ប្រមុខ​ការទូត​កម្ពុជា​ចូលរួម​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​មេគង្គ​ឡានឆាង​លើកទី១​នៅ​ចិន

ប្រមុខ​ការទូត​កម្ពុជា​ដឹកនាំ​គណៈប្រតិភូ ទៅ​ចូលរួម​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ-ឡានឆាង (Mekong-Lancang) លើក​ទី​១ នៅ​ប្រទេស​ចិន រយៈ​ពេល​៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១១ ដល់​ថ្ងៃ​ទី​១៣ វិច្ឆិកា​នេះ។

លិខិត​ជូនដំណឹង​របស់​ក្រសួង​ការបរទេស​កម្ពុជា ចុះ​ថ្ងៃ​ទី​៥ វិច្ឆិកា បញ្ជាក់​ថា ការ​ដឹកនាំ​របស់​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ លោក ហោ ណាំហុង ទៅ​ចូលរួម​​ប្រជុំ​នៅ​ប្រទេស​ចិន​​នៅ​ពេល​នេះ ធ្វើ​ឡើង​តាម​ការ​អញ្ជើញ​របស់​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី (Wang Yi)

កិច្ច​ប្រជុំ​នេះ​នឹង​ពិភាក្សា​ពី​ការ​បង្កើត​រចនាសម្ព័ន្ធ សហប្រតិបត្តិការ​មេគង្គ-ឡានឆាង ដើម្បី​ផ្លាស់​ប្ដូរ​យោបល់​លើ​បញ្ជី​គម្រោង​ដែល​ឆាប់​ទទួល​បាន​ផល នៃ​ការ​គ្រប់គ្រង​ធនធាន​ទឹក សុខភាព​សាធារណៈ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ និង​ពិនិត្យ​លើ​ក្របខ័ណ្ឌ​អនុតំបន់​ដទៃទៀត ដូចជា សហប្រតិបត្តិការ​សេដ្ឋកិច្ច​នៃ​មហា​អនុតំបន់​ទន្លេ​មេគង្គ និង​ការ​អភិវឌ្ឍ​អាស៊ាន​អាង​ទន្លេ​មេគង្គ។

ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ីនហួរ (Xinhua) ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៩ វិច្ឆិកា ថា កិច្ច​ប្រជុំ​នេះ​នឹង​មាន​រដ្ឋមន្ត្រី​ការបរទេស​៦ ដឹកនាំ​គណៈប្រតិភូ​តំណាង​ឲ្យ​ប្រទេស​រៀង​ខ្លួន មាន​ប្រទេស​ថៃ វៀតណាម ឡាវ មីយ៉ាន់ម៉ា កម្ពុជា និង​ចិន​ដែល​ជា​ម្ចាស់​ផ្ទះ។

កិច្ច​សហប្រតិបត្តិការ​មេគង្គ-ឡានឆាង​នេះ ត្រូវ​បាន​ផ្ដួចផ្ដើម​គំនិត​ដោយ​នាយករដ្ឋមន្ត្រី​ចិន លោក លី គជាំង (Li Keqiang) ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​កំពូល​អាស៊ាន-ចិន​លើក​ទី​១៧ នៅ​ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។