វិធី ៤យ៉ាងធ្វើឱ្យចិត្ដ និងកាយក្មេងជាងវ័យ

​បុរស ​ស្រ្ដី​មួយ​ចំនួន នៅ​ពេលពួកគាត់​ ឈាន​ដល់​វ័យ ​៧០ ឬ ៩០​​ឆ្នាំ វ័យ​របស់​ពួក​គាត់​មើល​ទៅ​ក្មេង​ជាង​អាយុ​ និង​មាន​សុខ​ភាព​ល្អ ​ស្រប​ពេល​មនុស្ស​ដែល​មាន​វ័យ​ដំណាល​គ្នា ប្រែ​ជា​ទ្រុឌ​ទ្រោម ​និង​បាត់​បង់​សមត្ថភាព​ក្នុង​ការ​ធ្វើ​ការងារ​។​ ការសិក្សាស្រាវ​ជ្រាវ​ថ្មីៗមួយ​ចំនួនបាន​បញ្ជាក់​ថា ការ​វិវត្ដ​ទៅ​នៃ​វ័យ គឺ​ត្រូវ​បាន​កំណត់​យ៉ាង​ធំ​ធេង ​ដោយកត្ដា​គ្រប់​គ្រង​មួយ​ចំនួ​ន ​ហើ​យការ​អនុវត្ដន៍​តាម​ជំហាន​ខាង​ក្រោម​ បុរស​ស្រ្ដី ​អាច​គ្រប់​គ្រង​ចិត្ដ និង​កាយ​របស់​គាត់​ឱ្យ​នៅ​ក្មេង​ជា​ងវ័​យ​​។ ហេតុ​ដូ​ច្នេះ ​ខា​ងក្រោ​ម​នេះ ​គឺ​ជា​គន្លឹះ​ពិសេស​មួយ​ចំនួ​ន ​ដែល​លោក​អ្នក ​អាច​អនុវត្ដ ​ដើម្បី​ធ្វើ​ឱ្យ​ខ្លួន​ឯងក្មេង​ជាងវ័​យ​ទាំង​ចិត្ដ​ និង​កាយ​។​
វិធី ៤យ៉ាងធ្វើឱ្យចិត្ដ និងកាយក្មេងជាងវ័យ
​១. ​បញ្ចុះ​ចង្វាក់​បេះ​ដូងរ​បស់​អ្ន​ក​​៖ ជំងឺ​​បេះដូង ​គឺ​ជា​មូល​ហេតុ​ដ៏​ចម្បង មួ​យ ​ក្នុង​ចំណោម​មូល​ហេតុ​ដទៃ​ទៀត ដែល​បណ្ដា​ល​ឱ្យ ​មនុស្ស​ស្លាប់​នៅ​សហរដ្ឋអាមេរិ​ក​។ ​ការ​​សិក្សា​ស្រាវ​ជ្រាវ​បង្ហាញ​ថា ​ជា​មធ្យម​ប្រជាពលរដ្ឋ​​អាមេរិក​ អាច​រស់​នៅ​បាន​យ៉ាង​តិច ជាង​មួយ​ទសវត្ស​បន្ថែម​ទៀត ​ប្រសិន​បើ​បេះដូង​របស់​ពួក​គាត់ ​មាន​ដំណើរ​ការ​បូប​ឈាម​បាន​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។ ​ហេតុ​ដូច្នេះ​ហើយ ​លោក​អ្នក​ចាំ​បាច់​ត្រូវ​ធ្វើ​លំហាត់​ប្រាណ​ចង្វាក់​បេះដូង​ ក្នុង​បរិមាណ​ដ៏​សម​​ស្របដើម្បី​បន្ថយ​ចំនួន​ចង្វាក់​បេះដូង​របស់​អ្នក ​និង​អនុញ្ញាតិ​ឱ្យ​បេះបូង​​របស់អ្នក ​មាន​ប្រសិទ្ធភាព​កាន់​តែ​ខ្លាំង​ក្នុង​ការ​បូប​ឈាម។ 
