តូចចិត្ត​ម្តាយ​អត់លុយ​ស្តីដណ្តឹង​កូនក្រមុំ​គេ​ឲ្យ ចងក​ធ្វើ​អត្តឃាត​បញ្ចប់ជីវិត

ខេត្ត​ត្បូងឃ្មុំ ៖ នៅ​លើ​ទឹកដី​ត្រើយ​ខាងកើត​ទន្លេមេគង្គ ហេតុតែ​បុរស​ម្នាក់​តូចចិត្ត​នឹង​ម្តាយ​របស់​ខ្លួន​មិន​បាន​ចូល​ទៅ​ស្តីដណ្តឹង​កូនក្រមុំ របស់​គេ​មក​ឲ្យ​ខ្លួន ក៏​សម្រេចចិត្ត​គិត​ខ្លី​ដោយ​ចង​.​ក​ធ្វើ​អត្តឃាត​បញ្ចប់ជីវិត​តែ​ម្តង ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​នៅ​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១០ វិច្ឆិកា ២០១៥ ស្ថិត​នៅ​ភូមិ​ធ្លក សង្កាត់​សួង ក្រុង​សួង ។

លោក​វរសេនីយ៍ត្រី ឈ​ន សុ​ធន់ អធិការ​នគរបាល​ក្រុង​សួង បាន​ឲ្យ​ដឹង​ថា នគរបាល​មូលដ្ឋាន​បាន​ទទួល​ព័ត៌មាន​ពី​ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះ អន សា​មាន អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ខាងលើ​ថា កូនប្រុស​របស់​គាត់​ឈ្មោះ អ៊ុ​ន សាក់​ឡូត ហៅ​ក្លូ អាយុ​២២​ឆ្នាំ រស់នៅ​ក្នុង​បន្ទុក​ជាមួយ បាន​ចងក​ធ្វើ​អត្តឃាត​បញ្ចប់ជីវិត​នៅ​ក្នុង​បង្គន់ ដែល​មាន​ចំងាយ​ពី​ផ្ទះ​ប្រមាណ​៣,៥០​ម៉ែត្រ ។

លោក​អធិការ​នគរបាល​នគរបាល​ក្រុង​សួង​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​នេះ​ភ្លាម រូប​លោក​បាន​ចាត់​ឲ្យ​កម្លាំង​ប៉ុស្តិ៍​សង្កាត់​សួង សហការ​ជាមួយនឹង​ជំនាញ​ព្រហ្មទណ្ឌ​ក្រុង​សួង ប្រញាប់​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ទាំង​យប់ ។ ក្នុង​ពេល​ដែល​សមត្ថកិច្ច​បាន​ស្រាយចំណង​ខ្សែ​អង្រឹង​ដាក់​សព​ចុះ​មក​ពិនិត្យ​នោះ នៅ​លើ​ខ្លួនប្រាណ​មិនឃើញ​មាន​ស្លាកស្នាម​អ្វី​ដែល​គួរ​ឲ្យ​សង្ស័យ​នោះ​ទេ គឺ​សព​នេះ​ពិតជា​ស្លាប់​ដោយ​ចង​.​ក​ពិតប្រាកដ​មែន ។ បន្ទាប់​មក​ក៏​បាន​ប្រគល់​សព​ឲ្យ​ទៅ​ម្តាយ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ស្ត្រី​ជា​ម្តាយ​ក៏​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​មូលហេតុ​ដែល​កូនប្រុស​របស់​គាត់​សម្រេចចិត្ត​ចង​.​ក​ធ្វើ​អត្តឃាត​នេះ គឺ​ដោយសារ​មុន​ពេល​កើតហេតុ​កូន​ឈ្មោះ ឡូត បាន​តឿន​គាត់​ឲ្យ​ចូល​ទៅ​ស្តីដណ្តឹង​កូនក្រមុំ​របស់​គេ​ម្នាក់​នៅ​ក្នុងភូមិ ដែល​ខ្លួន​បាន​ស្រលាញ់​ជា​ច្រើន​ខែ​មក​ហើយ មក​ធ្វើ​ជា​ប្រពន្ធ តែ​គាត់​មិន​បាន​ចូល​ទៅ​ស្តីដណ្តឹង​ឲ្យ​តាម​បំណង​របស់​កូនប្រុស​នោះ​ទេ ដោយសារ​តែ​ជីវភាព​មានការ​ខ្វះខាត ហេតុតែ​បែប​នេះ​ហើយ​ទើប​កូនប្រុស​បាន​គិត​ខ្លី​ចង​.​ក​ធ្វើ​អត្តឃាត​បញ្ចប់ជីវិត​តែ​ម្តង ។

លោក​វរសេនីយ៍ត្រី ឈ​ន សុ​ធន់ បញ្ជាក់​ថា ដោយសារ​តែ​ជីវភាព​មានការ​ខ្វះខាត​ទើប​ម្តាយ​សុំ​ពន្យារពេល​ដើម្បី​ប្រឹងរក​លុយ ហើយ​ពេល​ណា​ដែល​បាន​ប្រាក់​គ្រប់គ្រាន់​នឹង​ចូល​ទៅ​ស្តីដណ្តឹង​នាង​នោះ​មក​ធ្វើ​ជា​ប្រពន្ធ​កូនប្រុស​គាត់  តែ​កូនប្រុស​របស់​គាត់​គិត​អ្វី​ចង់បាន​មក​ភ្លាម​ៗ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១១ វិច្ឆិកា ២០១៥ សព​បុរស​ខាងលើ​ត្រូវ​បាន​គេ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ក្រោម​សំ​ឡេ​ទួញ​សោក​ពី​សំណាក់​ក្រុម​សាច់ញាតិ ៕