិន និង​ប្រទេស​កម្ពុជា បាន​ប្រកាស​ជំហរ​រឹត​បន្តឹង​ផ្នែក​យោធា​បន្ថែម​ទៀត ក្រោយ​ជំនួប​ឧភតោ​ភាគី​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​កាល​ពី​សប្ដាហ៍​មុន៖ «ប្រទេស​កម្ពុជា មិន​គួរ​ចាប់​ប្រទេស​ណា​មួយ​ឲ្យ​ពិត​ប្រាកដ ពីព្រោះ​ប្រទេស​ចិន គឺ​ធ្លាប់​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា រងគ្រោះ​ហែកហួរ​ដោយសារ​ប្រទេស​ចិន ឬ​ក៏​ការ​បាត់បង់​ធម្មជាតិ​ច្រើន​ដោយសារ​ប្រទេស​ចិន»

គេហទំព័រ​របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា ប្រទេស​ចិន បាន​យល់​ព្រម​ផ្ដល់​ជំនួយ​យោធា ដូចជា ការ​ផ្ដល់​ប្រឹក្សា​ផ្នែក​យោធា ការ​ផ្ទេរ​សម្ភារៈ​យោធា និង​បច្ចេកវិទ្យា​យោធា ជាដើម។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ បាន​ឲ្យ​ដឹង​ថា សម្ភារៈ​នោះ​មាន​មីស៊ីល​បាញ់​យន្តហោះ (MANPADS) នឹង​ត្រូវ​ផ្ដល់​ដោយ​ប្រទេស​ចិន ដើម្បី​បង្កើន​សមត្ថភាព​យោធា​នៃ​កង​យោធពល​ខេមរភូមិន្ទ។ លោក​បន្ថែម​ថា ចិន យល់​ព្រម​ជួយ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ដល់​កង​យោធពល​ខេមរភូមិន្ទ ផ្តល់​ជំនួយ​សម្ភារៈ​បច្ចេកទេស រោង​ជាង​ជួសជុល​នាវា ប្រព័ន្ធ​ការពារ​ដែន​អាកាស និង​ការ​ផ្លាស់ប្ដូរ​គណៈប្រតិភូ​ទៅ​វិញ​ទៅ​មក។ លោក​បន្ត​ថា ចិន នឹង​ផ្ដល់​ជំនួយ​ពង្រឹង​ប្រព័ន្ធ​ទូរគមនាគមន៍ និង​ផ្ដល់​ឧបករណ៍​វិទ្យុ​ទាក់ទង ដើម្បី​ជួយ​សម្រួល និង​បង្កើន​សមត្ថភាព​ទាក់ទង​ពី​បញ្ជាការ​មួយ​ទៅ​មួយ។

យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ិនហួរ (Xinhua) សម​ភាគី​ចិន លោក ចាង វ៉ាន់អាន (Chang Wanquan) រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ចិន បាន​ថ្លែង​ថា ប្រទេស​ចិន និង​កម្ពុជា ជា​មិត្ត​ជិត​ខាង​ជិតស្និទ្ធ ដែល​មាន​ចំណង​មិត្តភាព​ជា​យូរ​លង់ និង​ចាក់​ឫស​គល់​មាំមួន។

បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក រស់ រ៉ាវុធ យល់​ឃើញ​ថា កម្ពុជា នៅ​ដំណាក់​កាល​បច្ចុប្បន្ន កំពុង​ត្រូវ​ការ​ខ្នង​បង្អែក​ដើម្បី​ការពារ​ខ្លួន​ពី​ការ​គំរាម​កំហែង​របស់​បរទេស និង​ពី​ប្រទេស​ជិត​ខាង៖ «ប្រទេស​កម្ពុជា ត្រូវ​ការ​ជំនួយ​របស់​ចិន ដើម្បី​អភិវឌ្ឍ​ប្រទេស​របស់​ខ្លួន ដើម្បី​អភិវឌ្ឍ​ឲ្យ​ទាន់​បណ្ដា​ប្រទេស​អាស៊ាន និង​ចំណុច​ទី​ពីរ ប្រទេស​កម្ពុជា ត្រូវ​តែ​ចាប់​ចិន ទាំង​យោធា ដើម្បី​ការពារ​ខ្លួន​ពី​ការ​រំលោភ​បំពាន​ណា​មួយ​ពី​ប្រទេស​ជិត​ខាង»

