ប៉ូលិស​ស្រី​ស័​ក្ត​៤​ម្នាក់​ចូល​គំរាម​លោក គួ​ច ចំរើន និង​រក​ដក​កាំភ្លើង​បាញ់​មន្ត្រី​ដល់​ក្នុង​សាលា​ខណ្ឌដូនពេញ

រាជធានី​ភ្នំពេញ ៖ ប៉ូ​លី​ស​ស្រី​ស័ក្តិ​៤​ម្នាក់​បាន​ចូល​ទៅ​រករឿង និង​បាន​សម្លុត​គំរាម​បាញ់​មន្ត្រី​សាលា​ខណ្ឌដូនពេញ​ដល់​ក្នុង​បន្ទប់​របស់​លោក គួ​ច ចំរើន អភិបាល​ខណ្ឌ​ដូច​ពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ បន្ទាប់​ពី​ស្ត្រី​ប៉ូលិស​ស័ក្តិ​៤​លើ​ស្មា​រូប​នោះ​បាន​ទៅ​សុំ​អន្តរាគមន៍​យក​ម៉ូតូ​អត់​ស្លាក​លេខ​១​គ្រឿង​ដែល​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ចាប់​កាលពី​ប៉ុន្មាន​ថ្ងៃមុន នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក គួ​ច ចំរើន អភិបាល​ខណ្ឌដូនពេញ​តាម​ទូរស័ព្ទ​មុន​នេះ​បន្តិច​ ។

ស្ត្រី​ប៉ូលិស​ពាក់​ស័ក្តិ​៤​រូប​នោះ​មានឈ្មោះ ពុធ វុ​ទ្ឋី អត្តលេខ​១៨៩៤៨ ជា​មន្ត្រី​ប៉ូ​លិស​នៅ​ព​ន្ឋ​នា​គារ​ព្រៃ​ស ។

លោក គួ​ច ចំរើន អភិបាល​ខណ្ឌដូនពេញ បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​យប់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៥ ក​ម្លាំ​កងរាជអាវុធហត្ថ​ខណ្ឌ​ដូច​ពេញ​បាន​ធ្វើការ​ចាប់​ម៉ូតូ​អត់​ស្លាក​លេខ​១​គ្រឿង​នៅ​​ចំណុច​រង្វង់​មូល​កាំភ្លើង​កួច​កាណុង​ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូ​ន​ពេញ រហូត​មក​ដល់​ថ្ងៃ​ទី​១០ ខែ​វិ​ច្ជិ​កា ឆ្នាំ​២០១៥​នេះ បាន​លេច​ស្ត្រី​ម្នាក់​ជា​ប៉ូ​លិ​ស​ស័ក្តិ​៤​នៅ​ពន្ធ​ធនាគារ​ព្រៃសចេញ​មុខ​មក​សុំ​អន្តរាគមន៍​ឲ្យ​លោក​អភិបាល​ខណ្ឌ​ជួយ​សម្រួល​យក​ម៉ូតូ​ចេញ តែ​លោក​អភិបាល​ខណ្ឌដូនពេញ​មិន​ឯកភាព ព្រោះ​ម៉ូតូ​នេះ​លោក​សង្ស័យ​ថា ជា​ម៉ូតូ​មុខ​ស​ញ្ញា​ឆក់​កាបូប និង​ទូរស័ព្ទ​យ៉ាង​សកម្ម​ក្នុង​ខណ្ឌដូនពេញ ទើប​លោក​សុំ​ទុក​៣​ខែ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​សិន ជា​ហេតុ​ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​នោះ​ខឹង​លោក​អភិបាល​ខណ្ឌ​យ៉ាង​ខ្លាំង ហើយ​ពេល​នោះ​ស្រី​រូប​នោះ​បាន​ស្រែក​ឡូឡា​ពេញ​ក្នុង​បន្ទប់​លោក គួ​ច ចំរើន អភិបាល​ខណ្ឌ ក៏​ត្រូវ​មន្ត្រី​ក្នុង​សាលា​ខណ្ឌដូនពេញ​ដេញ​ឲ្យ​ចេញ​ក្រៅ ស្រាប់តែ​ស្ត្រី​ប៉ូ​លី​សរូប​នោះ​បាន​រក​ទាញ​កាបូប​ពី​បុរស​ម្នាក់ និង​បាន​ស្រែក​គំរាម​បាញ់​សម្លាប់ ទាំង​មន្ត្រី​សាលា​ខណ្ឌ និង​លោក​អភិបាល​ខណ្ឌ​ផ្ទាល់​តែ​ម្តង ហើយ​ក៏​បាន​ដើរ​ចេញ​បាត់​ទៅ ។

ជុំវិញ​ហេតុការណ៍​នេះ លោក គួ​ច ចំរើន អភិបាល​ខណ្ឌដូនពេញ ក៏​មិន​បាន​ប្រកាន់​ទោសពៃរ៍​ស្ត្រី​ប៉ូលិស​ស័ក្តិ​៤​ខាងលើ​នេះ​ដែល​បាន​ធ្វើ​សកម្មភាព​ដាក់​គាត់ និង​មន្ត្រី​សាលា​ខណ្ឌ​របស់​គាត់​ដែរ តែ​លោក​សូម​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​វិនិច្ឆ័យ​ទៅ​ចុះ ៕