កង់​ម៉ាក​ថ្លៃៗ​ហក់​ចូល​ទីផ្សារ​កម្ពុជា

Sanofi

​កាលពី​សម័យមុន​កង់​គឺជា​យានជំនិះ​ដ៏​សំខាន់​សម្រាប់​សម្រួល​ដល់​ការធ្វើដំណើរ និង សេវាកម្ម​ដឹកជញ្ជូន​ផ្សេងៗ ទោះបី​សម័យ​បច្ចុប្បន្ន​មានការ​រីកចម្រើន​ផ្នែក​បច្ចេកវិជ្ជា និង សេវា​ដឹកជញ្ជូន​កាន់តែ​ទំនើប​ក្តី កង់​នៅតែមាន​តម្រូវការ​នៅឡើយ ដោយ​ក្នុង​នោះគេ​បាន​សង្កេតឃើញ​មាន​កង់​ជជុះ​ជាច្រើន​ត្រូវបាន​នាំចូល​ពី​បរទេស​ដាក់លក់​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ។

ក្រៅពី​នាំចូល​កង់​ជជុះមាន​ក្រុមហ៊ុន​មួយចំនួន​បាន​នាំចូល​ប្រភេទ​កង់​ម៉ាក​ថ្លៃៗ​មក​ទីផ្សារ​ប្រទេស​កម្ពុជា ដែល​ប្រភេទ​កង់​ខ្លះ​មានតម្លៃ​រាប់ម៉ឺន​ដុល្លារ​ក៏មានដែរ ។ អតិថិជន​ដែល​ទិញ​ប្រភេទ​កង់​ថ្លៃៗ​ទាំងអស់នោះ ភាគច្រើន​សុទ្ធតែជា​អ្នកមាន​ជីវភាព​ធូរធារ​ដែល​គេ​ទិញ​សម្រាប់​ជិះ​ហាត់ប្រាណ ។​ ​លោក អេ​ម សេង​ហ៊​ង អ្នកគ្រប់គ្រង​ក្រុមហ៊ុន Scott ដែល​ធ្លាប់ធ្វើ ជំនួញ​កង់​តាំងពី​ឆ្នាំ ១៩៨៨ បាន​រៀបរាប់ថា​«​ហាង​កង់ Scott នេះ​ចាប់ផ្តើម ដំណើរការ​កាលពី​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៤ ។

មូលហេតុ​ដែល​ខ្ញុំ​បានសម្រេច​ចិត្ត​នាំចូល​កង់​ម៉ាក​ល្បី​នេះ​គឺ​ដោយសារតែ​ប្រភេទ​កង់​នេះ​មាន​គុណភាព​ខ្ពស់ និង សោភណភាព មាន​បច្ចេកវិជ្ជា​មកពី​ប្រទេស​អឺរ៉ុប និង មកពី​ប្រទេស​ស្វ៊ី​ស ។ ការនាំ​ចូល​កង់​ម៉ាក Scott នេះ គឺមាន​គ្រប់​ម៉ូ​ដែល តែ​ក៏មាន​កម្រិត​ដែរ ព្រោះ​ត្រូវ​សិក្សា​ពី​ទីផ្សារ និង ត្រូវ​ពិនិត្យ​ពី​តម្រូវការ​ផងដែរ ។ នៅក្នុង​ហាង​របស់ខ្ញុំ​មាន​កង់​ជាង ១០០ គ្រឿង ហើយ​ទីផ្សារ​កង់​ម៉ាក Scott បច្ចុប្បន្ននេះ​ក្នុង​មួយខែ ខ្ញុំ​អាច​លក់បាន​ពី ២៥ ទៅ ៣០ គ្រឿង ដែលមាន​តម្លៃ​ចាប់ពី ៤០០ ដុល្លារ ឡើង​រហូតដល់​ទៅជា​ង​មួយ​ម៉ឺន​ដុល្លារ ។

