Brooklyn Beckham ប្រគល់​រង្វាន់​នារី​ឆ្នើម​ប្រចាំ​ឆ្នាំ​ឲ្យ​ Victoria

Brooklyn Beckham ប្រគល់​រង្វាន់​នារី​ឆ្នើម​ប្រចាំ​ឆ្នាំ​ឲ្យ​ Victoria

កូន​ប្រុស​របស់ Beckham បាន​ឡើង​លើ​ឆាក​ប្រគល់​ពាន​រង្វាន់​នារី​ឆ្នើម​ប្រចាំ​ឆ្នាំ​ឲ្យ​ទៅ​ម្ដាយ ក្នុង​កម្មវិធី​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ដោយ​ទស្សនាវដ្ដី Glamour នៅ​ទីក្រុង New York ។

 

Brooklyn Beckham ប្រគល់​រង្វាន់​នារី​ឆ្នើម​ប្រចាំ​ឆ្នាំ​ឲ្យ​ Victoria

 

កាល​ពី​យប់​ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា ទស្សនាវដ្ដីGlamour បាន​ប្រគល់​រង្វាន់ “នារី​ប្រចាំ​ឆ្នាំ” ​ទៅ​ Victoria Beckham សម្រាប់​ភាព​ជោគជ័យ​ដែល​អតីត​តារា​ចម្រៀង​រូប​នេះ​បាន​ធ្វើ​ក្នុង​វិស័យ​​ម៉ូដ​សំលៀក​បំពាក់​ក្នុង​ឆ្នាំ ២០១៥ នេះ។ មុន​ពេល​ម្ដាយ​កូន ៤ រូប​នេះ​ឡើង​លើ​វេទិកា អ្នក​រៀបចំ​កម្មវិធី​បាន​បញ្ចាំង​វីដេអូ​ខ្លី​មួយ ក្នុង​នោះ​មាន​អតីត​កីឡាករ​បាល់​ទាត់ David Beckham និង​កូន​ទាំង​បួន​នាក់​រួម​មាន Brooklyn, Romeo, Cruz និង Harper។

 

“Victoria អបអរ​សាទរ​ដែល​អូន​ទទួល​បាន​ជោគជ័យ​ដ៏​ត្រចះ​ត្រចង់​មួយ​នេះ។ សូម​ឲ្យ​អូន​មាន​រាត្រី​មួយ​ដ៏​អស្ចារ្យ។ មាន​​មនុស្ស​ប៉ុន្មាន​នាក់​ចង់​ផ្ញើ​ពាក្យ​បន្តិច​បន្តួច​ទៅ​កាន់​អូន” David ជូន​ពរ​ភរិយា។

 

Cruz បាន​បន្ត​សម្ដី​របស់​ឪពុក​ថា៖ “ចំពោះ​កូន ម៉ាក់​គឺ​ជា​អ្នក​ម្ដាយ​ប្រចាំ​ឆ្នាំ មិន​មែន​តែ​សម្រាប់​ឆ្នាំ​នេះ​នោះ​ទេ គឺ​​គ្រប់​ពេល​វេលា​ទាំង​អស់”។ Romeo បន្ថែម៖ “អបអរ​សាទរ​ម៉ាក់ ម៉ាក់​ពិត​ជា​ស័ក្ដិសម​នឹង​រង្វាន់​នេះ​ខ្លាំង​ណាស់។ ហើយ​មាន​រឿង​មួយ​ទៀត តើ​ម៉ាក់​អាច​ច្នៃ​ខោអាវ​កូន​ក្មេង​ដែរ​ទេ?”។ កូន​ស្រី​ពៅ Harper បញ្ចប់​ទៅ​ដោយ​ពាក្យ​មួយ​ឃ្លា​យ៉ាង​ខ្លី​តែ​មាន​ន័យ៖ “កូន​ស្រលាញ់​ម៉ាក់”។

 

ក្រោយ​ពេល​វីដេអូ​នោះ​​បាន​បញ្ចប់ Brooklyn បាន​ឡើង​ទៅ​លើ​វេទិកា​និង​ប្រគល់​ពាន​រង្វាន់​ឲ្យ​ម្ដាយ។ កូន​ប្រុស​ច្បង​របស់​អតីត​សមាជិក Spice Girls និយាយ​ថា៖ “ពួក​កូន​សុទ្ធ​តែ​មាន​មោទនភាព​ចំពោះ​ម៉ាក់ ខ្ញុំ​​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​បាន​មាន​មុខ​នៅ​ទី​នេះ​ជាមួយ​ម៉ាក់​យប់​នេះ កូន​ស្រលាញ់​ម៉ាក់”។

 

នៅ​ក្នុង​សុន្ទរកថា​ពេល​ឈ្នះ​ពាន Victoria បាន​ផ្ញើ​ពាក្យ​អរគុណ​ទៅ​កាន់​ស្វាមី​របស់​ខ្លួន៖ “ខ្ញុំ​កាន់​កាប់​ជំនួញ​រក​ស៊ី​​ ធ្វើ​ការ​សប្បុរស​ធម៌ និង​​លើស​ពី​នេះ​ទៅ​ទៀត​គឺ​ដើរ​តួ​ជា​អ្នក​ម្ដាយ​ម្នាក់ គ្រប់​រឿង​ទាំង​អស់​នេះ​នឹង​មិន​ដំណើរ​ការ​ទៅ​មុខ​ដោយ​រលូន​នោះ​ទេ បើ​សិន​ជា​គ្មាន David។ គាត់​ជា​ឪពុក​ដ៏​អស្ចារ្យ​ម្នាក់ ដែល​តែង​តែ​ស្រលាញ់ និង ជំរុញ​​ខ្ញុំ​​ទៅ​មុខ​ជា​រៀង​រាល់​ថ្ងៃ”៕

 

Brooklyn Beckham ប្រគល់​រង្វាន់​នារី​ឆ្នើម​ប្រចាំ​ឆ្នាំ​ឲ្យ​ Victoria

 

 

ចុចអាន៖Beckham និង​ប្រពន្ធ​ចំណាយ​៧លាន​ដុល្លារ​ជួស​ជុល​ផ្ទះ​ ​ខណៈ​មាន​ព័ត៌មាន​បែក​គ្នា

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖ people