ការ​ពិត​នាយ សាន ម៉ៅ ជា​​ថៅកែ​ក្លឹប “ហូលីវូដ”


ការ​ពិត​នាយ សាន ម៉ៅ ជា​​ថៅកែ​ក្លឹប “ហូលីវូដ”

តារា​កំប្លែង​ជើង​ចាស់ នាយ​សាន ម៉ៅ បាន​ប្រាប់ Sabay​ ថា ក្នុង​រឿង “ប៉ុបពីទៅ​ហូលីវូដ”  ទើប​តែ​បញ្ចប់​ការ​ថត​កាល​ពី​ចុង​ខែ តុលា កន្លង​ទៅ នាយ​ដើរ​តួ​ជា​ថៅកែ​ក្លឹប​​កម្សាន្ត​ធំ​មួយ​​នៅ​ខេត្ត ព្រះវិហារ ​​មាន​ឈ្មោះ​ថា “ហូលីវូដ”។

 

ការ​ពិត​នាយ សាន ម៉ៅ ជា​​ថៅកែ​ក្លឹប “ហូលីវូដ”

 

 

តាម​ការ​រៀប​រាប់​របស់​តារា​កំប្លែង​​ខាង​លើ  នាយ​​ត្រូវ​តែង​ខ្លួន​ជា​ប្រុស​ផង​ស្រី​ផង ជា​អ្នក​រក​ស៊ី​ខុស​ច្បាប់។ ដោយ​ខ្លាច​​ប៉ូលិស​ចាប់ នាយ​​បាន​​​រត់​ពី​ភ្នំពេញ មក​សម្ងំ​លាក់ខ្លួន​នៅ​ទឹក​ដី​ខេត្ត ព្រះវិហារ ហើយ​​បើក​ក្លឹប​មួយ​​ដាក់​ឈ្មោះ​ថា “ហូលីវូដ”។ ក្នុង​ក្លឹប​កម្សាន្ត​​នេះ ក្រៅ​ពី​ចាក់​បទ​ឌីស្កូ គឺ​មាន​ការ​សម្ដែង​ Show ភេទ​ទី៣ផង​ដែរ ក្នុង​តួ​ភេទ​ទី៣​នាយ សានម៉ៅ មាន​ឈ្មោះ លីលី ។

 

ក្នុង​​រឿង“ប៉ុបពីទៅ​ហូលីវូដ” នេះ នាយ សាន ម៉ៅ មាន​​ប្លង់​ថត​រហូត​ដល់​ទៅ​ជាង២០ថ្ងៃ ហើយ​ការ​ថត​ក្នុង​រឿង​នេះ នាយ​បញ្ជាក់​ឲ្យ​ដឹង​ថា តាំង​ពី​ថត​រឿង​មក មិន​ធ្លាប់​ថត​ច្រើន​ថ្ងៃ​ដូច​នេះ​ឡើយ។

 

តារា​កំប្លែង​ក្នុង​ក្រុម​នាយ​​កុយ​រូប​​នេះ បាន​សរសើរ​អ្នក​ដឹក​នាំ​រឿង​នេះ​ជា​ខ្លាំង ដោយ​នាយ​លើក​ឡើង​ថា ផលិតករ​ក៏​ដូច​ជា​ក្រុម​ការងារ​ទាំង​អស់  បាន​ធ្វើ​ការងារ​មាន​ភាព​យកចិត្តទុកដាក់​នឹង​សម្រិតសម្រាំង​ជា​ខ្លាំង ដែល​សកម្មភាព​នេះ នាយ​ សានម៉ៅ ចាត់​ទុក​ថា ស្ទើរ​តែ​មិន​មាន​ផលិតកម្ម​ផ្សេងៗ​ទៀត​ដែល​នាយ​បាន​ចូល​រួម​ថត​កន្លង​មក​ធ្វើ​បាន​ដូច។ “និយាយ​បែប​នេះ មិនមែន​​ខ្ញុំ​ថត​រឿង​នេះ បាន​ខ្ញុំ​សរសើរ​ទេ តែ​គេ​ធ្វើ​បាន​ល្អ​មែន ក្នុង​​ឈុត​នី​មួយៗ​មាន​ភាព​ទាក់​ទាញ​គ្នា ហើយ​រឿង​ហូប​ចុក​វិញ គឺ​មិន​ខ្វះ​ទេ គេ​មាន​អ្នក​គ្រប់​គ្រង​ច្បាស់​លាស់​ណាស់ មិន​ងាយ​ជួប​ទេ ” នាយសាន ម៉ៅ ថ្លែង​បញ្ជាក់។

 

ជា​មួយ​នឹង​ស្នាដៃ​នេះ​តារា​កំប្លែង ចាស់​វស្សា​រូប​នេះ បាន​ស្នើ​ទៅ​ទស្សនិកជន​មេត្តា​​ជួយ​គាំទ្រ​​ឲ្យ​បាន​ច្រើន ដើម្បី​ជា​ការ​លើក​ស្ទួយ​ខ្សែភាពយន្ត​ខ្មែរ​យើង ក៏​ដួច​ជា​លើក​ទឹក​ចិត្ត​ដល់​ផលិតករ ក្នុងការ​​ផលិត​ខ្សែភាពយន្ត​បន្តបន្ទាប់​ថែម​ទៀត។

 

ការ​ពិត​នាយ សាន ម៉ៅ ជា​​ថៅកែ​ក្លឹប “ហូលីវូដ”

 

ការ​ពិត​នាយ សាន ម៉ៅ ជា​​ថៅកែ​ក្លឹប “ហូលីវូដ”

 

រឿង “ប៉ុបពីទៅ​ហូលីវូដ” គឺ​ជា​ខ្សែភាពយន្ត​ខ្នាត​ធំ​ និយាយ​ពី​​មនុស្ស​ភេទ​ទី ៣ មួយ​ក្រុម ត្រូវ​បាន​សង្គម​រើស​អើង ដោយ​ក្នុង​រឿង​ទាំង​មូល មាន​ឈុត​ឆាក​កំប្លែង លាយ​មនោសញ្ចេតនា ស្នេហា ជា​ដើម។ តារា​សម្ដែង​នៅ​ក្នុង​រឿង​មាន​ដូច​ជា ឌុច លីដា អ៊ុន សិទ្ធា ប៉ុបពី ប៉ីប៉ីឌី នាយ សានម៉ៅ លោក ភីម៉ៃ  និង​​តារា​កិត្តិយស ជា​ច្រើន​នាក់​ទៀត។ អ៊ុន សិទ្ធា ប៉ុបពី ប៉ីប៉ីឌី នាយសាន ម៉ៅ លោក ភីម៉ៃ ត្រូវ​សម្ដែង​ជា​ភេទ​ទី ៣ ។

 

​​ខ្សែភាពយន្ត​​ខ្នាត​ធំ​នេះ​ ផលិត​ឡើង​ក្រោម​ការ​សហការ​គ្នា រវាង​​ក្រុមហ៊ុន ៣ មាន ផលិតកម្ម 802AD ផលិតកម្ម Rock និង​ក្រុម​ហ៊ុន Sabay Digital Corporation ។ ចំពោះ​ការ​ចាក់​បញ្ចាំង​គ្រោង​ធ្វើ​​នៅ​ដើម​ឆ្នាំ ២០១៦ នៅ​តាម​រោងភាពយន្ត​ទំនើប​នានា ក្នុង​រាជធានី​ភ្នំពេញ៕

 

អត្ថបទ៖ ខុត សីហា