​ការបញ្ចុះចំនួន​ចង្វាក់​បេះ​ដូង ​គឺមាន​ន័យ​ថា ជា​មូល​ហេតុ​ដ៏​សំខាន់​ជួយ​ឱ្យ​សរសៃ​អាទែ​មាន​សុខ​ភាព​ល្អ ​ជួយ​បញ្ចុះ​សម្ពាធ​ឈាម ​និង​​កាត់បន្ថយ​គ្រោះ​ថ្នាក់ ​នៃ​ការ​កើត​ជំងឺ​បេះដូង​។ ​ដើម្បី​រារាំង​ជំងឺ​​បេះដូង​ លោក​អ្នក​គួរ​ធ្វើ​លំហាត់​ប្រាណ​ចង្វាក់​បេះដូ​ង​(Aerobic workouts) ​ឱ្យ​បាន​ ៣០​នាទី​ក្នុង​មួយ​ថ្ងៃ និង ​៥​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ​ដែល​លំហាត់​ប្រាណ​ទាំង​នោះ​រួម​មាន​ដូ​ច​ជា ​ការ​ហែល​ទឹក​ ការ​​ជិះ​កង់​ និង​ការ​ដើ​រ​។​
២. ​ការ​ពារ​សួត​រ​បស់​អ្ន​ក៖ ​ មនុស្ស​ពេញ​វ័យ​ភាគ​ច្រើន​ កត់​សម្គា​ល់​ខ្លួន​ឯង​ថា ​ពួក​គាត់​កាន់​តែ​មាន​បញ្ហាលំបាក​ក្នុង​ការ​ដក​ដង្ហើម​នៅ​ពេល​ឈាន​ដ​​ល់វ័យ​ចា​ស់ ​ទោះ​​បី​ជា​ពួក​គាត់​មិនរង​វិប​ត្ដិ​ដោយ​ជំងឺ​ហឺត ​ឬ​ជំងឺ​សួត​ដទៃ​ទៀតក៏​ដោយ​។ ​ការ​ពិបាក​ដកដង្ហើម​នេះ ដោយ​សារ​សួត​បាត់​បង់​នូវ​ភាព​បត់​បែត​ ឬ​យឺត​ ជា​ពិសេស​ប្រសិន​បើ​លោក​អ្នក​រស់​នៅ​ក្នុង​តំបន់ ​ដែល​មានការបំពុល​ខ្យល់​អាកាស​ខ្ពស់ ​ឬ​ប្រសិន​បើ ​លោក​អ្នក​ជា​អ្នក​ជក់​បារី​។ ​ហេតុ​ដូច្នេះ​សួត​របស់​អ្នក​ទៅ​ជារឹ​ង ​ហើយ​មិ​ន​អាច​ធ្វើ​ចលនា​ខ្យល់ ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ មូល​ហេតុ​នេះ​ទើប​បណ្ដាល​ឱ្យ​លោក​ពិបាក​ក្នុង​ការ​ដក​ដង្ហើម​។ ​
​ដើម្បី​រារាំង​ការ​ពិបាកដក​ដង្ហើម ​សូម​ការពារ​ថ្លើមរបស់​លោ​​ក​អ្នក ​និង​ដក​ដង្ហើម​ចេញ ​និង​ចូល​សន្សឹមៗ ​តាម​បំពង់​ទុយោបឺត​ ឱ្យ​បាន​ប្រហែល ​២ ​ទៅ​៣​នាទី​ ម្ដង​ ឬ​ពីរ​ដង​ករៀង​រាល់​ថ្ងៃ​។ ​ការ​ធ្វើ​ដូច្នេះ​មាន​ប្រសិទ្ធ​ភាព​ជួយ​លាត​សន្ធឹង​សួត បង្កើន​សមត្ថភាព​របស់​សួត ​និង​លើក​កម្ពស់​មុខ​ងារ​សួត។ ​ដើម្បី​ធ្វើ​ឱ្យ​ការ​ដក​ដង្ហើម​តាម​ទុយោ​នេះ​ទទួល​បាន​ប្រសិទ្ធ​ភាព​ខ្ពស់ ​សូម​ចាប់​ផ្ដើម​ដោយ​ទុយោ​មាន​ទំហំ​ធំ ​ហើយ​បន្ទាប់​មក​ប្ដូរ​ទៅ​ទុយោ​ធម្មតា​វិញ​។ ​ហើយ​ការដក​ដង្ហើម​​នេះ​ទៀត​សោត ​គឺ​ត្រូវ​ដក​ដង្ហើម​តាមមាត់ ​មិនមែន​តា​ម​ច្រមុះ​របស់​អ្នក​នោះ​ឡើយ​។​
