សៅ សុខា៖ បាល់​ទាត់​គ្រាន់​តែ​ជា​យាន្ត កីឡាករ​ត្រូវ​រក​ជំនាញ​ពិត​ទៅ​ថ្ងៃ​អនាគត

សៅ សុខា៖ បាល់​ទាត់​គ្រាន់​តែ​ជា​យាន្ត កីឡាករ​ត្រូវ​រក​ជំនាញ​ពិត​ទៅ​ថ្ងៃ​អនាគត

លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​និយាយ​ក្រើនរំលឹក​ដល់​កីឡាករ​ជម្រើស​ជាតិ​ទាំង​អស់​ថា ​បាល់ទាត់​គ្រាន់​តែ​ជា​យាន្ត​មួយ​ប៉ុណ្ណោះ ដោយ​ទៅ​ថ្ងៃ​អនាគត​ពួកគេ​ត្រូវ​តែ​ស្វែង​រក​ជំនាញ​អ្វី​មួយ​ពិត​ប្រាកដ កុំ​ឱ្យ​ដូច​ពាក្យ​គេ​ថា​ឈប់​លេង​បាល់​ទៅ អត់​មាន​អ្វី​ធ្វើ។

 

 សៅ សុខា៖ បាល់​ទាត់​គ្រាន់​តែ​ជា​យាន្ត កីឡាករ​ត្រូវ​រក​ជំនាញ​ពិត​ទៅ​ថ្ងៃ​អនាគត លោក សៅ សុខា

 

លោក សៅ សុខា ​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​២​ចំណុច​ធំ​ៗ​នៅ​ក្នុង​ឆ្នាំ​នេះ​ចំពោះ​ក្រុម​ជម្រើស​ជាតិ ដោយ​ទី​មួយ​គឺ​កីឡាករ​ឈុត​យុវជន​ប៉ុន្មាន​នាក់​មិន​បាន​ប្រលង​បាក់ឌុប​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ និង​ទី​ពីរ​មាន​កីឡាករ​ជម្រើស​ជាតិ​ឈុត​ធំ​ម្នាក់​មិន​បាន​ពិនិត្យ​លិខិត​ឆ្លង​ដែន ធ្វើ​ឱ្យ​ផុត​កំណត់​មិន​អាច​ទៅ​ជួយ​ក្រុម​នៅ​ក្រៅ​ប្រទេស​បាន។ ទន្ទឹម​នឹង​កំហុស​នេះ​ដែរ ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ក៏​បាន​និយាយ​ប្រាប់​ទៅ​កីឡាករ​វិញ​ដែរ​ថា​អ្នក​គ្រប់​គ្នា​ត្រូវ​តែ​ចេះ​ប្រយ័ត្ន​ខ្លួន​ឯង ព្រោះ​ថា​ពេល​ខ្លះ​អ្នក​រៀប​ចំ​ក៏​អាច​នឹង​ភ្លេច​មួយ​ចំណុច​ឬ​ខ្វះ​ខាត​ត្រង់​កន្លែង​ខ្លះ​ៗ​ដែរ ។

 

ទាក់ទង​ទៅ​នឹង​មតិ​សាធារណៈ​ដែល​តែងតែ​និយាយ​ថា​កីឡាករ​បាល់​ទាត់​ស្រុក​ខ្មែរ ឱ្យ​តែ​ចូល​និវត្តន៍​អត់​មាន​ការងារ​ធ្វើ​ច្បាស់លាស់ លោក សៅ សុខា ក៏​បាន​ឆ្លើយ​តប​ដាស់តឿន​ដល់​កីឡាករ​ទាំង​អស់​ដែរ​ថា៖ “ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​អ្នក​ទាំង​អស់​គ្នា​ថា បាល់ទាត់​គ្រាន់​តែ​ជា​យាន្ត ជា​មធ្យោបាយ​ទេ ព្រោះ​គោលដៅ​របស់​ប្អូន​មិនមែន​បាល់ទាត់​ទេ។ គោលដៅ​របស់​ប្អូន​គឺ​ធ្វើ​ការងារ​សង្គម​ផ្សេង​ទៀត ព្រោះ​ជីវិត​យើង​លេង​បាល់​បាន​ច្រើន​ត្រឹម​អាយុ​៣០​ឆ្នាំ​ជាង​អី​ទេ។ តែ​ចប់​ពី​នោះ​ទៅ យើង​អាច​ធ្វើ​ការ​អ្វី​ផ្សេង​ទៀត​បាន ដូចជា​គ្រូ មន្ត្រី ខាង​បាល់ទាត់ ឬ​កីឡា​ផ្សេង​ទៀត ឬ​តាម​ក្រុមហ៊ុន​នានា។ ដូច្នេះ ដើម្បី​ធ្វើ​ការងារ​នេះ​បាន យើង​ត្រូវ​មាន​សញ្ញាប័ត្រ មាន​ចំណេះ ហើយ​បើ​យើង​គ្មាន​ទេ នោះ​យើង​មិន​អាច​ធ្វើ​វា​បាន​ទេ”។

 

សៅ សុខា៖ បាល់​ទាត់​គ្រាន់​តែ​ជា​យាន្ត កីឡាករ​ត្រូវ​រក​ជំនាញ​ពិត​ទៅ​ថ្ងៃ​អនាគត

 ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា

 

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក សៅ សុខា ​បាន​បន្ថែម​ទៀត​ថា​កីឡាករ​បាល់ទាត់​ទាំង​អស់​មាន​ប្រជាប្រិយភាព​ខ្លាំង ងាយ​នឹង​ធ្វើ​ការ​អ្វី​ផ្សេង​ទៀត​បាន ដូច្នេះ​ពួកគេ​មិន​ត្រូវ​អស់​សង្ឃឹម​នោះ​ទេ ៕

 

​អត្ថបទ៖ មុន្នី រម្យ