ខួបទី៦២ នៃ​បុណ្យ​ឯករាជ្យ​ជាតិ​ពី​អាណា​និគម​បារាំង របស់កម្ពុជា


ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ជាខួបទី៦២ឆ្នាំ នៃការទាមទារឯករាជ្យជាតិ ពីប្រទេសបារាំង ដោយអតីតព្រះមហាក្សត្រកម្ពុជា ព្រះបានព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ ការទាមទារ ដែលធ្វើឡើងយ៉ាងស្រួចស្រាវ នៅមុនឆ្នាំ១៩៥៣។
ខួបទី៦២ នៃ​បុណ្យ​ឯករាជ្យ​ជាតិ​ពី​អាណា​និគម​បារាំង របស់កម្ពុជា

ទិដ្ឋភាពថ្ងៃបុណ្យជាតិទាមទារឯករាជ្យជាតិ ពីប្រទេសបារាំង របស់ប្រទេសកម្ពុជា ក្នុងឆាំ២០១៥។ (រូបថតហ្វេសប៊ុក)

«ព្រះរាជពិធីបុណ្យឯករាជ្យជាតិ» ត្រូវបានប្រារព្វធ្វើឡើង ជារៀងរាល់ឆ្នាំ ក្នុងថ្ងៃទី៩ វិច្ឆិកា។ សម្រាប់ឆ្នាំ២០១៥នេះ ព្រះរាជពិធីបុណ្យឯករាជ្យជាតិនេះ ក៏ត្រូវបានប្រារព្ធឡើង ក្រោមព្រះរាជាធិបតី ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃប្រទេសកម្ពុជា និងជាព្រះរាជតំណាង នៃអង្គព្រះបរមរតនកោដ្ឋ។

ក្រៅពីអង្គព្រះមហាក្សត្រ នៅមានឥស្សរជនសំខាន់ៗ មួយចំនួនទៀត ដូចជាលោក ហេង សំរិន ប្រធានរដ្ឋសភា, លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា, លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី, លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងបណ្តាមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត របស់រដ្ឋាភិបាលកម្ពុជា។

វត្តមានតំណាងរាស្រ្តនៃរដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិ រួមមានលោក អេង ឆៃអៀង ប្រធានគណកម្មការទី១ នៃរដ្ឋសភា , លោក ម៉ៅ មុន្នីវ៉ាន់, អ្នកស្រី លី ស្រីវីណា និងសមាជិកព្រឹទ្ធិសភា មកពីគណបក្ស សម រង្ស៊ី មានលោក យូ ស៊ុនហេង ជាដើម។ ក្រៅពីនេះ នៅមានការចូលរួម ពីសំណាក់ប្រជាពលរដ្ឋ, សិស្សា-និសិស្ស, ក្រុមយុវជន, មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ គ្រប់សណ្ឋាន។

តាមទំព័រហ្វេសប៊ុកផ្លូវការ របស់លោកនាយករដ្ឋមន្រ្តី បានសរសេរថា៖ «ខ្ញុំព្រះករុណាខ្ញុំ សូមចូលរួមអបអរសាទរ ថ្ងៃបុណ្យឯករាជ្យជាតិលើកទី៦២ (៩ វិច្ឆិកា ឆ្នាំ១៩៥៣ - ៩ វិច្ឆិកា ឆ្នាំ២០១៥) ជាមួយប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសនៅថ្ងៃនេះ។»

លោកបានសរសេរបន្តថា ប្រជារាស្រ្តខ្មែរទូទាំងប្រទេស ចងចាំជានិច្ច នូវព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាបំផុត របស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានតស៊ូ និងលះបង់គ្រប់យ៉ាង ក្នុងការទាមទារឯករាជ្យពីបារាំង ជូនជាតិមាតុភូមិ។

លោកនាយករដ្ឋមន្ត្រី បានរៀបរាប់ថា ចាប់តាំងពីព្រះរាជាណាចក្រកម្ពុជា បានទទួលឯករាជ្យពេញលេញ នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ គឺអតីត ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានស្ថាបនា និងអភិវឌ្ឍន៍កម្ពុជាឥតឈប់ឈរ ដែលបានធ្វើអោយប្រទេសនេះ រីកចម្រើនគ្រប់វិស័យ។ នៅពេលនោះ ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាប្រទេស ដែលមានឥទ្ធិពលមួយនៅអាស៊ី ដែលប្រជារាស្រ្តរស់នៅ ដោយសុខសាន្តបំផុត ក្រោមការដឹកនាំរបស់ព្រះអង្គ។

