កម្ពុជា​បណ្តេញ​ជនជាតិ​ចិន​ខុសច្បាប់​១៦៨​នាក់​ទៅ​ស្រុកកំណើត​វិញ​

​ជនជាតិ​ចិន​ចំនួន​១៦៨​នាក់ ត្រូវបាន​អាជ្ញាធរ​កម្ពុជា បញ្ជូនទៅ​ស្រុកកំណើត​វិញ នៅ​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា​នេះ​។ នោះ​បើតាម​បង្ហោះ​ព័ត៌មាន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ​។

​សមត្ថកិច្ចនៃអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បណ្ដេញ​ជនជាតិ​ចិន​ចំនួន ១៦៨​នាក់ (​ស្រី​១៩​នាក់​) ចេញពី​​កម្ពុជា តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ ដោយមាន​ការចូលរួម​សហការ​ជាមួយ​នគរបាល​ប្រទេស​ចិន​។ ការបញ្ជូន​ជនជាតិចិន​ទៅ​ស្រុ​កំណើត​នេះ ត្រូវបាន​ចែកចេញជា​ពីរ​ក្រុម​គឺ យន្តហោះ​ទី​១​ចេញ នៅ​២​ទៀបភ្លឺ និង​យន្តហោះ​ទី​២ ចេញ​នៅ​ម៉ោង​៥ ព្រឹក ។​

​បើតាម​ការលើកឡើងរ​ប​ស់លោក អ៊ុក ហៃ​សីលា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ជនជាតិ​ចិន​ទាំង ១៦៨​នាក់ បានជាប់​ពាក់ព័ន្ធ​ពីបទ​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​ទូរ​សព្ទ ហើយ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​សង្កាត់​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៥​។

​ប្រធាននាយកដ្ឋាន​រូបនេះ​បន្ថែមទៀតថា ជនល្មើស​ទាំងនេះ​រស់នៅ​ក្នុងផ្ទះ​វិឡា​១ និង​សណ្ឋាគារ​១ ដោយ​ទាក់ទង​គ្នា​តាម​ប្រព័ន្ធ​ទូរ​សព្ទ​ក្នុងការ​ចាប់ជំរិត​ ប៉ុន្តែ​ពួកគេ​មិន​ជំរិត​ជនជាតិខ្មែរ ឬ​ជនជាតិ​ណា​ផ្សេង​ឡើយ គឺ​ជំរិត​តែ​ជន​ជាតិចិន​ដូចគ្នា​ប៉ុណ្ណោះ​។ ក្រោយពី​ឃាត់ខ្លួន សមត្ថកិច្ច​ប្រមូលបាន​ទូរ​សព្ទ​លើ​តុ​ចំនួន​២០០​គ្រឿង និង​ទូរ​សព្ទ​ដៃ​ជាង​២០០​គ្រឿង​ទៀត​។

​សូមបញ្ជាក់ថា ជនអន្តោប្រវេសន៍​ខុសច្បាប់​សរុប​ចំនួន​ជិត​៣​ពាន​ក់នា​ក់ រួមមាន​៤៨​សញ្ចា​តិ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​បណ្តេញ​ចេញពី​កម្ពុជា ដោយ​គិត​ត្រឹម​ខែមករា ដល់​ខែតុលា ឆ្នាំ​២០១៥ ។ ក្នុងចំណោម​ជនអន្តោប្រវេសន៍​ទាំងនោះ មាន​ជនជាតិ​វៀតណាម​ប្រមាណ​ជាង​៩០​ភាគរយ​៕