មុត សា​វ៉ៃ រកចំណូលបានកាកកប​​លើសពី ៥០% ក្រោយពី​ប្រឡង​ធ្លាក់ Cambodian Idol

Sanofi

​អតីត​បេ​ក្ខ​នារី​ក្នុង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក Cambodian Idol ដែល​រៀបចំឡើង​ដោយ​ទូរទស្សន៍ ហង្ស មាស ម៉ុ​ត សា​វ៉ៃ ត្រូវបាន​ទស្សនិកជន​ផ្តើម​ចាប់អារម្មណ៍ ហើយ​ហាក់​ទាញ​បាន​ប្រជាប្រិយភាព​យ៉ាង​ឆាប់រហ័ស បើទោះបីជា​នាង​មិនបាន​ឆ្លង​ផុត​វគ្គ Theater Round ជុំ​ទី​១ ក៏ដោយ ក៏​តាមរយៈ​ភាព​ក្រមិចក្រមើម កំប្លែង​ស្ងួត ដែលជា​ជំនាញ​ដ៏​ប៉ិនប្រសប់​របស់​នាង អាចឱ្យ​នាង​ទាញយក​ផលប្រយោជន៍​យ៉ាង​សមគួរ​ក្រោយពី​ការប្រឡង​នេះ​។​



​ក្រៅពី​មាន​ចំណង់​ចំណូលចិត្ត និង មាន​សំឡេង​ល្អ​ក្នុង​វិស័យ​សិល្បៈ សា​វ៉ៃ ក៏មាន​អាជីព​មួយទៀត​គឺ ជា​អ្នក​ថតរូប​ម្នាក់​ដែល​ប្រចាំការ​នៅឯ​រមនីយដ្ឋាន «​ភ្នំ​ប្រុស​ភ្នំ​ស្រី​» ដែល​អាជីព​មួយ​នេះ អាចជួយ​ឱ្យ សា​វ៉ៃ រក​ចំណូល​ដើម្បី​ផ្គត់ផ្គង់​ខ្លួនឯង និង គ្រួ​សារបាន​មួយកម្រិត​ធំ​ផងដែរ​។ ជួប​ជាមួយ «​ប្រជាប្រិយ​» កាលពីពេល​ថ្មីៗ​នេះ មុត សា​វ៉ៃ បានបញ្ជាក់​ឱ្យដឹងថា នាង​អាច​រកចំណូលបាន​ច្រើនជាង​មុន​រហូតដល់ ៥០% ពី​ការថតរូប​ក្រោយពី​ចូលរួម​ប្រឡង​នៅក្នុង​កម្មវិធី Cambodian Idol ។ សា​វ៉ៃ បញ្ជាក់ថា នៅពេលដែល​ភ្ញៀវ​ទៅ​ទស្សនា​រមនីយដ្ឋាន «​ភ្នំ​ប្រុស​ភ្នំ​ស្រី​» កន្លែង​ដែល​នាង​ប្រចាំ​ការថត​នោះ គឺ​ភ្ញៀវ​មួយចំនួនធំ​បាន​ស្គាល់​នាង ហើយ​ហៅ​នាង​ទៅ​ថត​ឱ្យ ហើយ​ខ្លះទៀត​ជួយឧបត្ថម្ភ​ជា​ថវិកា​ក៏មានដែរ​។ កន្លងមក​ក៏មាន​ជនជាតិខ្មែរ​នៅឯ​បរទេស ក៏បាន​ផ្ញើ​ជា​ថវិកា​ដល់ សា​វ៉ៃ ផងដែរ ព្រោះតែ​ការស្រឡាញ់​ចូលចិត្ត​មកលើ​រូបនាង​។​



​គួរបញ្ជាក់​ផងដែរ​ថា មុត សា​វ៉ៃ ក៏​ធ្លាប់បាន​ទម្លាយ​ឱ្យដឹងពី​ការចូល​ច្រៀង​នៅក្នុង​ផលិតកម្ម​ថ្មី​មួយ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ ហាក់ដូច​ជាមាន​ភាពស្ងប់ស្ងាត់​នៅឡើយ ចំពោះ​ទីផ្សារ​ចម្រៀង​របស់​នាង​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ​ក៏ សា​វ៉ៃ នៅតែមាន​សុ​ទុ​ដ្ឋិ​និយម​ចំពោះ​វិស័យ​សិល្បៈ ហើយ​ក្រៅពី​អាជីព​ជា​អ្នកចម្រៀង មុត សា​វ៉ៃ ក៏​សង្ឃឹមថា និង អាច​ក្លាយជា​តារា​កំប្លែង​មួយរូប​ផងដែរ បើសិនជា​ទស្សនិកជន​គាំទ្រ​នាង​៕ ភូមិន្ទ​



Related