រៀបការ ១០ ឆ្នាំ គ្មាន​កូន តើ​ខ្ញុំ​គួរ​គិត​យ៉ាងណា ?

Sanofi

ខ្ញុំបាទ និង ភរិយា​រៀបការ​ជាមួយគ្នា​បាន ១០ ឆ្នាំ​មកហើយ ។ ជីវិត​គូស្រករ​របស់​យើង​រស់នៅ​ប្រកបដោយ​ក្តី​សុខ​សុភមង្គល​ល្អ​ណាស់ ពុំដែល​មាន​ផល​រមាស់​ល្អក់កករ​នឹង​គ្នា​បន្តិច​សោះឡើយ ។ ពុំមែន​មកពី​ខ្ញុំ​ជាម​នុស្ស​អស្ចារ្យ​អ្វី​នោះទេ ខ្ញុំ​ក៏​ជា​មនុស្ស​ធម្មតា​ដែលមាន​កំហឹង ការឈឺចាប់​ការ​ខក ចិត្ត ទុក្ខសោក ភ័យខ្លាច​ដូច​គេឯង​ដែរ ប៉ុន្តែ​អ្វីដែល​មាន​ឥទ្ធិពល​អាច​ញ៉ាំងឱ្យ​ជីវិត​គូស្រករ​របស់ខ្ញុំ​ភព​ប្រសព្វ​តែ​ជាមួយ​សុភ​ម​ង្គ​នោះ គឺ​ភរិយា​របស់ខ្ញុំ ដែលជា​នារី​ម្នាក់​ប្រកបទៅដោយ​គុណសម្បត្តិ​គ្រប់យ៉ាង ជាពិសេស​ទឹកចិត្ត​អត់ធ្មត់​របស់​នាង​នៅ​ចំពោះមុខ​គ្រប់​បញ្ហា ជាហេតុ​ធ្វើឱ្យ​រឿងរ៉ាវ​អាក្រក់​ទាំងឡាយ​តែង​ប្រែ​ក្លាយទៅជា​ល្អ​រហូតមក ។

​ជា​អកុសល មួយជីវិត​នេះ​ភរិយា​របស់ខ្ញុំ​មិនអាច​មានកូន​បានទេ ព្រោះ ស្បូន​របស់​នាង​មាន​បញ្ហា ទោះជា​គ្រូពេទ្យ​ពូកែ​យ៉ាងណា​ក៏​ពុំ​អាចជួយ​សម្រេច​បំណង​ពួកយើង​ឱ្យមាន​បុត្រ​ស្នង​ត្រកូល​បានដែរ ។ មិន​ថា​ចំពោះតែ​មិត្តភក្តិ សាច់ញាតិ​បងប្អូន​សូម្បីតែ​ឪពុកម្តាយ​របស់ខ្ញុំ​បង្កើត​ក៏បានផ្តល់​យោបល់​ឱ្យ​ខ្ញុំ​រកប្រពន្ធ​មួយទៀត​ដើម្បី​មាន​បុត្រ​ស្នង​ត្រកូល ។ ឪពុកម្តាយ​របស់ខ្ញុំ​ស្រឡាញ់​ភរិយា​ខ្ញុំ​ដូច​កូនបង្កើត តែ​ការចង់បាន​ចៅ​ត​វង្ស​ត្រកូល​គឺមាន​ភាព​សំខាន់​ជាង​ក្តី​ស្រឡាញ់​ដែល​ពួកគាត់​មាន​ចំពោះ​នាង​ទៅទៀត ។​

