ប្រជាជន​ថៃ​ចូល​ចិត្ត​ការ​វាយ​របស់ កែវ រំចង់ ក្នុង​កម្មវិធី Thai Fight


ប្រជាជន​ថៃ​ចូល​ចិត្ត​ការ​វាយ​របស់ កែវ រំចង់ ក្នុង​កម្មវិធី Thai Fight

លោក សាយ៉ាន ចាន់ស៊ីរី បុគ្គលិក​មួយ​រូប​របស់​កម្មវិធី Thai Fight បាន​ប្រាប់​ពី​ប្រទេស​ថៃ​មក​ថា ប្រជាជន​ថៃ​ចូល​​ចិត្ត​ការ​វាយ​របស់​កីឡាករ​ចិត្ត​សឿង កែវ រំចង់ យ៉ាង​ខ្លាំង ព្រោះ​ពួកគេ​មាន​ភាព​រីករាយ​ពេល​បាន​ទស្សនា​ការ​ប្រកួត​ចម្រុះ​ក្បាច់​មិន​ដូច​កីឡាករ​ផ្សេង។

 

ប្រជាជន​ថៃ​ចូល​ចិត្ត​ការ​វាយ​របស់ កែវ រំចង់ ក្នុង​កម្មវិធី Thai Fight កែវ រំចង់ និង Iquezang ពេល​ប្រកួត​នៅ​ប្រទេស​វៀតណាម

 

លោក សាយ៉ាន បាន​បញ្ជាក់​ថា ពេល​នេះ​អ្នក​ទស្សនា​ប្រដាល់​ជា​ច្រើន​ក្នុង​ប្រទេស​ថៃ ចាប់​ផ្ដើម​ស្គាល់​ឈ្មោះ​កីឡាករ​កម្ពុជា កែវ រំចង់ បន្ទាប់​ពី​ឡើង​សង្វៀន Thai Fight លើក​ទី២ នៅ​ប្រទេស​វៀតណាម​កាល​ពី​ថ្ងៃ​ទី២៤ ខែ​តុលា​កន្លង​ទៅ។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​កីឡាករ​កម្ពុជា​រូប​នេះ ចាប់​ផ្ដើម​មាន​ឈ្មោះ​ទាំង​មិន​ធ្លាប់​ឈ្នះ ព្រោះ​ការ​វាយ​ចម្រុះ​ក្បាច់​ប្លែក​ៗ ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មាន​អារម្មណ៍​ថា​រីករាយ​ប្រៀប​ដូច​ជា​ទស្សនា​​ការ​កម្សាន្ត។

 

មិន​ត្រឹម​តែ​ប្រជាជន​ថៃ​ទេ សូម្បី​ប្រធាន Thai Fight ក៏​ចាត់​ទុក​កីឡាករ កែវ រំចង់ ជា​ជម្រើស​ទី១ សម្រាប់​កម្មវិធី​របស់​ខ្លួន​ដែរ។ ចុង​ឆ្នាំ​២០១៥ នេះ រំចង់ ត្រូវ​ផ្ដល់​ឱកាស​ឲ្យ​ឡើង​សង្វៀន Thai Fight ២​ដង គឺ​នៅ​ថ្ងៃ​ទី២១ ខែ​វិច្ឆិកា​ខាង​មុខ​ប្រកួត​ជាមួយ​កីឡាករ​បារាំង ឯ​ថ្ងៃ​ទី ៣១​ខែ​ធ្នូ ត្រូវ​សង​សឹក​ជាមួយ​កីឡាករ​ថៃ Iquezang Kor Rungthanakeat។

 

កីឡាករ កែវ រំចង់ ធ្លាប់​ឡើង​សង្វៀន Thai Fight ២​ដង​រួច​មក​ហើយ ប៉ុន្តែ​មិន​ធ្លាប់​ស្គាល់​ជ័យ​ជម្នះ​ឡើយ។ លើក​ទី១ កាល​ដើម​ឆ្នាំ​២០១៤ កែវ រំចង់ បាន​សន្លប់​ក្រោម​ដៃ ​Yudsanklai ​​ក្នុង​ទឹក​ទី២។ ចំណែក​លើក​ទី២ ការ​ប្រកួត​នៅ​ប្រទេស​វៀតណាម​ជាមួយ​កីឡាករ Iquezang Kor Rungthanakeat ចាញ់​ដោយ​ពិន្ទុ​ទាំង​មិន​អស់​ចិត្ត៕

 

ប្រជាជន​ថៃ​ចូល​ចិត្ត​ការ​វាយ​របស់ កែវ រំចង់ ក្នុង​កម្មវិធី Thai Fight កែវ រំចង់ និង Iquezang ពេល​ប្រកួត​នៅ​ប្រទេស​វៀតណាម

 

ប្រជាជន​ថៃ​ចូល​ចិត្ត​ការ​វាយ​របស់ កែវ រំចង់ ក្នុង​កម្មវិធី Thai Fight

 Yudsanklai ​ និង កែវ រំចង់ កាល​ប្រកួត​ដើម​ឆ្នាំ​២០១៤

 

ចុចអាន៖ ឡុង សុភី​ និង​ កែវ រំចង់ ទៅ​​វ៉ៃ​នៅ​​ Thai Fight ​ថ្ងៃ​ទី​៣១​ ធ្នូ ជា​មួយ​គ្នា​​

ចុចអាន៖ កែវ រំចង់ ទៅ​​​សង​សឹក​នៅ Thai Fight ចុង​ឆ្នាំ​នេះ​​នឹង​មាន​ចៅក្រម​ខ្មែរ​មួយ​រូប

ចុចអាន៖ កែវ រំចង់ ​មិន​អស់​ចិត្ត​គិត​ថា ​ឈ្នះ​១០០​%​ហើយ ព្រោះ​ Iquezang ​រត់​ដូច Floyd

 

អត្ថបទ៖ គង់ វិសាល