នគរបាល​ខេត្តក្រចេះ​ជាង​២០០​នាក់​ទទួល​បានការ​ផ្សព្វផ្សាយ​ពី​សេចក្តីថ្លែងការណ៍ និងការ​អធិប្បាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​លើ​ផែនទី​ព្រំដែន​កម្ពុជា​-​វៀតណាម

ខេត្តក្រចេះ ៖ លោក​ឧត្តមសេនីយ៍ លន់ សុ​ផាត ស្នងការ​នគរបាល​ខេត្តក្រចេះ នៅរសៀល​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ២០១៥ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ប្រចាំ​ខែតុលា និង​លើក​ទិស​ដៅ​អនុវត្ត​បន្ត ព្រមទាំង​ផ្សព្វផ្សាយ​សេចក្តីថ្លែងការណ៍ និង​ការ​អធិប្បាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តី​ពី​ផែនទី​ព្រំដែន​រដ្ឋរវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។

ក្នុង​កិច្ចប្រជុំ​នោះ​ក៏​មានការ​ឡើង​អាន​នូវ​សេចក្តីថ្លែងការណ៍ ការ​អធិប្បាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ស្តី​ពី​ផែនទី​ព្រំដែន​រដ្ឋ​ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែលអាន​ដោយ​លោក​វរសេនីយ៍ឯក ប៊ិ​ត សា​វ៉ាង ស្នងការ​រង​ទទួល​ការងារ​ព្រំដែន និង​ក៏​មានការ​ផ្តល់​ជូន​នូវ​សេចក្តីថ្លែងការណ៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដល់​នាយ នាយ​រង​នគរបាលទាំង​អស់ ក្រោម​ការ​ផ្តល់​ជូន​ពី​សំណាក់​លោក​ឧត្តមសេនីយ៍​ស្នងការ​ផង​ដែរ ។

មាន​ប្រសាសន៍​លើក​ឡើង​ទៅ​កាន់​នាយ នាយ​រង​នគរបាល​ចំនួន​ជាង​២០០​នាក់​នៅ​ក្នុងកិច្ចប្រជុំ​ដែល​បាន​ធ្វើ​ឡើង​ពេញ​មួយ​រសៀល​នោះ លោក​ឧត្ត​មសេ​នីយ៍ លន់ សុ​ផាត ស្នងការ​នគរបាល​ខេត្ត បាន​ណែនាំ​ដល់​នាយ នាយ​រង​នគរបាល ត្រូវ​បន្ត​កិច្ច​ការងារ​តាម​តួនាទី​ភារកិច្ច​កុំ​ឲ្យ​មាន​ភាព​ចន្លោះ​ប្រហោង ។ បើ​ទោះបីជា​ស្ថានការណ៍​ទូទៅ​នៅ​ទូ​ទាំង​ខេត្ត​ក្នុង​ខែតុលា​កន្លង​ទៅ​បទល្មើស​ផ្សេង​ៗ​មានការ​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់​យ៉ាងណា​ក្តី ក៏​លោក​ឧត្តមសេនីយ៍ លន់ សុ​ផាត ស្នងការនគរបាល​ខេត្ត បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​មន្ត្រី​នគរបាល​ក្នុង​កិច្ច​ការងារ​ចុះ​យាមល្បាត កិច្ច​ការងារ​ការពារ​សន្តិសុខ​តាម​ទី​សាធារណៈ ទីប្រជុំជន និង​តំបន់​ដាច់​ស្រយាល ក្តាប់​លើ​មុខសញ្ញា​បទល្មើស​មួយ​ចំនួន​ដូច​ជា មុខសញ្ញា​លួច ឆក់ និង​បទល្មើស​គ្រឿងញៀន និង​បន្ត​ស្រាវ​ជ្រាវ​រាល់​បទល្មើស​ដែល​នៅ​សេសសល់ ដើម្បី​ធ្វើ​ប្រតិបត្តិការ​ចាប់​បង្ក្រាប ។

បន្ថែម​ពីលើ​នេះ លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​ជម្រុញ​ដល់​ស្នងការ​រង​ទទួល​កិច្ចការងារ​អត្តសញ្ញាណ​កម្ម​ ត្រូវ​ព​ន្លឿ​ន​ការ​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ខេត្ត​ឲ្យ​បាន​ឆាប់រហ័ស​ជូន​ពួក​គាត់​ទៅ​តាម​ផែនការ​របស់​ថ្នាក់លើ​ដែល​បាន​កំណត់​ជូន ៕