អ៊ុងសាន ស៊ូជី៖ ត្រូវឈ្នះដោយដាក់ខ្លួន និង ចាញ់ដោយក្លាហាន

រ៉ង់ហ្គូន៖ អំឡុងពេល នៃការទន្ទឹងរង់ចាំ លទ្ធផលឆ្នោត ជាផ្លូវការនោះ លោកស្រី អ៊ុងសាន ស៊ូជី ប្រធានគណបក្ស ប្រឆាំង NLD នៅមីយ៉ាន់ម៉ា បានថ្លែងចំពោះមុខអ្នកគាំទ្ររាប់រយនាក់ថា លោកស្រី សូមអំពាវនាវឲ្យបេក្ខជន តំណាងរាស្ត្រទាំងអស់ ទទួលយកនូវលទ្ធផល របស់ខ្លួន ក្រោយការបោះឆ្នោត ប្រកបដោយកិត្តិយស។

សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា នេះទៀតថា លោកស្រី ស៊ូជី បាន អំពាវនាវឲ្យបេក្ខជនទាំងអស់ ទទួលយកនូវលទ្ធផលបោះឆ្នោត ប្រកប ដោយសេចក្តីក្លាហាន និង ថ្លៃថ្នូរ។ លោក ស្រីថ្លែងដូច្នេះថា “ជោគជ័យ ឬ បរាជ័យ មិនមែន ជារឿងសំខាន់នោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺថាតើយើង គួរធ្វើដូចម្តេច នៅពេលដែល ចាញ់ ឬ ក៏ឈ្នះនោះ។”

លោកស្រីបន្ថែមទៀតថា អ្នកចាញ់គួរតែបង្ហាញភាពក្លាហាន ទទួលយការពិត ស្របពេល ដែល អ្នកឈ្នះ គួរតែ ប្រារព្ធនូវជោគជ័យរបស់ខ្លួនដោយការដាក់ខ្លួន។ វាគឺជាប្រជាធិបតេយ្យ ពិតប្រាកដ ដែលស្ត្រីវ័យ ៧០ម្នាក់នេះ ថ្លែងទៅកាន់ប្រជាជាតិទាំងមូល អំឡុងពេលនៃការ ទន្ទឹងរង់ចាំលទ្ធផលឆ្នោតយ៉ាងអន្ទះសារ៕

អ៊ុងសាន ស៊ូជី៖ ត្រូវឈ្នះដោយដាក់ខ្លួន និង ចាញ់ដោយក្លាហាន