លោក ថោង ខុន បញ្ជា​ឲ្យ​ដក​ចំណាត់ថ្នាក់​សណ្ឋាគារ​ផ្កាយ ៥ របស់​មន្ត្រីជាន់ខ្ពស់​ម្នាក់​

​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​បញ្ជា​មន្ត្រី​ខ្លួន​ឲ្យ​ដក​ចំណាត់ថ្នាក់ សណ្ឋាគារ​ផ្កាយ ៥ មួយកន្លែង ដោយសារ​លោក​ទទួលបាន​ពាក្យបណ្តឹង​ពី​ម្ចាស់​សណ្ឋាគារ ឯកជន​មួយចំនួន ពី​ការលក់​ទម្លាក់​តម្លៃ​ខុសពី​ស្តង់ដារ​សណ្ឋាគារ​ផ្កាយ​ប្រាំ​អន្តរជាតិ​។ យ៉ាងណា លោក មិនបាន​បញ្ជាក់​ពី​ឈ្មោះ​សណ្ឋាគារ ទីតាំង និង​ម្ចាស់​សណ្ឋាគារ​ដែល​លោក​អះអាងថា ជា​មន្ត្រីជាន់ខ្ពស់​ម្នាក់​នោះទេ​។​

​សូម​សំឡេង​លោក ថោង ខុន​៖

​ការលើកឡើង​នេះ ប្រព្រឹត្ត​ទៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​កំណែទម្រង់​រប​ស់​ក្រសួងទេសចរណ៍ រយៈពេល ០៩ ខែ​ដើមឆ្នាំ ២០១៥ និង​ទិសដៅ​អនុវត្ត​បន្ត នា​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ នៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។​

​បើតាម​សេចក្តីព្រាង​ផែនការ​កំណែទម្រង់​វិស័យ​ទេសចរណ៍​កម្ពុជា (២០១៥-២០១៨)  ក្រសួងទេសចរណ៍​បាននិងកំពុង​ការងារ​ចំណាត់ថ្នាក់​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ ឬ​ចំណាត់ថ្នាក់​សណ្ឋាគារ​ជាង ៣០​ភាគរយ​តែប៉ុណ្ណោះ ចំណោម​សណ្ឋាគារ​ដែលមាន​ការគ្រប់គ្រង​ច្បាស់លាស់​ចំនួន ៧៣៥ ទូទាំងប្រទេស​។ យ៉ាងណា រយៈពេល ៩​ខែ​ដើម ឆ្នាំ​២០១៥​នេះ ក្រសួង​បាន​ជំរុញ​ការធ្វើ​ចំណាត់ថ្នាក់​សណ្ឋាគារ​ស្នើសុំ​ថ្មី​ចំនួន ១៦​កន្លែង បន្ថែម លើ​ចំនួន ៨៣​កន្លែង ដែល​បាន​ស្នើសុំ​ចំណាត់ថ្នាក់​គិត​ត្រឹម​ឆ្នាំ ២០១៤​កន្លងមក​៕