ស្រុក​កែវ​សីមា និង​ស្រុក​អូរ​រាំងជា​គោលដៅ​របស់​ក្រុម​ឈ្មួញ​ធ្វើ​ជំនួញ​ឈើ​ទៅកាន់​វៀតណាម​បាន​យ៉ាង​រលូន ខណៈ​មេព្រៃ និង​សមត្ថកិច្ច​ចម្រុះ​ឈរ​ជាន់ជើងគ្នា​តាម​ប៉ុស្តិ៍ និង​តាម​ដងផ្លូវ​ជួយ​សម្រួល​?

​ខេត្តមណ្ឌលគិរី​៖ យោងតាម​សេចក្ដីរាយការណ៍​ពី​ពលរដ្ឋ​ដែល​រស់នៅ​ក្នុងស្រុក​អូររាំង និង​ស្រុក​កែវ​សីមា​បាន​ឲ្យ​ដឹងថា បទល្មើស​ព្រៃឈើ​បច្ចុប្បន្នកំពុង​កើតមាន​យ៉ាង​ពេញបន្ទុក​ក្នុងភូមិ​សាស្ត្រ​ស្រុក​ទាំងពីរ​នេះ ដោយសារ​វិធានការ​បង្ក្រាប​របស់​មន្ត្រី​ជំនាញ​លែងមាន​ប្រសិទ្ធិភាព​ទៅហើយ ព្រោះ​គេ​មើលឃើញ​បទល្មើស​ទាំងនោះ​បានប្រែក្លាយ​ជា​ឆ្នាំងបាយ​របស់​មន្ត្រី​ដែលមាន​ភារកិច្ច​បង្ក្រាប​ទៅវិញ​នោះ​។ ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ដែល​ម្នាក់ៗ​ដុះ​ស្លែ និង​ស្គាល់​ចិត្តថ្លើម​ជាមួយ​សមត្ថកិច្ច​នោះ​នៅតែ​បន្ត​បំផ្លាញ​ឈើ​ប្រណីត​ប្រភេទ​នាងនួន​ធ្នង់ បេង ស្ទើរ​អស់​ទៅ​ហើយពី​តំបន់​ព្រៃ​ការពារ​អភិរក្ស​ជីវចំរុះ​សីមា បញ្ហា​នោះ​ដោយសារតែ អ្នកប្រព្រឹត្ត​បទល្មើស​ឈើ​ប្រណីត និង​សមត្ថកិច្ច​មាន​សភាពរ​លូន​ទៅ​រលូន​មក និង​ហាក់ដូច​កំពុង​អនុវត្ត​គោលការណ៍ (​ឯង​ឲ្យ​អញ​! អញ​ឲ្យ​ឯង​!)​។

សេចក្ដីរាយការណ៍​បន្ត​ថា គេ​បានដាក់​ការសង្ស័យថា មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ដែលមាន​តួនាទី​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ នៅក្នុង​ភូមិសាស្ត្រ​នោះ ទំនង​បាន​ឃុបឃិត​គ្នា​ជាមួយ​ក្រុម​ឈ្មួញ ទាញយក​ផល​ប្រ​យ​ជន៍​ពី​ព្រៃឈើ​រក្សាទុក​នោះ​។ ប្រភព​បន្តថា គេ​មើលឃើញ​ក្នុង​មួយថ្ងៃៗ មានការ​ដឹកជញ្ជូន​ឈើ​ចេញទៅ​គ្រប់​ច្រកល្ហក​ក្នុង​មួយថ្ងៃៗ ដូច​ហ្វូង​ស្រមោច​ជញ្ជូន​ស្បៀង ។ ឈើ​ដែល​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​រៀងរាល់​នេះ គឺ​ពួកគេ​បាន​ចូល​អារ និង​ដឹក​ចេញ​មកពី​តំបន់​ព្រៃ​អភិរក្ស​ជ​វៈ​ចំរុះ​សីមា កាត់មុខ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា និង​បន្តទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ទ្វេភាគី​ឡា​បា​ខេ គ្រប់គ្រង​ដោយ​លោក​មេ​ប៉ុស្តិ៍ ហ៊​ន គា​សេង ដែល​សម្បូរ​បទល្មើស​ឆ្លងកាត់​ពេលយប់ និង​ច្រករបៀង​មួយចំនួនទៀត​ក្នុងស្រុក​កែវ​សីមា និង​ស្រុក​ស្នួល ខេត្តក្រចេះ ហើយ​មួយចំនួន​ឆ្ពោះទៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​បាន​យ៉ាង​រលូន​។

