សហជីព​កម្មករ​សម្រេច​បន្ត​រង់ចាំ​ចម្លើយ​ពី​ក្រសួង​ការងារ​ទាក់ទង​នឹង​អត្ថប្រយោជន៍​បន្ថែម

ក្រុម​សម្ព័ន្ធ​សហជីព​កម្មករ​ចំនួន​៩ ដែល​ថា​នឹង​ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជា​លើក​ទី​២ នៅ​ដើម​សប្ដាហ៍​នេះ ដើម្បី​ទាមទារ​អត្ថប្រយោជន៍​បន្ថែម ១៣​ចំណុច​សម្រាប់​កម្មករ សម្រេច​រង់ចាំ​ចម្លើយ​ជា​បន្ត​ទៀត។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១០ វិច្ឆិកា ថា មូលហេតុ​ដែល​នាំ​ឲ្យ​ខាង​លោក​បន្ត​រង់ចាំ​នេះ ក៏​ព្រោះ​តែ​ក្រុម​សហភាព និង​សម្ព័ន្ធ​សហជីព​កម្មករ​នៅ​ប្រជុំ​ពិភាក្សា​គ្នា​នៅ​ឡើយ អំពី​ការ​ទាមទារ​នេះ៖ «លិខិត​ហ្នឹង​អត់​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​ក្រសួង​ទេ ហើយ​សហជីព​កំពុង​ប្រជុំ​គ្នា​រក​យុទ្ធសាស្ត្រ ដើម្បី​ជំរុញ​ក្រសួង​រៀបចំ​ឲ្យ​មាន​ការ​ចរចា​នូវ​អត្ថប្រយោជន៍​ផ្សេងៗ និង​ប្រាក់​ឈ្នួល​សមរម្យ ហើយ​កំពុង​ធ្វើ​ការ​ជាមួយ​សហជីព​ក្នុង​ស្រុក​ខ្មែរ និង​អន្តរជាតិ ហើយ​យើង​ក៏​ចាំ​មើល​តើ​លិខិត​របស់​ក្រសួង​ហ្នឹង​មក​ឬ​អត់? បើ​មិន​មក​ទេ យើង​នឹង​ដាក់​លិខិត​ក្នុង​ពេល​ឆាប់ៗ ហ្នឹង​ជា​ការ​រំឭក​ដល់​ក្រសួង​ម្ដង​ទៀត»

កាល​ថ្ងៃ​ទី​៤ វិច្ឆិកា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ថ្លែង​ថា ក្រុម​សម្ព័ន្ធ​សហជីព អាច​នឹង​ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជា​លើក​ទី​២ នៅ​ដើម​សប្ដាហ៍​នេះ។ លោក ប៉ាវ ស៊ីណា បញ្ជាក់​ថា ការ​ដាក់​ញត្តិ​មួយ​លើក​ទៀត​នេះ គឺ​ជា​ការ​រំឭក​ដល់​ក្រសួង​ការងារ មុន​នឹង​ខាង​សហព័ន្ធ​សហជីព​ធ្វើ​យុទ្ធនាការ​ផ្សេងៗ៖ «ផុត​ពី​ហ្នឹង​បើ​អត់​ទេ យើង​នឹង​កោះ​ប្រជុំ​តំណាង​សហព័ន្ធ​សហជីព​ទាំងអស់ រួម​ទាំង​សមាជិក​សមាជិកា​សហព័ន្ធ​សហជីព​ហ្នឹង ដើម្បី​រៀបចំ​គម្រោង​ជួប​ជុំ​គ្នា​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​សំណើ​របស់​សហព័ន្ធ​សហជីព​របស់​យើង»

កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ក្រុម​សហព័ន្ធ​សហជីព​កម្មករ បាន​ដាក់​ញត្តិ​លើក​ទី​១ របស់​ខ្លួន​ទៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​ស្នើសុំ​ឲ្យ​មាន​ការ​ចរចា​ជាមួយ​ភាគី​និយោជក​អំពី​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ១៣​ចំណុច បន្ថែម​លើ​ប្រាក់​ឈ្នួល​គោល​របស់​កម្មករ ដែល​នឹង​ត្រូវ​ដំឡើង​ដល់​ចំនួន ១៤០​ដុល្លារ​នៅ​ខែ​មករា ឆ្នាំ​២០១៦។

លោក អាត់ ធន់ ឲ្យ​ដឹង​ថា ក្នុង​ចំណោម​អត្ថប្រយោជន៍​ផ្សេងៗ ១៣​ចំណុច​នោះ មាន​ជាអាទិ៍ គឺ​ស្នើសុំ​ឲ្យ​និយោជក​ផ្ដល់​អាហារ​ថ្ងៃ​ត្រង់​មួយ​ពេល​ដល់​កម្មករ ឬ​ផ្ដល់​ជា​ប្រាក់ ១​ដុល្លារ៖ «ចំណុច​ទី​ពីរ គឺ​យើង​ស្នើសុំ​ឲ្យ​និយោជក​ផ្ដល់​កន្លែង​ស្នាក់នៅ ឬ​ក៏​សោហ៊ុយ​ធ្វើ​ដំណើរ ប៉ុន្តែ​សោហ៊ុយ​ធ្វើ​ដំណើរ​នេះ គឺ​យើង​ស្នើ​ដល់ ១៥​ដុល្លារ ដើម្បី​ឲ្យ​ពួក​គេ​ជួល​ឡាន​ដែល​មាន​ផាសុកភាព ឬ​ធានា​បាន​សុវត្ថិភាព​បាន​ខ្ពស់​ជាង​មុន។ ចំណុច​ផ្សេង​ទៀត គឺ​យើង​ស្នើ​ឲ្យ​កើន​ឡើង ១២​ដុល្លារ​នេះ គឺ​ត្រូវ​បូក​បន្ថែម​ទៅ​លើ​កម្មករ​និយោជិក​ទាំងអស់ មាន​ន័យ​ថា ទាំង​អ្នក​បាន​ប្រាក់​ខែ ១៤០ ឬ​អ្នក​បាន ១៥០ ឬ ១៦០ ឬ ២០០ ក៏ដោយ ឲ្យ​តែ​កម្មករ​និយោជិក​នៅ​ក្នុង​រោងចក្រ​កាត់​ដេរ ត្រូវ​បង្កើន​ឲ្យ​គេ​បាន​ទាំងអស់​គ្នា»

ទាក់ទង​នឹង​ញត្តិ​ទាមទារ​អត្ថប្រយោជន៍​សម្រាប់​កម្មករ​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា បាន​ទេ នៅ​ថ្ងៃ​ទី​១០ វិច្ឆិកា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។