ហេតុអ្វី​បានជា​គេ​ត្រូវ​វាស់​សម្ពាធ​ឈាម​នៅ​ពេល​ព្រឹក​?

ហេតុអ្វី​បានជា​គេ​ត្រូវ​វាស់​សម្ពាធ​ឈាម​នៅ​ពេល​ព្រឹក​?

​ថ្មីៗ​នេះ ការសិក្សា​មួយ​ដែល​គេ​បាន​ដឹកនាំ​ធ្វើ​នៅ​ប្រទេស​ជប៉ុន​បាន​បង្ហាញ​ឱ្យដឹងថា ការ​វាស់​សម្ពាធ​ឈាម​នៅ​ពេល​ព្រឹក​អាច​ឱ្យ​គេ​ទស្សន៍ទាយ​បាន​ច្បាស់លាស់​អំពី​ស្ថានភាព​របស់​អ្នកជំងឺ​ដែល​អាច​នឹង​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ប្រសើរ​ជាង​ការ​វាស់​នៅពេល​ល្ងាច​។​

​នៅ​ក្នុង​ការ​សិក្សា​ដែល​ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត Dr. Satoshi Hoshide អនុ​សាស្ត្រាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ​សរសៃឈាម​បេះដូង នៅ​សាកលវិទ្យាល័យ Jichi Medical University គេ​ធ្វើ​ការតាមដាន​អ្នក​ដែល​មាន​កត្តា​ហានិភ័យ​កើត​ជំងឺ​បេះដូង (​ដូចជា​មាន​សម្ពាធ​ឈាម​ខ្ពស់ មាន​អត្ត្រា​កូលេ​ស្តេ​រ៉ុល​ខ្ពស់ និង​កើត​ទឹកនោម​ផ្អែម ជាដើម​) ចំនួន​៤៣០០​នាក់ អស់​រយៈពេល​៤​ឆ្នាំ​។

​គេ​បាន​សង្កេតឃើញថា អ្នក​ដែល​មាន​សម្ពាធ​ឈាម​ពេលព្រឹក​ខ្លាំង​ជាង​១៥៥​ម​ម​ប៉ា​រ៉​ត ងាយ​នឹង​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​៧​ដង​ច្រើនជាង​អ្នក​ដែល​មាន​សម្ពាធ​ឈាម​ត្រឹមតែ​១៣៥​ម​ម​ប៉ា​រ៉​ត ដែល​ទំនាក់ទំនង​នេះ​នឹង​មិន​មាន​ទេ បើសិនជា​គេ​វាស់​សម្ពាធ​ឈាម​នៅ​ពេល​ល្ងាច​វិញ​នោះ​។ គេ​បាន​ពន្យល់ថា សម្ពាធ​ឈាម​ដែល​គេ​វាស់​នៅពេល​ល្ងាច​បាន​រង​ឥទ្ធិពល​ពី​កត្តា​ជាច្រើន ដែល​រួម​មាន​ការ​ងូតទឹក​ក្តៅ​ឬ​ត្រជាក់ ចំណីអាហារ និង​កត្តា​ខាង​ផ្លូវចិត្ត ផងដែរ​។ ផ្ទុយទៅវិញ សន្ទុះ​សម្ពាធ​ឈាម​នៅ​ពេល​ព្រឹក​គឺជា​លទ្ធផល​នៃ​កត្តា​សរីរសាស្ត្រ​សុទ្ធសាធ ពោល​គឺ​ការធ្វើឱ្យ​ប្រព័ន្ធ​ខួរក្បាល​ដំណើរការ​ឡើង​ដោយ​ការ​ភ្ញាក់​ពី​ដំណេក​។​

​ថ្វី​បើ​ការ​វាស់​សម្ពាធ​ឈាម​នៅ​ពេល​ព្រឹក​អាច​ឱ្យ​គេ​ដឹង​បាន​ល្អ​អំពី​ហានិភ័យ​នៃ​ការកើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ក៏​ប៉ុន្តែ​ការ​លេប​ឱសថ​ព្យាបាល​សម្ពាធ​ឈាម​នៅ​ពេល​ព្រឹក មិនសូវ​ជា​មាន​ប្រសិទ្ធភាព​ដូច​ការ​លេប​នៅ​ពេល​ល្ងាច​ទេ នេះ​បើ​តាម​សំដី​របស់​លោក​វេជ្ជបណ្ឌិត Satoshi​។ លោក​នៅ​បាន​និយាយ​បន្ថែមទៀតថា នេះ​ជា​ការសិក្សា​លើ​ប្រជាជន​ជប៉ុន មិនដឹង​ថា​វា​អាច​យកទៅ​អនុវត្ត​លើ​ប្រជាជន​ទូទៅ​លើ​សាកលលោក​បាន​ដែរ​ឬ​អត់​។​

​ប្រែ​សម្រួល​ដោយ​សាស្ត្រាចារ្យ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។