​ប្រភព​បន្តថា ស្រប​ពេលដែល​ការដឹកជញ្ជូន​ឈើ​ប្រណីត​បានធ្វើ​យ៉ាង​បើកចំហរ​បែបនេះ គេ​បាន​មើលឃើញថា បទល្មើស​ទាំងនោះ​បាន​ចរាចរណ៍​យ៉ាង​រលូន​ឆ្លងកាត់​សម​ត្ថិ​កិច្ច​គ្រប់​ជំនាញ​ស្ថាប័ន​រាប់មិនអស់ ដែល​បាន​បញ្ឈ​រថយន្ត​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៧៦ ទំនង​គ្រាន់តែ​ចាំ​គម្រាម​ឲ្យ​ឈ្មួញ​ឈើ​បង់លុយ​តែប៉ុណ្ណោះ ជាពិសេស​នោះ គឺ​បាន​ឆ្លងកាត់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា និង​ស្នាក់​ការអភិរក្ស​ជីវចំរុះ​សីមា ដែលមាន​មន្ត្រី​អាវុធហត្ថ​បានដាក់​ប៉ុស្តិ៍​យាមកាម​ដ៏​តឹងរឹង​បំផុត ប្រសិនបើ​មាន​ឆន្ទៈ​ចាប់​ឡាន​ដឹកឈើ​ល្មើស គឺ​មិនអាច​រត់​រួច​ឡើយ​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សម​ត្ថិ​កិច្ច​ពាក់ព័ន្ធ​សុទ្ធសឹង​មាន​បេសកកម្ម​ពីសា​មី​អង្គភាព​របស់ខ្លួន​បញ្ជា​ឲ្យ​ចុះមក​បង្ក្រាប តែ​ផ្ទុយទៅវិញ​ប្រជាពលរដ្ឋ​ចោទថា មក​ពង្រីក​ស្វែងរក​លាភសក្ការៈ ដែលជា​ការប្រព្រឹត្ត​អំពើពុករលួយ​ទៅវិញ​។

​សេចក្ដីរាយការណ៍​បានបញ្ជាក់​ទៀតថា ជាទូទៅ​គេ​ក៏​ធ្លាប់​បានឃើញ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បង្ក្រាប​បទល្មើស​ទាំងនោះ​ដែ​រ ប៉ុន្តែ​ចំណាត់ការ​ទៅលើ​ជំនួញ​ឈើ​ប្រណីត​ទាំងនេះ គឺ​បាន​ធ្វើឡើង​យូរៗ​ម្ដង​តែប៉ុណ្ណោះ​ហាក់ដូច​គ្រាន់តែ​គោះ​ត្រី​បង្អើល​ឲ្យ​ស៊ង​តែប៉ុណ្ណោះ​។ ការបង្ក្រាប​នោះ​ទៀត​ធ្វើឡើង​ជាមួយ​តែ​ក្រុម​បទល្មើស ដែល​លោតឆ័ត្រ​មិន​បង់លុយ ។ បច្ចុប្បន្ន​ក្រុម​ឈ្មួញ​ឈើ​ក៏បាន​រអ៊ូរទាំ​ផងដែរ ចំពោះ​ការរកស៊ី​ប្រចាំថ្ងៃ​របស់​ពួកគេ ដោយសារ​ការដឹកជញ្ជូន​ឈើ របស់​ពួកគេ បាន​តម្រូវ​បង់លុយ​ឲ្យ​មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ន​ទាំងអស់ មិនអាច​រំលង​បានទេ ប្រសិនបើ​មិន​បង់លុយ​ច្បាស់​ជា​សម​ត្ថិ​កិច្ច​បញ្ចេញ​ប្រតិកម្ម ចាប់​ទាំង​ឡាន ទាំង​ឈើ មិនអាច​រកស៊ី​បាន​នោះទេ ។​

​ពាក់ព័ន្ធនឹង​បញ្ហា​នេះ លោក រឿង សុផាត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​អូររាំង​-​ស្រុក​កែវ​សីមា យើង​មិនអាច​សុំ​ការបំភ្លឺ បានទេ ដោយ​លោក​និយាយថា លោក​រវល់​ប្រជុំ ហើយក៏​ចុច​បិទ​ទូរស័ព្ទ​តែម្ដង ។ ជាមួយគ្នានេះដែរ លោក មាគ​វុ​ឌ្ឍី ប្រធាន​គំរោង តំបន់​ព្រៃ​ការពារ​អភិរក្ស​ជីវៈចំរុះ​សីមា​បាន​ឲ្យ​ដឹងថា ក្នុង​តំបន់​លោក​គ្រប់គ្រង​មិនមាន​បទល្មើស​ព្រៃឈើ​កើតមាន​ដូច​ការ​ចោទ​ប្រ កាន់​របស់​ប្រជាពលរដ្ឋ​ឡើយ ហើយ​បទល្មើស​ព្រៃឈើ​ទាំងនេះ​លោក​ទទួលស្គាល់ថា អាច​កើតមាន​មែន ប៉ុន្តែ​ក្នុង​លក្ខណៈ​តិចតួច ដឹក​តាម​ម៉ូតូ ឬ​រថយន្ត​យូរៗ​ម្ដង ៕ ឦសាន​២ ​

KA-1-11-2015-22 ប៉ុស្តិ៍ប៉េអិម ប្រចាំព្រៃ​ការពារ​អភិរក្ស​ជីវៈចំរុះ​សីមា​ មិនបង្ក្រាបកូនឡានដឹកឈើគ្មានច្បាប់KA-10-11-2015-23 KA-10-11-2015-24 ប៉ុស្តិ៍ប៉េអិម ប្រចាំព្រៃ​ការពារ​អភិរក្ស​ជីវៈចំរុះ​សីមា​ (ពេលយប់)KA-10-11-2015-25 ឡានដឹកឈើឆ្លងកាត់ប៉ុស្តិ៍ប៉េអិម ប្រចាំព្រៃ​ការពារ​អភិរក្ស​ជីវៈចំរុះ​សីមា​(ពេលយប់)KA-10-11-2015-26 KA-10-11-2015-27 KA-10-11-2015-28 មន្ត្រីច្រក​ទ្វេភាគី​ឡា​បា​ខេ បើកកុងត្រូលពេលយប់ឲ្យឡានដឹកជញ្ជូនឆ្លងកាត់ពេលយប់KA-10-11-2015-29 KA-10-11-2015-30