ចំណែក​អតិថិជន​វិញ​មាន​អ្នកទិញ​តាម​ស៊េរី​គ្រប់​ប្រភេទ ហើយ​អ្នកទិញ​តាម​ស៊េរី​កង់​ទាំងនោះ គឺ​គេ​ទិញ​ចាប់ពី​តម្លៃ ៦០០ ដុល្លារ ទៅ ៧០០ ដុល្លារ ក្នុង​កង់​មួយគ្រឿង ។ ដោយឡែក​អ្នកមាន​ជីវភាព​ហ៊ឺហា និង តម្រូវការ​ប្រភេទ​កង់​តួ​កា​បោ​ន​មានតម្លៃ​ខ្ពស់ជាង​ប្រភេទ​កង់​ដែល​តួ​របស់​វា​ផលិត​ពី​អាលុយមីញ៉ូម ហើយ​កង់​ដែល​ផលិត​ពី​កា​បោ​ន​នេះ​មាន​ទម្ងន់​ស្រាល​ស្រស់ស្អាត​ជាង ។កង់​ប្រភេទ​នេះ​មាន​លក្ខណៈ​បច្ចេកទេស​ខ្ពស់​មាន​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​វា​ថ្លៃ​ពិតមែនតែ​ជិះ​លឿន​ធូរ​ស្រួល ។ គោលដៅ​របស់​យើង​គឺ​លក់​សម្រាប់​អ្នកមាន​ជីវភាព​ធូរធារ​មធ្យម និង លំដាប់​អ្នកមាន​» ។​

ប្រភេទ​កង់​ម៉ាក Scott ដែល​ផលិត​ពី​កា​បោ​ន​នេះ​មាន​ទម្ងន់​ស្រាល​បំផុត ដែល​ប្រភេទ​កង់​ខ្លះ​មួយគ្រឿង​មានតម្លៃ​ជាង​មួយ​ម៉ឺន​ដុល្លារ គឺ​ស្មើនឹង​រថយន្ត​ធុន​ល្មម​មួយគ្រឿង ។ ប្រភេទ​កង់​ម៉ាក​ថ្លៃៗ​មានដូចជា​ម៉ាក Scott ម៉ាក Giant និង ម៉ាក Supersix Evo Di2 ដែល​សុទ្ធតែជា​ប្រភេទ​ម៉ាក​កង់ ដែលមាន​តម្លៃ​ថ្លៃៗ ប៉ុន្តែ​លោក អេ​ម សេង​ហ៊​ង បាន​នាំចូល​តែ​ប្រភេទ​កង់​ម៉ាក Scott តែប៉ុណ្ណោះ មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា ។ លោក មានប្រសាសន៍ថា​’​មូលហេតុ​ដែល​យើង​នាំចូល​កង់​ម៉ាក Scott នេះ ដោយសារតែ​យើង​គិតថា​កន្លងមក​យើង​ដឹងថា​កង់​ជា​មធ្យោបាយ​ដឹកជញ្ជូន និង សម្រាប់​ជិះ​ធ្វើដំណើរ​ផ្សេងៗ ហើយ​អ្នកមាន​ប្រាក់​តិចតួច​ក៏​អាច​ទិញ​កង់​ជិះ​បានដែរ ។

នៅពេល​សួរថា តើ​ហេតុអ្វី​បានជា​កង់​ឥឡូវ​មានតម្លៃ​ថ្លៃ​រហូតដល់​ទៅ​រាប់ពាន់ និង រាប់ម៉ឺន​ដុល្លារ​នោះ​គឺ​បណ្តាលមកពី​បច្ចេកវិជ្ជា​នេះ​តែម្តង ។ ការនាំ​ចូល​កង់​ម៉ាក Scott នេះ​មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា គឺ​ស្រប​ពេលដែល​ប្រទេស​កម្ពុជា​កំពុងតែ​មានការ​អភិវឌ្ឍ ហើយ​ប្រជាពលរដ្ឋ​យល់ដឹង​ច្រើន​អំពី​ការហាត់​ប្រាណ ដោយ​អ្នកមាន​ជីវភាព​ធូរធារ​មួយចំនួន​បាននាំគ្នា​ទិញ​កង់​ម៉ាក​ថ្លៃៗ​នេះ​ជិះ​ហាត់ប្រាណ ដើម្បី​សុខភាព​របស់​ពួកគេ ដូច្នេះ​ធ្វើឱ្យ​តម្រូវការ​កង់​ម៉ាក​ថ្លៃៗ​នេះ​មានការ​កើនឡើង​ជា​លំដាប់ ។ កង់​ម៉ាក Scott នេះ​មាន​បច្ចេកវិជ្ជា​ទំនើប និង មាន គុណភាព​ខ្ពស់ ហើយ​យើង​ទទួល​សិទ្ធិផ្តាច់មុខ​ក្នុងការ​នាំចូល​កង់​ម៉ាក​ល្បី​នេះ​មកពី​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប ។

