សង់​លំនៅ​ឋាន​ជិត​រួច​ហើយ ទើប​អាជ្ញាធរ​ក្រុង​បាន​លុង​ចុះ​ផ្អាក​ការ​សាងសង់

ខេត្តរតនគិរី ៖ លំនៅ​ឋាន​កំពុង​សាងសង់​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង​ដែល​មានផ្ទះ​២​ខ្នង នៅ​លើ​ទួល​បឹង​កំសាន្ត ស្ថិត​ក្នុងភូមិ​ថ្មដា សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ត្រូវ​បាន​កំលាំង​សមត្ថកិច្ច​ចម្រុះ​ប្រមាណ​ជា​៣០​នាក់ និង​មានការ​ចូលរួម​ពី​លោក​ប្រធាន​ភូមិបាល​ក្រុង និង​ព្រះរាជ​អ​ជ្ញា​រង ចុះ​ផ្អាក​ការ​សាងសង់​​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១០ វិច្ឆិកា ២០១៥ ដោយ​ចោទប្រកាន់​ថា បាន​សាងសង់​នៅ​លើ​ចំណី​ផ្លូវ មាន​បំណង​រុះរើ តែ​ត្រូវ​ផ្អាក រង់ចាំ​ធ្វើកា​សំរបសំរួល​ពេល​ក្រោយ​នៅ​សាលាក្រុង​វិញ ។

យោង​តាម​ការ​សង្កេត​ជាក់ស្តែង​នៅ​កន្លែង​ធ្វើ​សកម្មភាព​ផ្អាក​​ការ​សាងសង់​នោះ លោក​អភិបាលក្រុង​បាន​និយាយ​ស្តីបន្ទោស​ម្ចាស់​លំនៅ​ឋាន​នោះ​ថា មុន​ពេល​សាងសង់​មិន​ព្រមទៅ​សុំ​កា​អនុញ្ញាត​ពី​សាលាក្រុង​ទេ ពេល​នេះ​ធ្វើការ​សាងសង់​រំលោភ​លើ​ដី​ចំណី​ផ្លូវ​ហើយ ព្រោះ​សាលាក្រុង​មាន​គោលការណ៍​ពង្រីក​ផ្លូវ ហេតុនេះ​លំនៅ​ឋាន​នេះ​ត្រូវ​តែ​រុះរើ​ជា​បន្ទាន់ ។

លោក ក​យ ព្រេ​ល មានមុខ​ងារ​ជា​អនុប្រធាន​ពន្ធ​ធនាគា​ខេត្ត​(​ភ្នំ​ស្វាយ) ជា​ម្ចាស់​លំនៅ​ឋាន​បាន​អៈ​អាង​ថា ទំហំ​ដី​របស់​គាត់​មាន​លិខិត​កាន់កាប់​កំណត់​ព្រំប្រទល់​ត្រឹមត្រូវ​ពី​អាជ្ញាធរ​មុន​ៗ ។ រូប​លោក​បាន​បញ្ជាក់​ថា លោក​បាន​បរិច្ចាគ​ដី​ខាង​មុខ​អស់​ច្រើន​ហើយ និង​មាន​ប្រឡាយ​កំណត់​ព្រំ​ចំណី​ផ្លូវ​ពីមុខ​ត្រឹមត្រូវ​រួច​ហើយ ទើប​លោក​ហ៊ាន​សំរេចចិត្ត​ធ្វើកា​សាងសង់​លំនៅ​ឋាន​បែប​នេះ ។ ម្ចាស់​លំនៅ​ឋាន​បាន​បន្ត​ទៀត​ថា លោក​អភិបាលក្រុង​គាត់​មាន​លំនៅ​ឋាន​នៅ​ក្បែរ​នោះ​ដែរ​ និង​បាន​ទៅ​មក​រាល់ថ្ងៃ នៅ​ពេល​គាត់​រៀបចំ​សាងសង់​ដំបូង​ហេតុ​អ្វី​ក៏​គាត់​មិន​ប្រាប់​ភ្លាម​ៗ​ទៅ រហូត​ពេល​នេះ​គាត់​ធ្វើការ​សាងសង់​ជិត​រួច​ គឺ​បាន​ប្រមាណ​៧០%​ទៅ​៨០%​ទៅ​ហើយ​ទើប​មក​ធ្វើការ​ផ្អាក និង​បង្ខំ​ឱ្យ​រុះរើ គឺ​មិន​ស្រួល​ដូច​គាត់​ថា​នោះ​ទេ ។

