3D Animation ជំនាញ​បាន​ចំណូល​ច្រើន ចង់​ជោគជ័យ​លុះ​ត្រា​អត់ធ្មត់​ខ្លាំង


3D Animation ជំនាញ​បាន​ចំណូល​ច្រើន ចង់​ជោគជ័យ​លុះ​ត្រា​អត់ធ្មត់​ខ្លាំង

3D Animation ជា​ជំនាញ​មួយ​ដែល​និស្សិត​ជា​ច្រើន​តែងតែ​រអ៊ូរ​​ថា​ពិបាក​រៀន ​ដោយសារ​វា​ទាម​ទារ​ការ​អនុវត្ត​ច្រើន និង​​តម្រូវ​ឱ្យ​អ្នក​សិក្សា​មាន​ការ​អត់ធ្មត់​ខ្ពស់។

 

3D Animation ជំនាញ​បាន​ចំណូល​ច្រើន ចង់​ជោគជ័យ​លុះ​ត្រា​អត់ធ្មត់​ខ្លាំង

 

កន្លងមក​មាន​និស្សិត​ខ្មែរ​មិន​តិច​ទេ ដែល​ធ្លាប់​បោះបង់​ការសិក្សា​ជំនាញ​ដ៏​មាន​សក្ដានុពល​លើ​ទីផ្សារ​នេះ​ចោល ដោយសារ​ពួកគេ​ខ្វះ​ការ​តស៊ូ​និង​មិន​សូវ​បាន​អនុវត្ត​ញឹកញាប់ ដែល​ឈាន​ដល់​ការ​បរាជ័យ​បែបនេះ។

 

លោក ហ៊ាង ស៊ូហាន ដែល​ជា​សាស្ត្រាចារ្យ​ជំនាញ 3D Animation និង​ជា​​អ្នក​គ្រប់គ្រង​ការ​បណ្ដុះបណ្ដាល​នៅ​មជ្ឈមណ្ឌល​ស៊ីហ្គេក (CGEC Institute) បាន​ឱ្យ​ដឹង​ថា ការ​សិក្សា​ជំនាញ​នេះ អាច​ថា​លំបាក​រៀន​ជាង​ជំនាញ IT ដទៃ បើ​ទោះបី​ជា​មិន​សូវ​​តម្រូវ​ឱ្យ​ប្រើ​កូដ​ច្រើន​ក៏​ដោយ តែ​វា​ទាមទារ​ឱ្យ​និស្សិត​ចំណាយ​ពេល​ច្រើន​សម្រាប់​គិត និង​គូរ Storyboard (សាច់​រឿង) និង​រក​នឹក​គំនិត​ច្នៃប្រឌិត​ផ្សេងៗ​សម្រាប់​បង្កើត​តួអង្គ​ប្លែកៗ ដើម្បី​ឱ្យ 3D Animation របស់​ពួកគេ​មាន​គុណភាព​មួយ​ដែល​ទីផ្សារ​កំពុង​ត្រូវការ។

 

លោក​បន្ត​ថា ដើម្បី​ឱ្យ​ទទួល​បាន​ជោគជ័យ​លើ​ជំនាញ​នេះ និស្សិត​គប្បី​ត្រូវ​ឧស្សាហ៍​ស្រាវជ្រាវ អាន​សៀវភៅ​ឬ​ឯកសារ​នានា (វីដេអូ​ជាដើម) ​ទាំង Soft Copy (ឯកសារ​លើ​អ៊ីនធឺណិត​) និង Hard Copy (ឯកសារ បោះពុម្ព​ជា​ក្រដាស​) សុំ​ការ​ពន្យល់​ពី​រៀមច្បង​ឬ​សាស្ត្រាចារ្យ​និង​ចំណាយ​ពេល​រៀន​គូរ​គំនូរ​និង​ចង​ឆ្អឹង​ឱ្យ​បាន​ញឹកញាប់។

 

