គ្រូ Lee ​ថា Booysen ​ល្អ​ខ្លាំង​ណាស់ តែ​រឿង​ចូល​ជម្រើស​ជាតិ​គឺ​ថា…


គ្រូ Lee ​ថា Booysen ​ល្អ​ខ្លាំង​ណាស់ តែ​រឿង​ចូល​ជម្រើស​ជាតិ​គឺ​ថា…

អ្នក​គាំទ្រ​វិស័យ​បាល់​ទាត់​កម្ពុជា​កំពុង​តែ​វែកញែក​គ្នា​យ៉ាង​ខ្លាំង​ចំពោះ​រឿង​ដែល​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្វ្រិក​ខាង​ត្បូង Shane Booysen ​ចង់​ចូល​លេង​ឱ្យ​ជម្រើស​ជាតិ​កម្ពុជា ដោយសារអ្នក​ខ្លះ​ថា​ស្រួល​ចូលទេ តែ​អ្នក​ខ្លះ​ទៀត​ថា​ពិបាក​​តែ​បើ​ចូល​បាន​គឺ​ល្អ។ ខណៈ​ដែល​រឿង​នេះ លោក Lee Tae Hoon ​បាន​បញ្ជាក់​ដែរ​ថា​កីឡាករ​ក្លិប​ភ្នំពេញ​ក្រោន​រូប​នេះ​ល្អ​ខ្លាំង តែ​ចូល​ជម្រើស​ជាតិ​គឺ​ថា​ពិបាក​បន្តិច។

 

គ្រូ Lee ​ថា Booysen ​ល្អ​ខ្លាំង​ណាស់ តែ​រឿង​ចូល​ជម្រើស​ជាតិ​គឺ​ថា…

 

ជួប​គ្នា​ជាមួយ Sabay ​លោក Lee ​បាន​និយាយ​ចំពោះ​រឿង Booysen ​ថា​៖”ខ្ញុំ​អត់​ដែល​ឮ​គាត់​និយាយ​សោះ ហើយ​ក៏​អត់​ដែល​គិត​ដល់​រឿង​នេះ​ដែរ… គាត់​លេង​ល្អ​ណាស់ ប៉ុន្តែ​យើង​ត្រូវ​ពិភាក្សា​គ្នា​សិន ហើយ​ពិនិត្យ​ម្ដង​ទៀត​ពី​អាកប្បកិរិយា​របស់​គាត់ និង​ទម្រង់​លេង​ឱ្យ​ច្បាស់។ តែ​ជា​ធម្មតា យក​កីឡាករ​ក្នុង​ស្រុក វា​ប្រសើរ​ជាង​ទិញ​កីឡាករ​បរទេស​មក​រួម​ក្រុម”។

 

យ៉ាង​ណា​មិញ​រឿង​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ខាង​លើ​ចង់​ចូល​លេង​ឱ្យ​ជម្រើស​ជាតិ​កម្ពុជា​នេះ មាន​អ្នក​គាំទ្រ​ជា​ច្រើន​សាទរ​ចំពោះ​ទឹក​ចិត្ត​ចង់​ជួយ​ខ្មែរ​របស់​កីឡាករ​បរទេស​រូប​នេះ បើ​ទោះ​បី​ជា​មិន​អាច​សម្រេច​ដូច​បំណង​របស់​គេ​ឬ​យ៉ាង​ណា​​ក៏​ដោយ។

 

ងាក​ទៅ​មើល​ទម្រង់​លេង​របស់​កីឡាករ​ដែល​ក្លិប​ភ្នំពេញ​ក្រោន​ទើប​តែ​ទិញ​ពី​ប្រទេស​ថៃ​មក​នេះ គិត​ត្រឹម​ពេល​បច្ចុប្បន្ន​រូប​គេ​បាន​ជួយ​ក្រុម​ការពារ​តំណែង​ជើង​ឯក​បាន​ច្រើន ដោយ​អាច​រក​គ្រាប់​បាល់​បាន​២៣​គ្រាប់ ហើយ​ជួយ​ក្រុម​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។

 

ខ្សែ​ប្រយុទ្ធ​មាឌ​ល្អិត ល្បឿន​លឿន​រូប​នេះ​ស្រលាញ់​អ្នក​គាំទ្រ​នៅ​កម្ពុជា​ណាស់ ដោយ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​ ជា​ពិសេស​លេង​ទល់​ Cambodain Tiger ​រូប​គេ​លេង​ទាំង​មាន​របួស​ជើង​តិច​ៗ​ទេ តែ​ដោយសារ​តែ​ចិត្ត​ចង់​បង្ហាញ​ឱ្យ​អ្នក​គាំទ្រ​ឃើញ​គេ​លេង​ទើប​ទ្រាំ​លេង​រហូត​ដល់​ចប់​ការ​ប្រកួត៕

 

​អត្ថបទ៖ មុន្នី រម្យ