មង្គល​ការ​ រស់​ សំអឿន និង​សាយ ពិសិដ្ឋ​​ ខែ​ធ្នូ​នេះ​​​ពិសេស​គួរ​ឲ្យសរសើរ

មង្គល​ការ​ រស់​ សំអឿន និង​សាយ ពិសិដ្ឋ​​ ខែ​ធ្នូ​នេះ​​​ពិសេស​គួរ​ឲ្យសរសើរ

បាល់​ប្រហែល​ក្លាយ​ជា​វត្ថុ​សម្រាប់​តុប​តែង​លំអ​ក្នុង​ពិធី​មង្គល​ការ​របស់​កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ពីរ​រូប​គឺ​ សាយ​ ពិសិដ្ឋ​ និង​​ រស់ សំអឿន ​នា​ខែ​ធ្នូ​ ឆ្នាំ​២០១៥​ខាង​មុខ​នេះ​​ ខណៈ​ពិធី​កាត់​នំ​ និង​បោះ​ផ្កា​មិន​មាន​រៀប​ចំ​ឡើយ។

មង្គល​ការ​ រស់​ សំអឿន និង​សាយ ពិសិដ្ឋ​​ ខែ​ធ្នូ​នេះ​​​ពិសេស​គួរ​ឲ្យសរសើរ

សាយ ពិសិដ្ឋ និង ងួន ចាន់បូរមី (រូបថត៖ ចាន់បូរមី)

 

កញ្ញា​ ងួន ចាន់បូរមី​ ដែល​ជា​កីឡា​ការិនី​សីប៉ាក់តាក្រ​ជម្រើស​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ​កញ្ញា​និង​គូ​ដណ្តឹង​ សាយ​ ពិសិដ្ឋ​ ​នឹង​រៀប​ចំ​មង្គលការ​នៅ​ថ្ងៃ​ទី​២៧​ ខែ​ធ្នូ​ ឆ្នាំ​២០១៥​ខាង​មុខ​នេះ​​នៅ​ភោជនីយ​ដ្ឋាន​វិមាន​ចរណៃ។ តាម​គម្រោង​មង្គល​ការ​របស់​នាង​នឹង​ត្រូវ​អញ្ជើញ​ភ្ញៀវ​ចូល​រួម​ប្រហែល​ជា​៦០​ទៅ​៧០​តុ។

 

កីឡា​ការិនី​សីប៉ាក់តាក្រ​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​​ប្រាប់​ថា មង្គល​ការ​របស់​នាង​មិន​មាន​រៀប​ចំ​ពិធី​កាត់​នំ​ និង​បោះ​ផ្កា​ឡើយ​ ប៉ុន្តែ​នឹង​មាន​អ្វី​ពិសេស​ប្លែក​ទៀត​ ប៉ុន្តែ​សូម​លាក់​ទុក​សិន​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល។

 

ចំណែក​កញ្ញា​ យូ បូណ៌មី ​ដែល​ជា​គូ​ដណ្តឹង​របស់​ រស់ សំអឿន​ បាន​ឲ្យ​ដឹង​ថា​ មង្គល​ការ​របស់​នាង​នឹង​រៀប​ចំ​នៅ​ថ្ងៃ​ទី​១៩​ ខែ​ធ្នូ ឆ្នាំ​២០១៥​ខាង​មុខ​នេះ​នៅ​ភោជនីយដ្ឋាន​ពិភព​ថ្មី។ ក្នុង​ពិធី​នេះ​ក្រុម​គ្រួសារ​របស់​នាង​ និង​ខាង​គ្រួសារ​សំអឿន​គ្រោង​អញ្ជើញ​ភ្ញៀវ​ចូល​រួម​ប្រហែល​ជា​៥០​តុ​ឡើង។

 

បុគ្គលិក​ក្រុម​ហ៊ុន​ឯក​ជន​រូប​នេះ​បាន​ប្រាប់​ថា​ មង្គល​ការ​របស់​នាង​មិន​​រៀប​ចំ​ពិធី​កាត់​នំ​ និង​បោះ​ផ្កា​ឡើយ​​ ប៉ុន្តែ​​នឹង​រៀប​ចំ​ពិធី​កាត់​ផ្លែ​ឈើ​ និង​នំ​អន្សម​ ព្រម​ទាំង​បោះ​បាល់​ជំនួស​វិញ។ អ្វី​ដែល​ពិសេស​ទៀត​ក្នុង​រោង​ជ័យ​មង្គល​ការ​​នឹង​រៀប​ចំ​តុប​តែង​លំអ​ដោយ​បាល់​ ហើយ​​ភ្ញៀវ​ជិត​ស្និទ្ធ​របស់​នាង​នឹង​​ស្លៀក​ពាក់​ត្រូវ​តាម​ពណ៌​កំណត់​យ៉ាង​ពិសេស​មួយ។

 

មង្គល​ការ​ រស់​ សំអឿន និង​សាយ ពិសិដ្ឋ​​ ខែ​ធ្នូ​នេះ​​​ពិសេស​គួរ​ឲ្យសរសើរ រស់ សំអឿន និង យូ បូណ៌មី ថត Pre-Wedding (រូបថត៖ Silapak​ Wedding)

 

ស្នេហា​របស់​កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ទាំង​ពីរ​ខាង​លើ​បាន​ចាប់​ផ្តើម​ច្រើន​ឆ្នាំ​មក​ហើយ​តាម​រយៈ​​វិស័យ​កីឡា​ដែល​បាន​ផ្តល់​ឱកាស​ឲ្យ​ពួក​គេ​បាន​ជួប​គ្នា​ និង​សម្រេច​រៀប​ចំ​អាពាហ៍ពិពាហ៍​នៅ​ខែ​ធ្នូ​ ចុង​ឆ្នាំ​២០១៥​នេះ​ព្រម​គ្នា​តែ​ម្តង៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​