គោ​ឈ្មោល​១​ក្បាល​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ងាប់ ខណៈ​ពេល​ចុះ​ផឹកទឹក​ថ្លុក​ក្បែរ​បង្គោល​ភ្លើង

រាជធានី​ភ្នំពេញ ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​បន្ទាប់​ពី​គោ​ឈ្មោល​១​ក្បាលមាន​តម្លៃ​ជាង​៤​លាន​រៀល​ត្រូវ​បាន​ចរន្តអគ្គិសនី​ឆក់​ងាប់ ខណៈ​ពេល​ដែល​គោ​ឈ្មោល​នោះ​ចុះ​ទៅ​ផឹកទឹក​ថ្លុក​មួយ​ក្បែរ​បង្គោល​ភ្លើង ហើយ​នៅ​ពេល​ដែល​ម្ចាស់​ចូល​ទៅ​ចាប់​ទាញ​ពេល​ឃើញ​គោ​ដួល ក៏​ត្រូវ​បាន​ចរន្តអគ្គិសនី​ឆក់​ដែរ ប៉ុន្តែ​សំណាងល្អ​រើ​រួច​ចេញ​ផុត​ពី​កន្លែង​នោះ ទើប​មិន​បណ្ដាល​ឲ្យ​​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ត្រង់​ចំណុច​បង្គោល​ភ្លើង​លេខ P-១០៦ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ព្រៃ​ពពេល សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ម្ចាស់​គោ​ឈ្មោល​១​ក្បាល​នោះ​បាន​ឲ្យ​ដឹង​ថា គាត់​ឈ្មោះ ស៊ិ​ន សុង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ គោ​ដែល​បាន​ស្លាប់​នោះ​មាន​ទម្ងន់​ប្រមាណ​ជាង​១០០​គីឡូក្រាម ដែល​គាត់​ទើបនឹង​ទិញ​មក​ថ្មី​ៗ​ប៉ុណ្ណោះ​ដើម្បី​ប្រើ​ក្នុង​ការ​បង្កបង្កើន​ផល​ធ្វើស្រែ​ ក្នុង​តម្លៃ​៤,២០០,០០០​រៀល ។

ប្រភព​ពី​ម្ចាស់​គោ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ដេញគោ​ចេញពី​កន្លែង​ចង​ឲ្យ​ស៊ី​ស្មៅ​នៅ​វាលស្រែ​ខាងកើត​ភូមិ​ត្រឡប់​ទៅ​ផ្ទះវិញ នៅ​ពេល​នោះ​មាន​គោ​ទាំងអស់​ចំនួន​៩​ក្បាល ក្នុង​នោះ​មាន​ឈ្មោល​៦​ក្បាល និង​ញី​៣​ក្បាល ។ ប្រភព​ដដែល​បន្ត​ទៀត​​ថា នៅ​ពេល​ដេញគោ​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ គោ​ឈ្មោល​១​ក្បាល​នោះ​បាន​ចុះ​ទៅ​ផឹកទឹក​ថ្លុក​ក្បែរ​បង្គោល​ភ្លើង​នោះ ហើយ​ក៏​ត្រូវ​បាន​ចរន្តអគ្គិសនី​ឆក់​បណ្ដាល​ឲ្យ​ដួល​ដាំដូង​ក្បាល​ចូល​ទឹក ពេល​នោះ​កូនប្រុស​របស់​គាត់​បាន​ចូល​ទៅ​ចាប់​ទាញ​ក្រ​ឡុះ​គោ ព្រោះ​ស្មានថា​វា​ជាប់ផុង ប៉ុន្តែ​គ្រាន់តែ​ទៅ​ដល់​ស្រាប់តែ​ត្រូវ​បាន​ចរន្តអគ្គិសនី​ឆក់​ដែរ តែ​កូនប្រុស​គាត់​រើ​រួច និង​បាន​រត់​ចេញពី​ទីនោះ​ទើប​គ្មាន​គ្រោះថ្នាក់​ដល់​ជីវិត ចំណែកឯ​គោ​បាន​ងាប់ គួរ​ឲ្យ​សោកស្ដាយ​បំផុត ។

ក្រោយ​ពេល​កើតហេតុ ប៉ូលិស​ប៉ុស្ដិ៍​សំរោង​ក្រោម បាន​ចុះ​ទៅ​ពិនិត្យ​មើល និង​បាន​រាយការណ៍​ទៅ​កាន់​មន្ត្រី​អគ្គិសនី​ឲ្យ​បិទ​ចរន្ត​ភ្លើង​រួចរាល់​ទើប​ហ៊ាន​ចុះ​ទៅ​ទាញ​យក​គោ​ឡើងគោក​វិញ និង​លើកដាក់​លើ​កន្ទុយ​រ៉ឺ​ម៉ក​សណ្ដោង​តាម​ម៉ូតូ​ដឹក​យក​ទៅ​ផ្ទះ ។ ចំណែក​មន្ត្រី​អគ្គិសនី​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ពី​ស្ថានភាព​ជាក់ស្ដែង​នៅ​ចំណុច​បង្គោល​ភ្លើង​នោះ និង​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា អាច​មាន​ការ​ឆ្លង​ចរន្ត​តាម​ខ្សែការពារ​រន្ទះ​ដែល​កប់​នៅ​ក្នុង​ដី ប៉ុន្តែ​ជាក់ស្ដែង​បែប​ណា​នោះ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ព្រោះ​ទីនោះ​មានទឹក​ច្រើន​មិន​ទាន់​អាច​កាយ​មើល​បាន​នៅឡើយ ។

នេះ​ចាត់​ទុ​ថា​ជា​សំណាង​ផង​ដែរ ​ដែល​មិន​មាន​ក្មេង​ៗ​ចុះ​ទៅ​លេង​ទឹក​ថ្លុក​នោះ ប្រសិនបើ​មាន​វិញនឹង​ត្រូវ​មាន​អ្នក​ស្លាប់​ជាក់​ជា​មិន​ខាន​ឡើយ ៕