លោក ហ៊ុន សែន បានឆ្លៀតឱកាស ផ្សាយ«ពាណិជ្ជកម្ម» ឲ្យគណបក្សរបស់លោកដូច្នេះថា៖ «គណបក្សប្រជាជន ដែលមានខ្ញុំព្រះករុណា ខ្ញុំផ្ទាល់ជាប្រធាន និងជានាយករដ្ឋមន្រ្តី គឺប្តេជ្ញាការពាររដ្ឋធម្មនុញ្ញា ការពារព្រះមហាក្សត្រ និងការពារសុខសន្តិភាព ជូនកម្ពុជាអោយខានតែបាន។ (...) ព្រះរាជបូជនីយកិច្ច និងគុណូបការៈដ៏ធំធេង ដែលព្រះបរមរតនកោដ្ឋ បានបន្សល់ទុកអោយកម្ពុជា គឺខ្ញុំព្រះករុណា ខ្ញុំប្តេជ្ញាបន្ តនូវមរតកជាតិដ៏ឧត្តុង្គឧត្តមនេះ ដើម្បដឹកនាំអភិវឌ្ឍន៍ប្រទេស ស្របតាមព្រះរាជតម្រិះ ដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះអង្គ ដើម្បីធ្វើអោយកម្ពុជាទាំងមូល រីកលូតលាស់ខ្លាំងឡើង។»

ដោយឡែក អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងនៅកម្ពុជា បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោក ដោយធ្វើការរំលឹកថា នៅក្នុងទសវត្សរ៍៥០-៦០ ប្រជាពលរដ្ឋរស់នៅដោយសុខសន្តិភាព សុភមង្គល សុខដុមរមនា ថ្លៃថ្នូរ សីលធម៌ខ្ពស់ ល្បីរន្ទឺ ក្នុងជម្ពូទ្វីប (អាស៊ីអាគ្នេយ៍) រហូតដល់ទសវត្សរ៍៧០។ លោក យ៉ែម ប៉ុញ្ញរិទ្ធិ បានបន្តថា ថ្ងៃឯករាជ្យជាតិខ្មែរ ៩ វិច្ឆិកា ១៩៥៣ ទង់ជាតិខ្មែរត្រូវបានបង្ហូតឡើង ដែលជា«កិត្យានុភាពជាតិ សន្តិភាព អភិវឌ្ឍជាតិ ចាប់ផ្ដើមឡើង»។

លោកបានសរសេរបន្ថែមថា៖ «ថ្ងៃឯករាជ្យជាតិខ្មែរ ៩ វិច្ឆិកា ១៩៥៣ ដែលខ្មែរគ្រប់រូបចងចាំ និងនឹកដល់ស្នាព្រះហស្ថដ៏ធំធេង របស់ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ ដែលពិតជាបានបំពេញ និងដឹកនាំ ប្រកបដោយព្រះបញ្ញាញ្ញាណវៀងវៃ។ (...) ការរៀបចំរដ្ឋធម្មនុញ្ ញលើកដំបូងឆ្នាំ១៩៤៧ ការទាមទារខេត្តមួយចំនួន ពីសៀមមកវិញ ការទាមទារឯករាជ្យ ពីបារាំង ៩ វិច្ឆិកា ១៩៥៣ ការទាមទារប្រាសាទព្រះវិហារ ពីសៀម នៅថ្ងៃទី១៥ មិថុនា ១៩៦២ និងកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ជាដើម។»

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងដោយស្នើ ឲ្យប្រជាពលរដ្ឋខ្មែរ គ្រប់និន្នាការ ទាំងក្នុងនិងក្រៅនយោបាយទាំងអស់ រួមគ្នាលើកកិត្យានុភាពជាតិ ថែរក្សាសន្តិភាព អភិវឌ្ឍជាតិ យុត្តិធម៌សង្គម សីលធម៌សង្គម ដើម្បីជាផលប្រយោជន៍ ដល់ប្រជាជាតិតែមួយ៕