រាល់​យោបល់​នេះ​បានក្លាយ​ទៅជា​បញ្ហា​មួយ​យ៉ាង​តឹងតែង​បំផុត​សម្រាប់​ខ្ញុំ ធ្វើឱ្យ​ខ្ញុំ​ក្លាយទៅជា​មនុស្ស​ផឹកស្រា​ដែល​តែង​គេចវេះ​កន្លងមក ។ ខ្ញុំ​ចង់​មានកូន​មានគ្រួសារ​មួយ​ពេញលេញ​ដូច​គ្រួសារ​ដទៃ តែ​បែរជា​គ្មាន​ភ័ព្វវាសនា ។ ខ្ញុំ​ចង់​សុំ​លែងលះ​ប្រពន្ធ ហើយ​ទៅរក​ប្រពន្ធ​ថ្មី​មួយទៀត តែ​ខ្ញុំ​ពុំមាន​សេចក្តីក្លាហាន​គ្រប់គ្រាន់​នឹង​ហាមាត់​ស្តី​សុំ​នាង​លែងលះ​ឡើយ ព្រោះ​អំពើ​ល្អ​របស់​នាង​ដែលមាន​ចំពោះ​ខ្ញុំ​មាន​ច្រើន​លើសលប់ ហើយ​ហូរហៀរ​ទៅដល់​គ្រួសារ​ខ្ញុំ​ទៀតផង ។

ខ្ញុំ​បាន​រៀន​ចប់​មហាវិទ្យាល័យ និង បាន​រៀន​បន្ត​ដល់ ថ្នាក់អនុបណ្ឌិត​មានការ​ងារ​ល្អ​ធ្វើ​ទទួលបាន​ប្រាក់ខែ​ខ្ពស់ គឺ​បានមកពី​កម្លាំង ញើស​ឈាម​របស់​នាង​ទាំងអស់ ដែល​តស៊ូ​លក់​ផ្លែឈើ​តាំងពីព្រឹក​ព្រលឹម រហូតដល់​យប់​មិនដែល​ឮ​សូម្បី​តែមួយ​ម៉ាត់​នូវ​ពាក្យ​ថា​ហត់ ។​ ​ប្រឈមមុខ​ជាមួយ​ស្ថានភាព​បែបនេះ ខ្ញុំ​ចង់​សួរថា តើ​ខ្ញុំ​គួរ​ធ្វើ​យាង​ណា ចំពោះ​រឿងនេះ ព្រោះ​កូន​ក៏​ខ្ញុំ​ចង់បាន ហើយ​ភរិយា​ក៏​ខ្ញុំ​មិនអាច​លែងលះ​បានដែរ ? ខ្ញុំ​មានគំនិត​យក​ក្មេង​កំព្រា​មក​ចិញ្ចឹម​ដែរ តែ​ឪពុកម្តាយ​របស់ខ្ញុំ​មិន​គាំទ្រ ដោយហេតុថា​មិនមែនជា​សាច់ឈាម​បង្កើត​វា​ពិបាក​នឹង​ទទួលយក ។​

​ជូន​ចំពោះ​អ្នកមាន​វិបត្តិ​

​នៅលើ​ពិភពលោក​នេះ​ពុំមែន​មានតែ​លោក​ទេ​ដែលមាន​វិបត្តិ​គ្រួសារ​រៀបការ​ហើយ​ពុំ​មានកូន​សម្រាប់​ស្នង​ត្រកូល គឺមាន​ច្រើនណាស់ ហើយ ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ បើ​ធ្ងន់ធ្ងរ​គឺ​ការចែក​ផ្លូវ​គ្នា​ដែលជា​ជម្រើស​ចុងក្រោយ​នៃ​ជីវិត​អាពាហ៍ពិពាហ៍​មួយ​ដែល​គ្មាន​ផ្លែផ្កា ។ ស្តាប់​តាមន័យ សម្តី​របស់លោក​ការ​លែងលះ​ពុំមែន​ជាម​ធ្យោ​លបាយ​ល្អ​សម្រាប់​ឆាកជីវិត​របស់ខ្លួន​ឡើយ ព្រោះ​បើ​លោក​ចែកផ្លូវ​ជាមួយ​ភរិយា​ទៅ​រៀបការ​ជាមួយ ដៃគូ​ថ្មី​ហើយ​មានកូន​ជា​ចំណងដៃ​ក៏​មិន​ប្រាកដថា​ជីវិត​របស់លោក​នឹង​រស់​នៅមាន​សុភមង្គល​ដែរ ។

