សំនួរ​គោល​ៗ​មិន​សូវ​រំលង​​ក្នុង​បទ​សម្ភាសន៍​​​អាហារូបករណ៍​​​បរទេស

សំនួរ​គោល​ៗ​មិន​សូវ​រំលង​​ក្នុង​បទ​សម្ភាសន៍​​​អាហារូបករណ៍​​​បរទេស

ដំណាក់​កាល​សម្ភាស​ពេល​ដាក់​អាហារូបករណ៍​ បេក្ខជន​ភាគ​ច្រើន​មាន​អារម្មណ៍​ភ័យ​ដោយ​សារ​មិន​ដឹង​គណៈកម្មការ​សួរ​សំនួរ​បែប​ណា​ខ្លះ ដែល​ពេល​ខ្លះ​ធ្វើ​ឲ្យ​​​​​បេក្ខជន​មិន​អាច​ឆ្លើយ​បាន​ល្អ។​

 

 

ជា​ទូ​ទៅ សំនួរ​ទាំង​នោះ​គ្មាន​អ្វី​ក្រៅ​តែ​ពី​សំនួរ​ជុំ​វិញ​​សំណុំបែបបទ​របស់​បេក្ខជន​ឡើយ ដើម្បី​កំណត់​ថា​តើ​អ្នក​ពិត​ជា​មនុស្ស​ដូច​ដែល​​បាន​រៀប​រាប់​ក្នុង​បែប​បទ​អាហារូបករណ៍​របស់​អ្នក​ពិត​ប្រាកដ​រឺ​ទេ។ តាម​រយៈ​វគ្គ​បង្រៀន​ដែល​រៀប​ចំ​ដោយ​ក្រុម​ហ៊ុន ​Aussa បាន​បង្ហើប​ពី​សំនួរ​គោល​ៗ​ដែល​​មិន​សូវ​រំលង​ក្នុង​ពេល​សម្ភាសន៍​អាហារូបករណ៍​ដូច​ជា៖​

 

 

សំនួរ​គោល​ៗ​មិន​សូវ​រំលង​​ក្នុង​បទ​សម្ភាសន៍​​​អាហារូបករណ៍​​​បរទេស

 

 

-ឲ្យ​បេក្ខជន​ណែ​នាំ​ខ្លួន
-ចំណាប់​អារម្មណ៍​និង​មូលហេតុ​ដែល​​ចង់​បន្ត​ការ​សិក្សា
​-តើ​ការ​បន្ត​ការ​សិក្សា​នោះ​វា​មាន​អ្វី​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​ការ​សិក្សា​និង​ការងារ​របស់​អ្នក
-ហេតុ​អ្វី​ទើប​អ្នក​ចង់​បន្ត​មុខ​វិជ្ជា​និង​ជំនាញ​នោះ?
​-តើ​អ្នក​ធ្លាប់​ដឹង​អ្វី​ខ្លះ​ពី​សាកលវិទ្យាល័យ​ដែល​អ្នក​ចង់​ទៅ​រៀន?
-តើ​ការ​សិក្សា​នោះ​នឹង​ផ្ដល់​ប្រយោជន៍​​អ្វីខ្លះ​ត្រលប់​មក​វិញ​ដល់​ការងារ​រឺ​គម្រោង​អនាគត​របស់​អ្នក
-តើ​ជំនាញ​ដែល​អ្នក​រៀន​​នឹង​ជួយ​អ្វី​ខ្លះ​ដល់​​​ការ​អភិវឌ្ឍ​សង្គម?
-មូល​ហេតុ​អ្វី​ទើប​អ្នក​គិត​ថា​អ្នក​ស័ក្ដិសម​នឹង​អាហារូបករណ៍​មួយ​នេះ? ឬ មូល​ហេតុ​អ្វី​ទើប​គណៈកម្មាធិការ​​គួរ​ជ្រើស​រើស​អ្នក?

 

 

ចំពោះ​សំនួរ​ទាំង​នេះ​អ្នក​អាច​មាន​ពេល​ពី ១៥ ទៅ ៣០ ​នាទី​​ ដើម្បី​ឆ្លើយ ដូច្នេះ​ហើយ​អ្នក​គួរ​គិត​និង​រៀប​ចំ​ពាក្យ​ពេចន៍​យ៉ាង​ណា​ឲ្យ​សមរម្យ​និង​មាន​អត្ថន័យ​សម្រាប់​ចម្លើយ​នីមួយ​ៗ។

 

 

តែ​ក្រៅ​ពី​សំនួរ​គន្លឹះ​ៗ​ទាំង​នេះ អ្នក​ប្រហែល​ជា​នឹង​ត្រូវ​គេ​សួរ​សំនួរ​ដេញ​ដោល​មួយ​ចំនួន​ដែល​សួរ​ឈ្លេច​ដើម្បី​តេស្ត​ភាព​រហ័សរហួន​និង​វៃ​ឆ្លាត​របស់​អ្នក។ សំនួរ​ទាំង​នេះ​ច្រើន​ទាក់​ទង​ជាមួយ​ចំណេះដឹង​ទូ​ទៅ​បញ្ហា​សង្គម​ព្រឹត្តិការណ៍​ថ្មី​ៗរឺ​ដំណោះស្រាយ​របស់​អ្នក​ទៅ​នឹង​បញ្ហា​ចំពោះ​មុខ​ណា​មួយ។

 

 

​​ឧទាហរណ៍៖ តើ​មុខ​ជំនាញ​ដែល​អ្នក​ជ្រើស​រើស​នឹង​ចូល​រួម​ដូចម្ដេច​ខ្លះ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ? តើ​អ្នក​មាន​មធ្យោបាយ​អ្វី​ក្នុង​ការ​បង្កើន​ជីវភាព​កសិករ​ដែល​ប្រកប​របរ​លើ​ដំណាំ​ស្រូវ?ជា​ចុង​ក្រោយ​អ្នក​ប្រហែល​ជា​ត្រូវ​ឆ្លើយ​សំណួរ​បន្ទាប់​បន្សំ​មួយ​ចំនួន​ទៀត​ដើម្បី​បំពេញ​បន្ថែម​ព័ត៌មាន​ដែល​គណៈកម្មការ​ចង់​បាន​ឲ្យ​ពេញ​លេញ។​

 

 

ដើម្បី​កុំ​ឲ្យ​វគ្គ​សម្ភាស​អ្នក​បរាជ័យ បេក្ខជន​គប្បី​មើល​ហើយ​មើល​ទៀត​នូវ​អ្វី​ដែល​អ្នក​បាន​សរសេរ​ក្នុង​សំណុំបែបបទ​ដាក់​ពាក្យ។ ត្រៀម​ចម្លើយ​ជាមួយ​សំនួរ​ដែល​អ្នក​រំពឹង​ថា​គេ​នឹង​សួរ​ឲ្យបាន​ល្អិត​ល្អន់ ដោយ​អាន​និង​ស្រាវជ្រាវ​ឲ្យ​បាន​ច្រើន ព្រម​ទាំង​​ហាត់​សម​ម្ដង​ហើយ​ម្ដង​ទៀត​រហូត​ដល់​អ្នក​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង៕

 

 

 

សូមអាន   ​ភាព​​ធ្វេស​ប្រហែស​ស្រាល​ៗ​​នាំ​ឲ្យ​អ្នក​មិន​អាច​ជាប់​អាហារូបករណ៍