យើង​សប្បាយចិត្ត​នៅពេលដែល​ទីផ្សារ​យើង​កំពុងតែ​ពេញនិយម​ហើយ​គាំទ្រ​ច្រើន​នោះ យើង​សង្ឃឹមថា ពួកគាត់​នឹង​គាំទ្រ​ជា​បន្តបន្ទាប់​ទៀត ហើយ​ប្រភេទ​កង់​ម៉ាក Scott នេះ​នឹង នាំមក​នូវ​ការច្នៃប្រឌិត​ទំនើប​បន្ថែមទៀត​» ។​ បច្ចុប្បន្ននេះ​ក្រៅពី​ការនាំ​ចូល​កង់​ម៉ាក Scott មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា គេ​ក៏​សង្កេតឃើញ​មាន​ក្រុមហ៊ុន ឬ ហាង​លក់​កង់​មួយចំនួន​នាំចូល​កង់​ម៉ាក​ល្បីៗ​មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា​ដែរ ដូចជា​ប្រភេទ​កង់​ម៉ាក Giant និង ម៉ាក Supersix Evo Di2 មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា​ដែរ ហើយ​ប្រភេទ​កង់​ទាំងនេះ​មានតម្លៃ​ចាប់ពី​រាប់រយ​ដុល្លារ​រហូតដល់​រាប់ម៉ឺន​ដុល្លារ ។​

លោក មុំ និមល ដែលជា​អ្នក​ទៅរក​ទិញ​កង់​ម៉ាក Scott ដែលមាន​តម្លៃ​ជាង ៤.០០០ ដុល្លារ​នោះ​មានប្រសាសន៍ថា «​កង់​នេះ​មានគុណ​ភាព ល្អ ស្រាល​ស្រួល​ជិះ​ធូរ​កម្លាំង អាចធ្វើឱ្យ​យើង​មាន​អារម្មណ៍​សប្បាយ ចិត្ត​ជាមួយនឹង​បច្ចេកវិជ្ជា​ពី​អឺរ៉ុប ។ ម្យ៉ាងវិញទៀត​ការ​ជិះ​កង់​នេះ​មាន​សារសំខាន់​ណាស់ ពីមុន​យើង​ធ្លាប់តែ​យក​កង់​ធ្វើជា​មធ្យោបាយ​ដឹកជញ្ជូន​ផ្សេងៗ តែ​ឥឡូវនេះ​ស្រប​ពេលដែល​ប្រជាពលរដ្ឋ​យើង​មាន​ជីវភាព​សមរម្យ យានជំនិះ​កង់​ត្រូវបាន​គេ​យកមក​សម្រាប់​ជិះ​ដើរ​កម្សាន្ត សម្រួល​ដល់​ការហាត់​ប្រាណ​ផ្សេងៗ​ដែល​មនុស្ស​ភាគច្រើន​កំពុងតែ​អនុវត្ត​ជា​បណ្តើរៗ ។​

​ក្រុមហ៊ុន Scott បាន​នាំចូល​កង់​ម៉ាក Scott ជាច្រើន​ប្រភេទ​ដែល​ទទួលបាន​សិទ្ធិផ្តាច់មុខ​មកពី​ប្រទេស​ស្វ៊ី​ស ហើយ​តាម​តួលេខ​បង្ហាញថា ក្នុង​មួយខែ​ក្រុមហ៊ុន​នេះ​អាច​លក់​កង់​ឱ្យ​អតិថិជន​បាន​ពី ២០ គ្រឿង ទៅ ៣០ គ្រឿង ។ អតិថិជន​ដែល​ទិញ​កង់​ម៉ាក Scott នេះ ភាគច្រើន​គឺ​ទិញ ចាប់ពី​តម្លៃ ៤០០ ដុល្លារ ទៅ​ជាង​មួយ​ម៉ឺន​ដុល្លារ​ក្នុង​មួយគ្រឿង ។ ក្រៅពីនេះ​ក្រុមហ៊ុន​នេះ​ក៏បាន​នាំចូល​សម្ភារ និង គ្រឿងបន្លាស់​គ្រប់​ប្រភេទ​ទៅតាម​តម្រូវការ​របស់​អតិថិជន ៕​ហៃ ស៊ីណា​


​ ​ ​ ​ ​

Related