លោក​អាច​នឹង​រស់នៅ​ជាមួយ​វិប្បដិសារៈ​ដោយ ហេតុថា​ភាព​អត់ធ្មត់​ការលះបង់​របស់​ភរិយា​លោក​មកលើ​លោក​ពិតជា​ធ្ងន់​ពិបាក​នឹង​ថ្លឹង​ណាស់ ជាពិសេស​ទឹកចិត្ត​ដ៏​ល្អ​របស់​នាង​ចំពោះ​លោក​ពិត​ជាមាន​ជម្រៅ​ជ្រៅ​ជាង​មហាសមុទ្រ​ទៅទៀត ដែល​ទាមទារ​ឱ្យ​លោក​មិន អាច​ទៅ​ចោល​នាង​បាន​ទោះ​ស្ថិតក្នុង​រូបភាព​ណាក៏ដោយ ។ «​ប្រជាប្រិយ​»​សូម​ជូន​យោបល់​ចំពោះ​លោក​ថា ទោះយ៉ាងណា​កុំ​ជ្រើស​រើសយក​ផ្លូវ​លែងលះ​ឱ្យសោះ វា​ពិតជា​អយុត្តិធម៌​ចំពោះ​នាង​ខ្លាំង ណាស់ ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត​ដើម្បី​លោក​ប្រាថ្នា​ទទួលបាន​សុភមង្គល តែ​បែរជា​ត្រូវ​ទទួលលទ្ធផល​និរាស​ព្រាត់ប្រាស​គ្នា​ដែល​កើតចេញពី​ការសម្រេចចិត្ត​របស់លោក​ទៅវិញ ។

«​ប្រជាប្រិយ​»​សូម​គាំទ្រ​លោក​ក្នុង​ការយក​កូនកំព្រា​ម​ក​ចិញ្ចឹម​ធ្វើជា​កូន ព្រោះ​ទង្វើ​នេះ​មិន​ត្រឹមតែ​ធ្វើឱ្យ​លោក និង ភរិយា​រក្សាបាន​នូវ​ភាព​ជួបជុំគ្នា​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​ស្រែបុណ្យ​មួយ​ដ៏​ធំធេង ដែល​កើតចេញពី​អំពើ​ជា​កុសល​របស់លោក រួមចំណែក​ជួយសង្គ្រោះ​ជីវិត​ក្មេង​កំព្រា​ម្នាក់​នៅក្នុង​សង្គម​ដែលជា​ជីវិត​កំពុង​ត្រូវការ​ការស្រឡាញ់​ថ្នាក់ថ្នម និង សន្តោស​ប្រណី​ដើម្បី​បន្តជីវិត​រស់នៅក្នុង​លោក​នេះ​តទៅទៀត ។

ការស្រឡាញ់​បីបាច់​ថែរក្សា​ផ្តល់​ការអប់រំ​កូនកំព្រា​នោះ​នឹង​ក្លាយជា​កូន​ល្អ​រីឯ​ទឹកចិត្ត​រើសអើង​ចំពោះ​កូនកំព្រា​ដែល​ឪពុក ម្តាយ​លោក​ធ្លាប់​គិត​នោះ​នឹងត្រូវ​រលាយបាត់​អស់​ជំនួស​មកវិញ​ដោយ​ទឹកចិត្ត​ស្រឡាញ់​អាណិត អាសូរ មេត្តា ករុណា ច្រើនជាង​អ្វីដែល​លោក​រំពឹង ទុក​ទៀតផង ។ «​ប្រជាប្រិយ​»​ក៏​ចង់​បញ្ជាក់ប្រាប់​លោក​ផងដែរ​ថា នៅលើ​លោក​នេះ​មាន​ស្វាមីភរិយា​ជាច្រើន​ដែល​យក​កូនកំព្រា​មក​ចិញ្ចឹម​ធ្វើជា​កូន​ក្នុងនោះ​មាន​ទាំង​សេដ្ឋី សិល្បករ កីឡាករ ជាដើម ។ «​ប្រជាប្រិយ​»​សូម​ជូនពរ​លោក និង ភរិយា​ជួបប្រទះ​តែ​សុភមង្គល​ជា រៀងរហូត សូម​មានកូន​ឆាប់ៗ​ដូច​បំណង ៕

Related