ប្រទះឃើញដេក​សន្លប់​ក្បែរ​ស្ថានីយប្រេងឥន្ធនៈ​សម​ប្រាថ្នា សង្ស័យ​ដាក់​ថ្នាំ​សណ្តំ​យក​ម៉ូតូ​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សន្លប់​ស្តូក​ដេក​បែកពពុះមាត់​ទាំង​ពាក់មួក​ការពារ​សុវត្ថិភាព​សង្ស័យ​​ត្រូវ​គេ​ដាក់​ថ្នាំ​សណ្ដំ​យក​ម៉ូតូ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦ និង​៤០​នាទី​ព្រលប់​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ តាម​បណ្ដោយ​ផ្លូវលំ​ក្បែរ​ស្ថានីយប្រេងឥន្ធនៈ​សម​ប្រាថ្នា ស្ថិត​ក្នុងភូមិ​កន្ទោក​ខាងត្បូង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សាក្សី​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មិន​មាន​នរណា​ឃើញ​ថា​ជន​រងគ្រោះ​ជិះ​អ្វី​មកពីណា​ឡើយ ស្រាប់តែ​ឃើញ​ដេក​បែកពពុះមាត់​ទាំង​ពាក់មួក​ការពារ​សុវត្ថិភាព​សន្លប់​ស្តូកស្តឹង ទើប​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ជាង​មួយ​ម៉ោង​មិនឃើញ​មក​ដល់ ក៏​បាន​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន ។

ប្រជាពលរដ្ឋ​បាន​សន្និដ្ឋាន ជន​រង​គ្រោះ​ខាងលើ​អាច​ជា​អ្នក​រត់​ម៉ូតូឌុប​ត្រូវ​បាន​ជនសង្ស័យ​ហៅ​ដឹក​ហើយ​នាំ​ទៅ​ផឹកស៊ី​ដាក់​ថ្នាំ​សណ្តំ រួច​ដឹក​យក​ទៅ​ទម្លាក់​ចោល​នៅ​ចំណុច​ខាងលើ ហើយ​ជនសង្ស័យ​បាន​យក​ម៉ូតូ​ទៅ​បាត់ ។ ជនសង្ស័យ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ និង​ស្គាល់​សាច់ញាតិ​នៅឡើយ​ទេ ៕