សម្ភាស៖ ធ្វើ​ពហិកា​ព្រោះ​អសុវត្ថិភាព ​ជា​សិទ្ធិ​របស់​តំណាង​រាស្រ្ត

តំណាងរាស្រ្តទាំង៥៥ រូបនៃគណបក្សប្រឆាំង បាននាំគ្នាធ្វើ«ពហិការ» មិនចូលគ្រប់កិច្ចប្រជុំ​នៃ​រដ្ឋសភា រហូត​ដល់​«សុវត្តិភាព»​ របស់​អ្នក​តំណាង​រាស្ត្រ ត្រូវបានធានា​ដោយរដ្ឋាភិបាល យ៉ាងពិតប្រាកដ។ ការប្រកាសនេះ ត្រូវ​បាន​ធ្វើ​ឡើង ក្រោយ​ហេតុការណ៍ នៃការ​វាយ​ប្រហារ​យ៉ាង​ចាស់​ដៃ ទៅ​លើ​តំណាង​រាស្រ្ត​ពីរ​រូប​នៃ​គណបក្ស​ប្រឆាំង ពី​សំណាក់​ជន​មួយ​ក្រុម ដែលមាននិន្នាការគាំទ្រគណបក្សប្រជាជនកម្ពុជា។
សម្ភាស៖ ធ្វើ​ពហិកា​ព្រោះ​អសុវត្ថិភាព ​ជា​សិទ្ធិ​របស់​តំណាង​រាស្រ្ត
ការបើកនីតិកាលថ្មី នៃរដ្ឋសភាអណត្តិទី៥ ដែលមានការចូលរួមតែពីតំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជា។ (រូបថត monoROOM.info/ O. Vary)

តំណាងរាស្ត្រទាំង៥៥រូប មកពីគណបក្សសង្គ្រោះជាតិ នឹងធ្វើពហិកា ដោយឈប់ធ្វើការងារមួយរយៈពេល ព្រោះបារម្ភ ពីសុវត្ថិភាពផ្ទាល់ខ្លួន ខណៈជនដៃដល់ ដែលបង្កហិង្សា លើតំណាងរាស្រ្តពីររូប កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ បានចូលមកសារភាពព្រមគ្នា ត្រឹមតែបីនាក់ប៉ុណ្ណោះ។ នេះបើតាមការអះអាង របស់​លោក អ៊ូ ច័ន្ទឫទ្ធិ តំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិ នៅតាមបណ្ដាញសារព័ត៌មានក្នុងស្រុក។

បញ្ហាខាងលើ ត្រូវបានប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព លោក យ៉ង់ គឹម អេង ថ្លែងពន្យល់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា តំណាងរាស្រ្តទាំងនោះ អាចធ្វើ«ពហិការ»បាន ព្រោះ​ទាំង​នេះ ជាសិទ្ធិតាមផ្លូវច្បាប់របស់ពួកគេ។ លោក គឹមអេង បានបន្តថា បើសិនជាសុវត្ថិភាពរបស់ពួកគាត់ មិន​ត្រូវ​បាន​យកចិត្តទុកដាក់ ពីរដ្ឋាភិបាលទេ គាត់អាចធ្វើពហិការទាមទារ ដើម្បីឲ្យមានដំណោះស្រាយ ក្នុងរឿង​ការពារ​សុវត្ថិភាព​ឲ្យពួកគាត់។

លោកថា ការធ្វើ«ពហិការ» ដើម្បីឲ្យមានការការពារសុវត្តិភាពផ្ទាល់ខ្លួន ពីរដ្ឋាភិបាលនេះ ជាហេតុផល​មួយ​ត្រឹមត្រូវ និងត្រូវមានការឆ្លើយតប ជា«វិជ្ជមាន»ពីរដ្ឋាភិបាល ជាមួយនឹងការអនុវត្តន៍ជាក់ស្តែង។ លោកថា ព្រោះ​តំណាងរាស្រ្ត នៃគណបក្សប្រឆាំងពីរូបហើយ ដែលត្រូវបានបាតុករមួយក្រុម វាយឲ្យរបូសយ៉ាងធ្ងន់ធ្ងរ ដែលមកទល់ពេលនេះ នៅមិនទាន់រកឃើញមេគំនិត អ្នកសមគំនិត និងជនដៃដល់ផ្សេងទៀត បាន​នៅ​ឡើយ។

