ម៉ូតូ​ប៉ះ​ម៉ូតូ​នៅ​ព្រៃ​នប់ ស្លាប់​ម្នាក់​របួស​ម្នាក់


ហេតុការណ៍គ្រោះចរាចរណ៍ ដ៏រន្ធត់មួយ បានកើតឡើង ទាំងព្រឹកព្រលឹម នៅខេត្តព្រះសីហនុ និង​បាន​ផ្តាច់​យក​ជីវិត​បុរស​ម្នាក់ ពេល​ដែល​ជិះ​ម៉ូតូឆ្លង​ថ្នល់។
ម៉ូតូ​ប៉ះ​ម៉ូតូ​នៅ​ព្រៃ​នប់ ស្លាប់​ម្នាក់​របួស​ម្នាក់

ទិដ្ឋភាពនៅកន្លែង ដែលមានគ្រោះថ្នាក់ចរាចរណ៍ និងជនរងគ្រោះ។ (រូបថតហ្វេសប៊ុក)

បុរសម្នាក់បានស្លាប់ និងម្នាក់ទៀត បានរងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនិងម៉ូតូ នៅចំណុច​មុខ​វិទ្យាល័យ ហ៊ុនសែនវាលរេញ តាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៨០-១៨១ ស្ថិតក្នុង​ភូមិ​វាល​មាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង៥ និង ០០នាទី​ព្រឹក។

ទំព័រហ្វេសប៊ុក របស់«ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ» បានឲ្យដឹងថា មុនពេលកើតហេតុ បុរស​រង​គ្រោះដែលបានស្លាប់ បានជិះម៉ូតូ នៅតាមបណ្តោយផ្លូវជាតិលេខ៤។ លុះមកដល់កន្លែងកើតហេតុ ខាងលើ ក៏បើកឆ្លងថ្នល់ ពីកើតទៅលិច។ ខណះនោះមានម៉ូតូមួយគ្រឿង បើកក្នុងទិសដៅ ពីខេត្តព្រះសីហនុ​ទៅ​រាជធានី​ភ្នំពេញ បានមកបុកពេញមួយទំហឹង បណ្តាលឲ្យជនរងគ្រោះស្លាប់ នៅនឹងកន្លែង ចំណែកបុរសម្នាក់ ដែល​បើក​ម៉ូតូម្ខាងទៀត បានរងរបួសធ្ងន់។

ជនរងគ្រោះដែលស្លាប់ មានឈ្មោះ ឡេង ហ៊ី អាយុ ៧៣ឆ្នាំ ជិះម៉ូតូប្រភេទ វ៉េវ ពណ៍កាប់ស្តាំង គ្មាន​ផ្លាកលេខ មានទីលំនៅ ក្នុងភូមិឃុំកើតហេតុខាងលើ។ រីឯបុរស ដែលរងរបូសធ្ងន់ មានឈ្មោះ សេង សំអឿន អាយុ ៤៩ឆ្នាំ ជិះម៉ូតូប្រភេទ វ៉េវឆ្លាម ពណ៍ខ្មៅ មានទីលំនៅភូមិវាលធំ ឃុំវាលរេញ ខេត្ត​ព្រះ​សីហនុ។ ក្រោយពេល​កើតហេតុ បុរសរងរបួស ត្រូវបានបញ្ជូនទៅព្យាបាល នៅគ្លីនិកឯកជន លិគីមឌីវាលរេញ។

បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងម៉ូតូទាំងពីរ ត្រូវ​បានរក្សារទុក ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុក ព្រៃនប់ ដើម្បីរងចាំការដោះស្រាយ នៅ​ពេល​ក្រោយ៕