ការ​បោះឆ្នោត​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ចម្រុះ​គ្នា

ការ​បោះឆ្នោត​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ចម្រុះ​គ្នា

កុមារ​​បាន​ចូលរួម​ជាមួយ​មនុស្ស​ពេញវ័យ​ដែល​គាំទ្រ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (NLD) ដែល​កំពុង​តែ​អបអរសាទ​ចំពោះ​លទ្ធ​ផល​ក្រៅ​ផ្លូវការ​ដែល​បាន​បិទផ្សាយ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស NLD ក្នុង​ទីក្រុង Yangon ប្រទេស​ភូមា កាលពីទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥។

ក្រុម​អ្នក​សង្កេត​ការអន្តរជាតិ​ក្នុង​ប្រទេស​ភូមា ​ផ្តល់​ការ​ចាប់​អារម្មណ៍​ចម្រុះ​គ្នា​លើ​ការ​បោះ​ឆ្នោត​ជា​ប្រវត្តិសាស្ត្រ​កាល​ពី​ថ្ងៃ​អាទិត្យ ​ខណៈ​ដែល​ការ​រាប់​សន្លឹក​ឆ្នោត​បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី២។

ដំណើរ​ការ​បោះ​ឆ្នោត​មាន​ភាព​ល្អ​ប្រសើរ​ជាង​ការ​រំពឹង​ទុក​របស់​មនុស្ស​ជា​ច្រើន​ដែល​បាន​ទស្សទាយនៅ​មុន​ការ​បោះ​ឆ្នោត។ នេះ​បើ​យោង​តាម​សម្តី​លោក ​Alexander Graf Lambsdorff ប្រធាន​បេសកកម្ម​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៃ​សហភាព​អឺរ៉ុប ថ្លែង​ក្នុងសន្និសីទ​កាសែត​មួយ​ក្នុង​ទីក្រុង​ Yangon ​នៅ​ថ្ងៃ​អង្គារ​នេះ។

មនុស្ស​ជាង​៣០​លាន​នាក់​បាន​ចេញ​ទៅ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ ​ដែល​ជា​ការ​បោះ​ឆ្នោត​ដោយ​សេរី​លើក​ទីមួយ ក្នុង​ប្រទេស​ដែល​កង​យោធា​ក្តាប់​អំណាច​អស់​ពេល​២៥​ឆ្នាំ។ លទ្ធផល​ផ្លូវការ​ដែល​ចេញ​ផ្សាយ​ដោយ​គណកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​បង្ហាញ​ថា​ គណបក្ស​ប្រឆាំង​គឺ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ មក​ទល់​នឹង​ពេល​នេះ បាន​ឈ្នះ​កៅអី​១២៦ ក្នុង​សភា​ជាន់​ទាប ខណៈ​ដែល​គណបក្ស​សាមគ្គី​អភិវឌ្ឍន៍​សហព័ន្ធ ដែល​គាំ​ទ្រ​ដោយ​ពួក​យោធា បាន​ឈ្នះ​តែ​៨​កៅ​អី​ប៉ុណ្ណោះ។

គណបក្ស​ NLD ​ដែល​ដឹកនាំ​ដោយជ័យ​លាភី​រង្វាន់​ណូបែល​សន្តិភាព​ អោងសាន ស៊ូជី (Aung San Suu Kyi) ​បាន​ប្រកាស​ជោគជ័យ​ភ្លូក​ទឹក​ភ្លូក​ដី​រួច​ជា​ស្រេច​ទៅ​ហើយ។ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ ទូរទស្សន៍​ប៊ីប៊ីស៊ី (BBC) ​នៅ​ថ្ងៃ​អង្គារ​នេះ លោកស្រី ​អោងសាន ស៊ូជី ​បាន​ថ្លែង​ថា​គណបក្ស​របស់​លោក​ស្រី​បាន​ឈ្នះ​កៅ​អី​ទាំង​អស់​ប្រហែល​៧៥​ភាគរយ៕