ស្រវឹងស្រា​បើករថយន្ត​បុក​របង​ផ្ទះ និង​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​លឿន​ដូច​ហោះ​ទៅ​បុក​ទ្វារផ្ទះ​គេ រួច​បន្ត​ទៅ​​បុក​បង្គោល​ភ្លើង​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​ទ្រេត​បង្គោល​ភ្លើង និង​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ តែ​មិន​មាន​រង​របួស​ទេ ដែល​ហេតុការណ៍​នេះ​​កើតឡើង​នៅ​វេលា​ម៉ោង​២ និង​៤៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​១៨២ មុខ​ផ្ទះ​លេខ​៣៣៨ ផ្ទះ​លក់​ដែក​អ៊ី​ណុ​ក ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស GS300 ពណ៌​ស អត់​ស្លាក​លេខ បើកបរ​ដោយ​យុវជន​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ជោកជាំ​បើកបរ​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ដូច​ហោះ លុះ​មក​ដល់​ចំណុច​កើត​ដោយ​បើក​លឿន​ពេក ហើយ​អ្នកបើកបរ​ស្រវឹង​ផង​នោះ​ក៏​រេ​ចង្កូត​ជ្រុល​បុក​ទ្វារផ្ទះ​លក់​ដែក​អ៊ី​ណុ​ក​បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​ចត​ក្នុងផ្ទះ​បែក​ស្តុ​ប ហើយ​បន្ត​ទៅ​បុក​បង្គោល​ភ្លើង​ពេញទំហឹង​បណ្តាល​ឲ្យ​ទ្រេត​បង្គោល​ភ្លើង ចំណែក​រថយន្ត​បង្ក​ខ្ទេច​មួយ​កំណាត់​ខាង​មុខ ។

ក្រោយ​ពេល​កើតហេតុ​អ្នក​បើករថយន្ត​បង្ក និង​រថយន្ត ត្រូវ​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