កម្ពុជា កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង​វៀតណាម និង​ប្រទេស​ថៃ ជុំវិញ​បញ្ហា​ព្រំដែន ហើយ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​មក កម្ពុជា មាន​ជម្លោះ​ជាមួយ​ថៃ ដែល​បង្ក​ជា​ជម្លោះ​ប្រដាប់​អាវុធ​ផង។ កាល​ពី​ដើម​ខែ​វិច្ឆិកា អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម អះអាង​ថា តំបន់​ព្រំដែន​ដាក់ដាំ គឺ​ស្ថិត​ក្នុង​បូរណភាព​ទឹក​ដី​របស់​វៀតណាម តែ​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​កិច្ចការ​ព្រំដែន​កម្ពុជា ច្រាន​ចោល​ការ​អះអាង​នេះ។

សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការពារ​ជាតិ​ចិន លោក ចាង វ៉ាន់អាន បាន​ប្រាប់ លោក ទៀ បាញ់ ថា ប្រទេស​ចិន នឹង​នៅ​តែ​បន្ត​ការ​ជ្រោមជ្រែង​ដល់​ដល់​កម្ពុជា អភិវឌ្ឍ​កង​កម្លាំង​ប្រដាប់​អាវុធ និង​ផ្ដល់​កិច្ច​សហប្រតិបត្តិការ​គ្រប់​កម្រិត។

ទាក់ទង​នឹង​ការ​បង្កើន​ចំណង​មិត្តភាព​កម្ពុជា-ចិន នេះ លោក រស់ រ៉ាវុធ កត់​សម្គាល់​ថា ប្រទេស​ចិន កំពុង​ត្រូវ​ការ​កម្ពុជា ធ្វើ​ជា​ទីតាំង​ភូមិសាស្ត្រ​នយោបាយ​អន្តរជាតិ ពិសេស​នៅ​ក្នុង​តំបន់​អាស៊ាន​នៅ​លើ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។ ក្រៅ​ពី​នេះ​ទៀត ចិន ក៏​ត្រូវ​ការ​កម្ពុជា ជា​ទីតាំង​ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន​ក្នុង​ការ​ដឹក​នាំ​ប្រទេស​បែប​កុម្មុយនីស្ត នៅ​គ្រា​ដែល​ប្រទេស​ភូមា បាន​ងាក​ទៅ​រក​សហរដ្ឋ​អាមេរិក និង​បើក​ឲ្យ​មាន​ការ​បោះ​ឆ្នោត​សកល​បែប​ប្រជាធិបតេយ្យ ដែល​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​ចិន ខក​បំណង នៅ​ពេល​ឃើញ​ប្រទេស​ជា​មិត្ត​របស់​ខ្លួន ងាក​ទៅ​ចាប់​ដៃ​ជាមួយ​ប្រទេស​លោក​សេរី​នោះ។

លោក ទៀ បាញ់ កាល​ពី​សប្ដាហ៍​មុន ក៏​បាន​ចូលរួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន នៅ​ប្រទេស​ម៉ាឡេស៊ី។ កិច្ច​ប្រជុំ​នោះ មិន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ណា​មួយ​ទេ ដោយសារ​ក្រុម​រដ្ឋមន្ត្រី​ទាំង​នោះ បរាជ័យ​មិន​យល់​ស្រប​គ្នា​លើ​ការ​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។

ចិន ក៏​បាន​បង្កើត​វិទ្យាស្ថាន​ទ័ព​ថ្មើរ​ជើង​មួយ​នៅ​ខេត្ត​កំពង់ស្ពឺ។ វិទ្យាស្ថាន​នេះ ត្រូវ​បាន​គេ​ដឹង​ថា ជា​ផែនការ​យុទ្ធសាស្ត្រ​របស់​ចិន ដើម្បី​សាងសង់​បន្ទាយ​យុទ្ធសាស្ត្រ​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន។

កាល​ពី​ឆ្នាំ​២០១៣ ប្រទេស​កម្ពុជា ទិញ​ឧទ្ធម្ភាគចក្រ​ចំនួន ១២​គ្រឿង ដែល​ប្រើប្រាស់​ប្រាក់​កម្ចី​របស់​ចិន ប្រមាណ ១៩៥​លាន​ដុល្លារ ហើយ​ឆ្នាំ​២០១៤ ចិន បាន​ផ្ដល់​ជំនួយ​រថយន្ត ២៦​គ្រឿង និង​ឯកសណ្ឋាន​យោធា ៣​ម៉ឺន​កំប្លេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។