លោកតំណាងរាស្ត្រ អ៊ូ ច័ន្ទឫទ្ធិ បានអះអាងថា បើរដ្ឋាភិបាលមិនអាចស្វែងចាប់ខ្លួន ជនដៃដល់ទាំងអស់ និង​អ្នកបញ្ជាពីក្រោយឃើញទេ នោះសុវត្ថិភាពរបស់ក្រុមតំណាងរាស្ត្រ នឹងនៅតែ«គ្មាន»។ លោក អ៊ូ ច័ន្ទឫទ្ធិ បាន​ថ្លែងឡើងថា៖ «ត្រូវស្រាវជ្រាវ រកជនដៃដល់ទាំងអស់ និងអ្នកនៅពីក្រោយខ្នង ដើម្បីឲ្យយើង​មាន​ភាព​កក់​ក្ដៅ​ថា នឹងមិនមានអ្វីកើតឡើង សម្រាប់អ្នកតំណាងរាស្ត្រ (បក្សប្រឆាំង)។ (...) យើងបានសម្រេចគ្នាថា ទាក់​ទង​នឹងសុវត្ថិភាពតំណាងរាស្ត្រ យើងមិនអាចទៅចូលរួមប្រជុំ ឬក៏ចុះមូលដ្ឋាន ក្នុងនាមជាអ្នក​តំណាង​រាស្ត្រ​បាន​ទេ ក្នុងរយៈពេលនេះ បើគ្មានការឆ្លើយតប ពីការការពារសុវត្ថិភាពច្បាស់លាស់។»

ករណីនេះ ត្រូវបានប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព ធ្វើការពន្យល់ទៀតថា ការ​ធ្វើពហិការនេះ រដ្ឋសភាក៏មិនអាចយក«លេស» ក្រោមបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា មកធ្វើការព្រមាន ឬ​គម្រាម ដល់ការធ្វើពហិកា របស់តំណាងរាស្រ្តទាំងនោះបានឡើយ ព្រោះនេះជាសិទ្ធិផ្លូវច្បាប់ របស់ពួកគាត់។ លោក យ៉ង់ គឹមអេង បាននិយាយថា៖ «បើការធ្វើពហិការ មិនមានមូលហេតុត្រឹមត្រូវ ការ​យកបទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភាមកអនុវត្តន៍ វាត្រឹមត្រូវហើយ»។

ផ្ទុយមកវិញលោក យ៉ង់ គឹមអេង បានបន្តថា បើរដ្ឋាភិបាលបានបង្ហាញ និងធានាបាននូវសុវត្ថិភាពពិតប្រាកដ ជាមួយនឹងការបង្ហាញ ពីយន្តការនានាយ៉ាងច្បាស់លាស់ នៃការការពារសន្តិសុខ និងសុវត្តិភាព នៃអ្នក​តំណាង​​រាស្រ្ត​​ទាំងនោះ ហើយបើពួកគាត់មិនចូលរួមទៀតនោះ ទើបអាចចាត់ទុកជាកំហុសមួយបាន។

