រៀង​រាល់​ព្រឹក​ យុវវ័យ​មិន​អាច​ខ្វះ​ម៉ោង​រោទ៍​បាន

រៀង​រាល់​ព្រឹក​ យុវវ័យ​មិន​អាច​ខ្វះ​ម៉ោង​រោទ៍​បាន

ម៉ោង​រោទ៍​ជា​ឧបករណ៍​ពិសេស​មួយ​ ដែល​មាន​តួនាទី​ចាំ​ដាស់​តឿន​ម្ចាស់​អោយ​ភ្ញាក់​ពី​ដំណេក​ រហូត​ដល់​មាន​យុវវ័យ​​មួយ​ចំនួន​ ប្រាប់​ថា​មិន​អាច​ខ្វះ​ម៉ោង​រោទ៍​បាន។

 

 

កញ្ញា​គិត​ កណ្ណិកា​និស្សិត​មក​ពី​ សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បាន​ប្រាប់​ឱ្យ​ដឹង​ថា​នាង​ដាក់​ម៉ោង​រោទ៍​ម៉ោង ប្រាំ​កន្លះ​រៀង​រាល់​ព្រឹក។​ កណ្ណិកា​ថ្លែង​ថា​ «បើ​ហ៊ាន​តែ​ភ្លេច ដឹង​តែ​ងើប​មិន​ទាន់​ហើយ​ទៅ​រៀន​យឺត​មិន​ខាន​ ព្រោះ​សាលា​ឆ្ងាយ​ផង!»។

 

ម៉ោង​រោទ៍​ពិត​ជា​សំខាន់​ ដើម្បី​ដាស់​​​កញ្ញា​ឱ្យ​ភ្ញាក់​ឡើង​ក្រោក​ទៅ​រៀន​ ឬ​ ធ្វើ​អ្វី​មួយ​តាម​ការ​គ្រោង​ទុក​​ ព្រោះ​ជួន​កាល​រវល់​ធ្វើ​អ្វី​មួយ​ដល់​យប់​ជ្រៅ នឹង​ភ្ញាក់​ខក​​ខាន​ការ​រៀន​សូត្រ​ ការ​ប្រឡង​ និង ការងារ​ជា​ដើម។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ប្រភព​ដដែល។

 

ងាក​មក​ យុវជន​លឹម​ រស្មី​ម្ចាស់​និទ្ទេស A វិញ​ប្រាប់​ថា​រូប​គេ​ដាក់​ម៉ោង​រោទ៍​ក្នុង​ទូរសព្ទ​ដៃ​ ម៉ោង​៦​រៀង​រាល់​ព្រឹក​​ បើ​ភ្លេច​មួយ​ថ្ងៃ​គេ​នឹង​ក្រោក​ទៅ​រៀន​យឺត​​ ប៉ុន្តែ​រស្មី បាន​លើក​ឡើង​ថា​ទោះ​បី​ជា​ភ្លេច​ដាក់​មួយ​យប់​ក៏​គេ​ ភ្ញាក់​យឺត​​តែ​ ២០ នាទី​ដែរ។ «ការ​ពិត​ទៅ​​ម៉ោង​រោទ៍​វា​សំខាន់​ណាស់​ ប៉ុន្តែ​មាន​អ្នក​ខ្លះ​បែរ​ជា​ស្អប់​ម៉ោង​រោទ៍​ទៅ​វិញ!»។ រស្មី​លើក​ឡើង​ដូច្នេះ។

 

 

រៀង​រាល់​ព្រឹក​  យុវវ័យ​មិន​អាច​ខ្វះ​ម៉ោង​រោទ៍​បាន

(រូបតំណាង)

 

 

ស្រដៀង​គ្នា​នេះ​ដែរ​ កញ្ញា​ បាន ចរណៃ​និស្សិត​នៅ​​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះ​កុសុមៈ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​​ នាង​មិន​អាច​ខ្វះ​ម៉ោង​រោទ៍​បាន​ទេ និង ​ទទួល​ស្គាល់​ថា​វា​ជា​ផ្នែក​មួយ​ក្នុង​ជីវិត​រស់នៅ​​ប្រចាំ​ថ្ងៃ​ ព្រោះ​នៅ​ភ្នំពេញ​គ្មាន​ មាន់​រងាវ​ដែល​ចាំ​ដាស់​រៀង​រាល់​ព្រឹក​ទេ។ ប៉ុន្តែ​ចរណៃ​នៅ​តែ​ទទួល​ស្គាល់​ថា​ សំឡេង​ម៉ោង​រោទ៍​ពិត​ជា​គួរ​ឱ្យ​ធុញ​ទ្រាន់​។ កញ្ញា​និយាយ​ថា «​ទោះ​បី​ជា​ខំ​ដាក់​ចម្រៀង​ដែល​ខ្លួន​ឯង​ស្រឡាញ់​ប៉ុណ្ណា​ ឱ្យ​តែ​បាន​ឮ​ព្រលឹម​ឡើង​គឺ​ស្អប់​បទ​ហ្នឹង​​ហ្មង! តែ​ទោះ​ម៉េច​ខ្វះ​មិន​បានទេ​ត្រូវ​តែ​ដាក់​»។

 

 

ចំណែក​​កញ្ញា​មាស ផល្លីន​វិញ​បាន​ប្រាប់​ថា​ដាក់​ម៉ោង​រោទ៍​រាល់​ថ្ងៃ​ តែ​ថ្ងៃ​ខ្លះ​ក៏​ងើប​មុន​ម៉ោង​រោទ៍​ ខ្លះ​ក៏​ងើប​ទាន់​ម៉ោង​រោទ៍​ តែ​ទោះ​ជា​បែប​នេះ​ក៏​ដោយ​ក៏​កញ្ញា​នៅ​តែ​មិន​ហ៊ាន​ប្រថុយ​មិន​ដាក់​ម៉ោង​រោទ៍​ទេ​ព្រោះ​ខ្លាច​ទៅ​ធ្វើ​ការ​ខក។ ផល្លីន​បាន​បន្ត​ទៀត​ថា​ ជួន​កាល​​ទូរសព្ទ​រោទ៍​ហើយ​ ចុច​បិទ​ហើយ​អាច​លួច​ដំអក់​បាន​ប៉ុន្មាន​នាទី​ទៀតផង៕

​​​​

 
ចុះ​ចំណែក​ព្រឹក​នេះ​វិញ​ប្រិយមិត្ត​ មាន​ដាក់​ម៉ោង​រោទ៍​ទេ?

 

 

អត្ថបទ៖ ណេង ណេង