WHO ប្រកាសថា គ្មានជំងឺអេបូឡា កើតឡើង នៅក្នុងប្រទេស សៀរ៉ា លេអុន ទៀតទេ

ហ្វ្រីថោន៖ អង្គការសុខភាពពិភពលោក (WHO)បានចេញសេចក្តី ប្រកាសជាផ្លូវការនៅថ្ងៃសៅរ៍ថា សម្រាប់ប្រទេសសៀរ៉ា លេអុន "គ្មានអេបូឡាទេ" ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥ថា លោក Anders Nordstrom អ្នកតំណាងឲ្យអង្គការសុខភាព ពិភពលោក ប្រចំានៅក្នុងប្រទេសសៀរ៉ា លេអុន បាន ធ្វើបទអត្ថាធិប្បាយមួយថា បន្ទាប់ពីរយៈពេល៤២ថ្ងៃ នៃការតាមដានយ៉ាងយកចិត្តទុកទៅលើ កំណត់ត្រានៃការផ្ទុះ ឡើងនូវវត្តមានវីរុសអេបូឡា នោះឃើញថា មិនមានអ្វីកើតឡើងទៀតឡើយ សម្រាប់ប្រទេសនៅក្នុងតំបន់អាហ្វ្រិកប៉ែកខាងលិចមួយនេះ ។

គួរបញ្ជាក់ថា សេចក្តីប្រកាសមួយនេះបានធ្វើឡើង ខណៈដែលមានវត្តមានលោក Ernest Bai Koromaប្រធានាធិបតី សៀរ៉ា លេអុន ដែលបានអញ្ជើញចូលរួមក្នុងសន្និសីទ នៃការស្ថាបនាមជ្ឈមណ្ឌលស្រាវ ជ្រាវចិន នៅក្រុងហ្វ្រីថោន និងមានការអញ្ជើញចូលរួមពីសំណាក់ តំណាងអង្គការសហប្រជាជាតិ រួមទាំងប្រតិភូមកពី បណ្តាប្រទេសនានាផងដែរ ។

លោកNordstrom បានបញ្ជាក់ថា "នេះជាប្រវត្តិសាស្ត្រមួយសម្រាប់ប្រទេសសៀរ៉ា លេអុន និង ពិភពលោកផងដែរ" ។

ចំណែកតំណាងអង្គការសហប្រជាជាតិ ក៏បានថ្លែងបញ្ជាក់ថា សៀរ៉ា លេអុន បាន "ស្ថាបនាប្រព័ន្ធ ការពារសុខភាព ដែលអាចជួយដល់ការទប់ស្កាត់រោគឆ្លង មួយចំនួនបាន ហើយទន្ទឹមគ្នានេះដែរ ក៏នៅតែបន្តធ្វើតេស្តរកអ្នកមានផ្ទុកវីរុសនេះដដែល" ។

គេបានដឹងថា ពលរដ្ឋសៀរ៉ា លេអុន ប្រមាណជិត៤ពាន់នាក់ ដែលបានបាត់បង់ជីវិតដោយសារជំងឺ អេបូឡា នាពេលកន្លងមក ហើយគេបានចាត់ទុកថា ប្រទេសមួយនេះមានអ្នកកើតជំងឺឆ្លងនេះ ខ្លាំងក្លា ជាងគេ និងបានផ្ទុះឡើងដំបូងគេផងដែរ ក្នុងចំណោមប្រទេសមួយចំនួននៅក្នុងតំបន់ ៕

WHO ប្រកាសថា គ្មានជំងឺអេបូឡា កើតឡើង នៅក្នុងប្រទេស សៀរ៉ា លេអុន ទៀតទេ