តុលាការ​បដិសេធ​សំណើ​សុំ​ឲ្យ​ផ្អាក​សកម្មភាព​គណបក្ស​របស់​លោក ម៉ម សូណង់ដូ

អនុប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ប្រតិកម្ម​នឹង​ដីកា​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ បដិសេធ​នឹង​សំណើ​របស់​ខ្លួន​ដែល​ស្នើ​ឲ្យ​តុលាការ ចេញ​ដីកា​រក្សា​ការពារ​ផ្អាក​សកម្មភាព​នយោបាយ​របស់​គណបក្ស​នេះ ដឹក​នាំ​ដោយ លោក ម៉ម សូណង់ដូ។

អនុប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក​បណ្ឌិត ហ៊ាង ឫទ្ធី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១០ វិច្ឆិកា ថា ចៅក្រម​សាលា​ដំបូង លោក លី សុខឡេង បាន​ចេញ​ដីកា​សម្រេច​មួយ បដិសេធ​ចោល​នូវ​សំណើ​របស់​លោក ដែល​ស្នើ​ឲ្យ​តុលាការ​ចេញ​ដីកា​សម្រេច​រក្សា​ការពារ ដើម្បី​ហាម​ឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​ជា​បណ្ដោះ​អាសន្ន​របស់​គណបក្ស​លោក ក្រោម​ការ​ដឹក​នាំ​របស់ លោក ម៉ម សូណង់ដូ។

លោក​បណ្ឌិត ហ៊ាង ឫទ្ធី ថ្លែង​ថា ការ​សម្រេច​របស់​តុលាការ គឺ​បាន​បង្ហាញ​ពី​ភាព​មិន​ឯករាជ្យ មិន​យុត្តិធម៌ និង​មិន​សច្ចធម៌ ពីព្រោះ​រាល់​ការ​ស្នើសុំ​របស់​លោក គឺ​ស្រប​តាម​នីតិវិធី​ច្បាប់​ទាំងអស់។ លោក​បដិសេធ​មិន​ប្ដឹង​ឧទ្ធរណ៍​ជុំវិញ​រឿង​នេះ​បន្ត​ទៀត​នោះ​ទេ៖ «ខ្ញុំ​ដឹង​ថា តុលាការ​មិន​ឯករាជ្យ​បាត់​ទៅ​ហើយ។ ខ្ញុំ​មិន​ចាំបាច់​តវ៉ា​ប្ដឹង​ទៅ​ឧទ្ធរណ៍​លើ​ពាក្យ​ស្នើសុំ​ផ្អាក​សកម្មភាព​ទេ។ ខ្ញុំ​គ្រាន់​តែ​រង់ចាំ​លើ​អង្គ​សេចក្ដី​មួយ​ទៀត ថា​តើ​តុលាការ​ចំណាត់​ការ​បែប​ណា​ត​ទៅ​ទៀត? ចាំ​អ៊ុត​មើល​ដូច​អា​ប៉ោង​ចឹង។ វា​ស្រប​ទៅ​នឹង​អ្វី​ដែល លោក ម៉ម សូណង់ដូ បាន​លើក​នៅ​ក្នុង​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៤ លោក ម៉ម សូណង់ដូ ថា​ឲ្យ​វាយ​តែ​គណបក្ស​សង្គ្រោះ​ជាតិ មិន​វាយ​គណបក្ស​កាន់​អំណាច វា​ស្រប​នឹង​ពាក្យ​ក្បាច់​សាមកុក​គាត់​ហើយ។ បាន​ជា​ខ្ញុំ​ចង់​សុំ​រក​យុត្តិធម៌ ចង់​បក​ស្បែក​មុខ​អ្នក​ប្រជាធិបតេយ្យ​ក្លែងក្លាយ អំណាច​ផ្ដាច់​ការ ពុក​រលួយ វា​អត់​បាន​ជោគជ័យ​ទេ​ឥឡូវ​នេះ។ មាន​ន័យ​ថា គាត់​ជា​មនុស្ស​អាយ៉ង​របស់​គេ។ អ៊ីចឹង​បាន​តុលាការ​អត់​ចាត់​ការ​ទាំងអស់»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុខឡេង បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា។

ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ រង​ការ​ចោទ​ពី​អនុប្រធាន និង​អគ្គលេខាធិការ​បក្ស​ថា បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ប្រើ​អំណាច​ផ្ដាច់​ការ និង​ចាយ​វាយ​ថវិកា​បក្ស​គ្មាន​តម្លាភាព។ កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា ពួក​គេ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ ឲ្យ​រំលាយ ឬ​បិទ​គណបក្ស​ចោល ប៉ុន្តែ​ការ​ចោទ​ប្រកាន់​នេះ លោក ម៉ម សូណង់ដូ តែង​បដិសេធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។