ក្លិប West Ham និង Chelsea រងពិន័យលើការប្រើឥរិយាបថមិនសមរម្យ

ក្លិប West Ham United និង Chelsea បាន​រង​ពិន័យ​ជា​ទឹក​ប្រាក់​ចំនួន​៤​ម៉ឺនផោន (ស្មើនឹង​៦០៥៣៨​ដុល្លារ​អាមេ​រិក និង​៥​ម៉ឺន​ផោន​រៀង​ៗ​ខ្លួន​​ពី​សំណាក់​សហ​ព័ន្ធកីឡា​បាល់​ទាត់​របស់​អង់គ្លេស (FA) ក្រោយ​ពី​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League នៅ​កីឡ​ដ្ឋាន Upton Park កាល​ពី​ខែ​មុន​។ ក្លិប​ទាំង​ពីរ បាន​​ទទួល​ស្គាល់​​ពី​​ការ​ចោទ​ប្រកាន់​លើ​ការមិន​អាច​ធ្វើការ​គ្រប់គ្រង​ការ​ប្រព្រឹត្តមិន​សម​រម្យ​​ដើម្បី​ធា​នា​ថា កីឡាករ​របស់​ពួក​គេ​ប្រព្រឹត្ត​ដោយ​សណ្តាប់​ធ្នាប់ អំឡុង​ពេលក្រុម West Ham ទទួល​ជ័យ​ជម្នះ​ក្នុង​លទ្ធ​ផល ២-១​។ ក្លិប​ទាំង​ពីរ​នេះ​ក៏​​ត្រូវ​បាន​​​ព្រមាន​ធ្ងន់​ៗ​ចំពោះ​ការ​ប្រព្រឹត្ត​នា​ពេល​ខាង​មុខ​របស់​ពួកគេ​ផង​ដែរ​។
1
កីឡាករ​របស់​ក្លិប West Ham មិន​មានការ​រីក​រាយ​​ចំពោះការ​ប្រជែង​ដណ្តើម​បាល់​របស់​ខ្សែ​ការ​ពារ Nemanja Matic ទៅលើ​កីឡាករ Diafra Sakho នៅនាទី ទី​៤៤​ក្នុង​ការ​ប្រកួត​រវាង​ក្រុម​ស្ថិតក្នុង​ទីក្រុង​ឡុងដ៍​តែ​មួយ​នេះ និង​បាន​​​ប្រមូល​ផ្តុំ​គ្នា​ជុំ​វិញ​លោក​អាជ្ញា​កណ្តាល Jonathan Moss ដើម្បី​ធ្វើ​ការ​ត​វ៉ា​។ ក្រោយ​មក​​កីឡាករ​របស់​ក្រុម Chelsea បាន​ធ្វើ​​សកម្ម​ភាព​ដូច​គ្នា​នេះ ក្រោយ​ពី​លោក Moss បាន​ផ្តល់​កាត​ក្រហម​បណ្តេញ​ Matic ដេញ​សម្រាប់​​កំហុស​នោះ​។ ការ​​បញ្ចេញ​ប្រតិ​កម្ម​របស់​គ្រូ​បង្វឹក​ជំនួយ​លោក Silvino Louro នៃ​​ក្រុម Chelsea ចំពោះការ​សម្រេច​ចិត្ត​នេះ បាន​​ធ្វើ​ឲ្យ​​ខ្លួន​លោកផ្ទាល់​ទទួល​កាត​ក្រហម នៅមុន​ពេល​លោក José Mourinho ដែល​ជា​អ្នក​ចាត់​ការ​ទូទៅ បាន​ប៉ះ​ទង្គិច​សម្តី​គ្នានៅ​​​តង់​ទី​១​ជាមួយ​នឹងលោក Moss ដែល​ក៏​បាន​​បណ្តេញ​គ្រូ​បង្វឹក​រូប​នេះ​ឲ្យ​ទៅ​អង្គុយ​ក្នុង​កៅ​អីក្នុងនាម​ជា​អ្នក​ទស្ស​នា​ផង​ដែរ​។ លោក Mourinho បាន​រង​ពិន័យ​ព្យួរ​មិន​ឲ្យ​ចូល​ទៅក្នុង​កីឡ​ដ្ឋាន​មួយ​ប្រកួត​រួច​ជា​ស្រេច​​សម្រាប់​ការ​ប្រើ​ឥរិយា​បថ​មិន​សម​រម្យ​របស់​លោក​អំឡុង​​រដូវ​កាល​ដ៏​រង្គោះ​រង្គើ​របស់​លោក ហើយ​ជា​លទ្ធ​ផល​លោក​បាន​អវត្ត​មាន​ក្នុង​ពេល​ក្រុម​របស់​លោក​រង​បរា​ជ័យនៅលើ​ទឹក​ដី​ក្រុម Stoke កាល​ពី​ថ្ងៃ​សៅរ៍មុន​៕

ប្រភព​ព័ត៌​មាន៖ The Guardian