“ពិត​ណាស់​ជំនាញ​ណា​ក៏​ត្រូវ​ចេះ​ឱ្យ​ប្រាកដ​ដែរ ទើប​អាច​រក​ទីផ្សារ​បាន។ ជំនាញ 3D Animation នេះ​មិនមែន​រៀន​លេងៗ ហើយ​ចេះ​ទេ។ និស្សិត​ចាំបាច់​ត្រូវ​អនុវត្ត​ឱ្យ​បាន​ច្រើន​និង​អត់ធ្មត់​ខ្លាំង​តាម​តែ​អាច​ធ្វើ​ទៅ​បាន ទើប​អាច​ជោគជ័យ”។ លោក​ហាន​បន្ត​ថា “បច្ចុប្បន្ន​វិស័យ​ផលិត 3D Animation នៅ​កម្ពុជា​ដូចជា​ការ​ថត​ស្ពត​ពាណិជ្ជកម្ម​និង​ភាពយន្ត​ផ្សេងៗ កំពុង​តែ​រីកចម្រើន ដែល​ទាមទារ​ឱ្យ​មាន​អ្នក​ជំនាញ​បម្រើការ​ផ្នែក​នេះ​ច្រើន ដូច្នេះ​ចំណូល​ក៏​បាន​សមគួរ​ទៅ​តាម​នោះ​ដែរ”។

 

ចំណែក​ឯ​លោក សាន សុភ័ក្រ ដែល​ជា​អ្នក​ជំនាញ​បង្កើត​គំនូរជីវចល បាន​ឱ្យ​ដឹង​ស្រដៀង​គ្នា​ដែរ​ថា តួអង្គ​ឬ​វត្ថុ​ 3D នី​មួយៗ​ទាមទារ​ឱ្យ​អ្នក​ជំនាញ​ត្រូវ​គូរ​និង​បង្វិល​គ្រប់​ជ្រុងជ្រោយ ដើម្បី​ធានា​បាន​នូវ​រូបភាព 3D ​មួយ​ល្អឥតខ្ចោះ។ លោក​ថា ឧទាហរណ៍​បើ​ចង់​គូរ​សកម្មភាព “មាត់” ជា​ប្រភេទ 3D Animation នោះ ចាំបាច់​ត្រូវ​ធ្វើ​យ៉ាងណា​ឱ្យ​វា (មាត់) មាន​សកម្មភាព​ដូច​មាត់​មនុស្ស​ពិតៗ​អ៊ីចឹង ដែល​ខុស​ពី 2D គឺ​គ្រាន់តែ​គូរ​សកម្មភាព​មាត់ “បិទ​និង​បើក” ​ប៉ុណ្ណោះ​។

 

លោក​ថា និស្សិត​ត្រូវ​ឧស្សាហ៍​ព្យាយាម​អនុវត្ត​គូរ តួអង្គ Storyboard ក៏ដូចជា​បង្កើត Background នៃ​ឈុត​ឆាក​នីមួយៗ​ឱ្យ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​និង​រស់រវើក នោះ​សាច់រឿង​ឬ​វីដេអូ​នឹង​មាន​ភាព​ទាក់ទាញ​និង​ប្រទាក់​ក្រឡា​គ្នា​ល្អ​មិន​ខាន។

 

បើ​និយាយ​ពី​ការ​សិក្សា​ជំនាញ 3D Animation មាន​សាលា​​លេចធ្លោ​នៅ​កម្ពុជា​ជា​ច្រើន​ដែល​និស្សិត​អាច​ទៅ​សិក្សា​បាន​មាន​ដូចជា សាកលវិទ្យាល័យ​លឹម​កុក​វឹង វិទ្យាស្ថាន ស៊ី​ហ្គេក (CGEC Institute) សាលា O3D Asia សាលា​គំនូរជីវចល​សា​ដា (School of Animation Digital Asia) និង​សាលា Monster 3D Animation ជា​ដើម៕

 

អាន៖ គ្រឹះស្ថាន​សិក្សា ៥ សម្រាប់​អ្នក​ចង់​រៀន​ជំនាញ​ 3D Animation

 

3D Animation ជំនាញ​បាន​ចំណូល​ច្រើន ចង់​ជោគជ័យ​លុះ​ត្រា​អត់ធ្មត់​ខ្លាំង

 

អត្ថបទ៖ ប៉ែត ផាន់និត

នាំមកជូនដោយ

3D Animation ជំនាញ​បាន​ចំណូល​ច្រើន ចង់​ជោគជ័យ​លុះ​ត្រា​អត់ធ្មត់​ខ្លាំង