​៣. ​សាកល្បង​គន្លឹះ​ខាង​ក្រោម​ដើម្បី​បង្កើ​នការ​ចង​ចាំ​៖ ​បុរស ​ស្រ្ដី​ដែល​ឧស្សាហ៍ហាត់​ប្រាណ ​ទំនង​ជា​រស់​នៅ​បាន​អាយុវែង​ ជាង​បុរស​ស្រ្ដី ​ដែល​មិន​ហាត់​ប្រាណ​ ឬ​ហាត់​ប្រាណ​ក្នុង​កម្រិត​តិច​តួច​។  នេះ​ដោយ​សារ​ភាព​សកម្ម​របស់​រាង​កាយ​ មាន​ប្រសិទ្ធ​ភាព​បង្កើន​លំហូរ អុក​ស៊ី​សែនទៅ​កាន់ខួរ​ក្បាល ​ និង​ពង្រឹង​កម្រិត​សរសៃ​ប្រសាទ ​neurotransmitters ​ដែល​លើក​កម្ពស់​ផ្លូវ​អារម្មណ៍ និង​ការ​ចង​ចាំ​។ ​
​រឿង​ដ៏​សាមញ្ញ​បំផុត ដែលលោកអ្នក​អាច​ធ្វើ ​ការ​សាកល្បង​ចូល​ហាត់​រាំ​បែប ​Aerobic ​ដូច​ជា ​Power Yoga ​ក្បាច់រាំ​ចង្វាក់ ​ឬ​ Zumba ពី​ព្រោះ​សកម្មភាព​ទាំង​នេះ ផ្ដល់នូវ​សកម្មភាព​រាងកាយ​គ្រប់​គ្រាន់ ដែលនឹង​លើកកម្ពស់​ការចង​ចាំ ​និង​សមត្ថភាព​រៀនសូត្រ​។ ​
៤.​ ដើរ​ឱ្យបានលឿន​បន្តិច​៖ ​បុរសស្រ្ដី ​ដែល​ដើរ​បាន​លឿន ក៏​​អាច​រស់នៅ​បាន​យូរ​ដែរ។ ​មូល​ហេតុ​​នេះដោយ​សារ​ការ​ដើរ​លឿន មិន​ត្រឹម​តែ​បញ្ចុះ​ចំនួន​ចង្វាក់​បេះដូង​ របស់​លោក​អ្នក​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​បញ្ចុះ​កម្រិត​សម្ពាធ​ឈាម​របស់​លោក​អ្នក​ទៀត​ផង​។ ​លើស​ពី​​នេះ​ទៀត ​ការដើរ​លឿន មានប្រសិទ្ធ​ភាព​ទប់​ស្កាត់​រារាំ​ងនូវ​​កំណកឈាម​ និ​ងបង្កើនកម្រិត កូឡេស្ដេរ៉ូលល្អ។ 
​ដើម្បី​ឱ្យ​មាន​អារម្មណ៍ថា​ក្មេង​ជាង​វ័យ ​រៀង​រាល់​ពេល​ដែល​អ្នក​ដើរ​លេង​កម្សាន្ដ ​ចូរ​បង្កើនរ​យៈ​ចម្ងាយ ​និង​​ល្បឿន។ ​ដើម្បី​ធ្វើ​ឱ្យ​ការដើរ​នេះ​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់ សូម​ត្រួត​ពិនិត្យ ដំណើរ​ការ នៃ​ការ​ដើរ​ ​ដោយ​ការ​វាស់​រយៈ​ចម្ងាយ​ និង​ពេល​វេលា​ ដែលត្រូវ​ប្រើ​សម្រាប់​ដើរ​ម្ដងៗ​។ ​ ចូរ​កំណត់ ​និង​សម្រេ​ច​ឱ្យបាន​គោល​ដៅ​ថ្មីៗ​ និង​ផ្ដល់​ឱ្យ​ខ្លួន​នូវ​ហេតុផល​ដ៏​សម​ស្រប​ ក្នុងការ​បង្កើន​សុខុ​មាល​ភាព​រាង​កាយ​៕ ​ 
អត្ថបទ៖ ដេវីដ
Source: health.com