ចំណែកឯ​ភាគី​ខាង​អាជ្ញាធរ​វិញ​ក៏​បាន​អៈ​អាង​ថា បាន​ជូនដំណឹង​អំពី​ការ​ពង្រីក​ផ្លូវ​ជា​ច្រើន​លើក​មក​ហើយ​ដែរ តែ​ប្រជាពលរដ្ឋ​ហាក់ដូចជា​មិនសូវ​ចាប់​អារម្មណ៍​ទេ ពេល​សាងសង់​ខុស​ជ្រុល​ហួស​ទើប​ឆ្លើយ​ថា ពិបាក​រុះរើ ខ្លាច​ខាតបង់​ទ្រព្យសម្បត្តិ ។

ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ជិត​កន្លែង​នោះ​បាន​នាំ​គ្នា​ធ្វើ​ការ​រិះ​គន់ថា នៅ​តាម​ដងផ្លូវ​ក្នុង​បរិវេណ​ដែល​កម្លាំង​ចុះ​ធ្វើការ​ផ្អាក​ការ​សាងសង់​នោះ ក៏​នៅ​មាន​លំនៅ​ឋាន​ជា​ច្រើន​ខ្នង​ទៀត​ដែល​សាងសង់​ជា​យូរ​ឆ្នាំ​មក​ហើយ​នោះ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ប៉ះពាល់​លើ​ចំណី​ផ្លូវ​នេះ និង​ក៏​ត្រូវ​ធ្វើការ​រុះរើ​ដែរ ប៉ុ​ន្ត​អាជ្ញាធរ​ពុំ​ទាន់​មាន​វិធានការ​នៅឡើយ​ទេ ។ លើកលែងតែ​លំនៅ​ឋាន​ក្នុង​ដី​ឡូត៍​ខាងលើ​នេះ​ប៉ុណ្ណោះ​ដែល​បាន​រុះរើ​ផ្ទះ​ចាស់​ៗ និង​ត្រូវ​សាងសង់​ជា​ថ្មី​ឡើង​វិញ​បាន​ស្ទើរតែ​ជិត​រួចរាល់​ទៅ​ហើយ​នោះ ក៏​ត្រូវ​អាជ្ញាធរ​មក​ផ្អាក​តែ​ម្តង នេះ​មិន​ខុស​ពី​អាជ្ញាធរ​កំពុង​រង់ចាំ​ឱកាស​ហុច​ឱ្យ​នោះ​ទេ ។

ក្នុង​ហេតុ​កាណ៍​ចុះ​ផ្អាក​ការ​សាងសង់​នោះ​ដែរ លោក​អភិបាលក្រុង​បាន​បញ្ជា​ឱ្យ​កម្លាំង​ធ្វើកា​រឹបអូស​យក​សម្ភារ​ឧបករណ៍​របស់​ជាង​សាងសង​ផ្ទះ​មួយ​ចំនួន​ដាក់​រថយន្ត​យក​ទៅ​សាលាស្រុក​ ដោយ​ស្តីបន្ទោស​ថា​មក​ពី​ជាង​ទើប​មានការ​សាងសង់​លំនៅ​ឋាន​នេះ​ឡើង ។

បន្ទាប់​ពី​មានការ​ប្រទូស្ត​រាយ​ដោយ​ពាក្យ​សំដី​មួយ​ប្រាវ​រវាង​ម្ចាស់​លំនៅ​ឋាន និង​សមត្ថកិច្ច​អាជ្ញាធរ និង​ស្រប​ពេល​ម្ចាស់ផ្ទះ​បាន​បង្ហាញ​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី​ផង​នោះ កម្លាំង​ក៏​បាន​រំសាយ​អស់​ទៅ​ទាំង​ពុំ​ទាន់​មាន​លទ្ធផល​អ្វី​ទាំងអស់ ។

ម​ជ្ឈ​ដ្ឋា​ជុំវិញ​បាន​ចោមរោម​មើល​ដោយ​ហួសចិត្ត និង​មិន​អស់ចិត្ត​ផង​នោះ​ បាននាំគ្នា​និយាយថា តើ​រឿងរ៉ាវ​ខាងលើ​នេះ​​ថ្ងៃក្រោយ​នឹង​មាន​លទ្ធផល​បែប​ណា​ដែរ​ទៅ​ចំពោះ​លំនៅ​ឋាន​ក្នុង​ដី​ឡូ​តិ៍​មួយ​នេះ និង​លំនៅ​ឋាន​ជា​ច្រើន​ទៀត​នោះ ៕