លោកបានការធ្វើពហិការ ទាមទារ និងតវ៉ា នៃអ្នកតំណាងរាស្រ្តទាំងនោះ អាចនឹងធ្វើបានដោយ​គ្មាន​កំណត់​ពេល រហូតដល់មានការឆ្លើយតប និងមានកិច្ចអន្តរាគមយ៉ាងពិតប្រាកដ ពីរដ្ឋាភិបាល ហើយមិនមែន​និយាយ ត្រឹមតែមាត់នោះទេ ពោលគឺត្រូវតែមានឆ្លើយតប។ លោក គឹមអេង បានពន្យល់ថា៖ «រដ្ឋាភិបាលដែលមាន​កាតព្វកិច្ ចក្នុងការការពារសន្តិសុខ ជូនពលរដ្ឋទូទៅ ត្រូវតែមានការឆ្លើយតប ចំពោះបញ្ហាហ្នឹង។ វាជា​រឿង​មួយ ត្រូវតែមានការព្រួយបារម្ភ ព្រោះតែ(បាតុករ) វាយដល់របងសភាហើយ អត់មាន (មន្ត្រី) សន្តិសុខណា​ទៅ​អើពើ ទុកឲ្យបាតុករនោះវាយតាមចិត្ត។ (...) នេះជាបញ្ហា ដែលស្ថាប័នជាតិទាំងមូល អត់មានសន្តិសុខ ឬ​មាន​សន្តិសុខប្រចាំការ អត់បានយកចិត្តទុកដាក់ត្រឹមត្រូវ។ (...) ស្ថានភាព វាហាក់ដូចជា នៅមានការ​គម្រាម​កំហែង​ទេ ពួកគាត់(តំណាងរាស្រ្តបក្សប្រឆាំង) អាចនឹងបន្តធ្វើពហិការរហូត។»

«បើសិនជារដ្ឋាភិបាលមិនបានឆ្លើយតប មិនបានបង្ហាញនៅកិច្ចការពារអ្វីត្រឹមត្រូវ ប្រាកដប្រាជាទេ នោះ​ក៏​ជាការបង្ហាញ ពីភាពទន់ខ្សោយ របស់រដ្ឋាភិបាលដែរ។ ខ្ញុំគិតថា បើមានសំណើរនេះហើយ រដ្ឋាភិបាល​ត្រូវ​តែ​បង្ហាញ ពីកិច្ចប្រឹងប្រែង បង្ហាញពីសមត្ថភាពរបស់រដ្ឋាភិបាល ដែលអាចការពារ មិនឲ្យមានបញ្ហានេះ​កើត​ឡើង។ បើរដ្ឋាភិបាល បណ្តោយឲ្យមានការវាយដំច្រំធាក់ លើតំណាងរាស្រ្ត និងប្រជាពលរដ្ឋ ស្រេចតែអំពើ​ចិត្ត​នៃជនខិលខូច ឬក្រុមប្រថុចជនទាំងនោះ នោះទំនួលខុសត្រូវរបស់រដ្ឋ ក៏មិនមាន ហើយប្រទេស ក៏អាច​នឹង​មាន​ចលាចល។»

ជាការរំលឹកជូនដែរ ថាកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បាន«បញ្ជា»​ដល់អភិបាលរាជធានី ខេត្ត-ក្រុង ទាំងអស់ ឲ្យចាត់វិធានការការពារសន្តិសុខ សុវត្ថិភាពប្រជាពលរដ្ឋ អ្នក​ការ​ទូត ជាពិសេសឥស្សរជននយោបាយ គ្រប់និន្នការគណបក្ស។ នៅក្នុងសេក្ដីជូនដំណឹង របស់លោក ស ខេង បានឲ្យដឹងថា៖ «គណៈអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឱ្យបាន​ល្អ​ប្រសើរ ដើម្បីបង្កបរិយាកាស ដល់ការលើកម្ពស់លទ្ធិប្រជាធិបតេយ្យ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និង​ការ​រស់នៅរបស់ប្រជាពលរដ្ឋ។» សេចក្តីជូនដំណឹងដដែល បានសរសេរបន្តថា ការចេញបញ្ជានេះ ក៏​ដើម្បី​ចូល​រួម​ថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សង្គម សំដៅលើកស្ទួយ ការគោរពសិទ្ធិមនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា៕