បុរស​ស្រវឹង​ខួប​ម្នាក់​រអិល​ជើង​ដួល​បោក​ក្បាល​ចំ​ខ្នោះ​អណ្ដូង​ស្លាប់

ខេត្តសៀមរាប ៖ បុរស​វ័យ​កណ្តាល​ស្រវឹង​ខួប​ម្នាក់​បាន​រអិល​ជើង​ដួល​បោក​ក្បាល​ចំ​​ខ្នោះអណ្ដូង​ស្លាប់​ភ្លាម​ៗ​កាល​វេលា​ម៉ោង​៥ និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្នុងភូមិ​គោក​ត្រាច ឃុំ​រើ​ល ស្រុក​ពួក ខេត្តសៀមរាប​។

លោក​វរសេនីយ៍ត្រី ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក បាន​ប្រាប់​ឲ្យ​ដឹង​ថា បុរស​ស្រវឹង​ខួប​ដែល​រអិល​ជើង​បោក​ក្បាល​ចំ​ខ្នោះ​អណ្ដូង​ស្លាប់​ដោយ​ខ្លួនឯង​នោះ​មានឈ្មោះ គឿ​ម សា​រ៉ា​យ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​/​ឃុំ​ខាងលើ ។ លោក​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ​លោក​បាន​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​ទៅ​ឃើញ​ថា មិនមែន​ជា​អំពើ​ឃាតកម្ម​អ្វី​នោះ​ទេ គឺជា​ករណី​ស្រវឹងស្រា ព្រោះ​ជន​រង​គ្រោះជា​អ្នក​ស្រវឹង​ខួប ទើប​បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់ តែ​មិន​បាន​ធ្លាក់​ចូល​ក្នុង​អណ្ដូង​នោះ​ទេ ។

បច្ចុប្បន្ន​ សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