ពេល​បើក​ប្រាក់​ខែ អ្នក​នឹង​យក​លុយ​ធ្វើ​អ្វី​មុន​គេ?


ពេល​បើក​ប្រាក់​ខែ អ្នក​នឹង​យក​លុយ​ធ្វើ​អ្វី​មុន​គេ?

គ្មាន​អ្វី​សប្បាយ ​ជាង​ថ្ងៃ​បើកប្រាក់​ខែទេ ព្រោះ​ថា​ មនុស្ស​ម្នាក់ៗ​នឹង​យក​ប្រាក់​ទាំង​នោះ ទៅ​ធ្វើ​អ្វី​ដែល​គេ​ចង់​ធ្វើ តួយ៉ាង ​ទិញ​របស់របរ ប្រើប្រាស់ សំលៀក​បំពាក់ ឬ​បង់​ថ្លៃ​ផ្ទះ​ ទឹក​ ភ្លើង ​ជា​ដើម។

 

ពេល​បើក​ប្រាក់​ខែ អ្នក​នឹង​យក​លុយ​ធ្វើ​អ្វី​មុន​គេ?

 

លុយ​ពិបាក​រក​អ៊ីចឹង​បុគ្គលិក​​ក្នុង​ក្រុមហ៊ុន​ចិន កញ្ញា ជីនជីន នឹង​ផ្ញើ​ប្រាក់​ឱ្យ​ម្ដាយ ដោយ​មិន​បង្អង់​យូរ​ឡើយ​ ព្រោះក្រែង​ខ្លាច​ចាយ​អស់។ យុវតី​ដែល​រីក​ធំធាត់​ក្នុង​ខេត្ត​កំពត​រូប​នេះ​ថ្លែង​ថា កាល​នៅ​តូច​​កញ្ញា​តែង​សុំ​លុយ​ឪពុកម្ដាយ​ចាយ ដោយ​មិន​ដឹង​ថា ពួកគាត់​រក​ប្រាក់​លំបាក​ប៉ុណ្ណា​ទេ ម្ល៉ោះហើយ​កញ្ញា​ត្រូវ​ចាយ​ឱ្យ​ត្បិតត្បៀត និង ​ជួយពួក​គាត់​វិញ​។

 

​មិន​គិត​ពី​កន្លែង​ស្នាក់នៅ និង​ថ្លៃ​ម្ហូបអាហារ ព្រោះ​ក្រុមហ៊ុន​ជា​អ្នក​ផ្គត់ផ្គង់​ឱ្យ ដោយ​ក្នុង​មួយ​ខែ​ៗ ជីនជីន ​ត្រូវ​ទុក​​មួយ​ចំណែក​សម្រាប់​​ខ្លួន​ឯង​ខ្លះ និង​មួយ​ចំណែក​ទៀត​សម្រាប់​​ម្ដាយ ៖ “ផ្ញើ​ឱ្យ​ម៉ាក់​តិច ៣០០ដុល្លារ បើច្រើន ៥០០ដុល្លារ និង​ទុក​ចាយ​ខ្លួន​ឯង​ខ្លះ។ ផ្ញើ​​ឱ្យ​គាត់ គាត់​មាន​តែ​ទុក​ឬ​ទិញ​អីវ៉ាន់​ឱ្យ​ខ្ញុំ​វិញ”។

 

ងាក​មក​មើល​យុវតី ទួន​ សិរីរតនា បាន​លើក​ឡើង​ថា បើ​មាន​ប្រាក់​ខែ​ច្រើន កញ្ញា​នឹង​​ទិញ​អ្វី​ដែល​ធ្វើ​ឱ្យ​ខ្លួន​កញ្ញា​មើល​ទៅ​ជា​មនុស្ស​សម្ភារៈនិយម ជា​ពិសេសកញ្ញា​ចង់​ទិញ​​កាមេរ៉ា DSLR ដែល​ជា​តម្រូវការ​សំខាន់​មួយក្នុង​វិស័យ​ការងារ​​ការសិក្សា។

 

ខណៈ​ពេល​នៅ​មិន​ទាន់​មាន​ប្រាក់​ខែ​ច្រើន និស្សិត​ឆ្នាំ​ទី ២ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​​សារ​គមនាគមន៍​រូបនេះ​និយាយ​ថា ៖ “ជំហាន​ដំបូង​នោះ គឺ​សន្សំ​ទុក​សម្រាប់​ផ្គត់ផ្គង់​ការសិក្សា​ប្រចាំថ្ងៃ”។

 

មាន​ប្រភព​មក​ពី​ខេត្ត​តាកែវ​ លោក សួង វិច្ឆិកា បាន​ឱ្យ​ដឹង​ថា ពេល​បើក​ប្រាក់​បៀវត្ស លោក​ត្រូវ​បង់​ថ្លៃ​បន្ទប់​ជួល ទឹក​ភ្លើង បន្ទាប់​មក​​បង្វិល​លុយ​សង​ម្ចាស់​បំណុល។

 

និស្សិត​មិន​ទាន់​បញ្ចប់​ការសិក្សា វិច្ឆិកា និយាយទាំង​​មិន​លាក់លៀម​ថា៖ “ប្រាក់​ខែ​បើក​មក ត្រូវ​ចំណាយ​លើ​ថ្លៃ​បន្ទប់​ជួល ទឹក​ភ្លើង​សរុប ៦៥ ដុល្លារ សង​មិត្តភ័ក្ដិ​ខ្លះ និង​ទុក​ចាយ​ខ្លះ។ ចាយ​សល់​ថ្ងៃ​រហូត​ហ្នឹង​!”។

 

មាន​ចំណុច​មួយ​​ដូចគ្នា​នឹង​វិច្ឆិកា លោក លី ហេង ប្រាប់​ថា រឿង​ដែល​ត្រូវ​គិត​មុន​គេ​ ពេល​បើក​ប្រាក់​ខែ​នោះ គឺ​ត្រូវ​បង្វិល​លុយ​សង​លុយ​គេ។ លី ហេង បញ្ជាក់​​ទាំង​អស់​សំណើច​ថា ៖ “ធម្មតា​ទេ​បង ខ្ចី​គេ​ត្រូវ​សង​គេ​សិន រឿង​ផ្សេង​ចាំ​គិត​តាម​ក្រោយ”។

 

ចំណែក​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​អាកាសចរណ៍​មួយ ក្នុង​ទីក្រុង​ភ្នំពេញ​ឈ្មោះ ថន ប៊ុនឡាយ បង្ហើប​ឱ្យ​ដឹង​ថា ជា​ធម្មតា​លោក​ទៅ​ញ៉ាំ​អី​ជា​មួយ​មិត្តភ័ក្ដិ [ចូល​បៀរហ្គាឌិន] បើ​មិន​ដូច្នេះ​ទេ​នាំ​មិត្ត​ស្រី​ទៅ​ដើរ​លេង។

 

“ចេញ​ទៅ​ក្រៅ​ជាមួយ​មិត្តភ័ក្ដិ និង​ផឹក​តិចតួច​នៅ Triple 8។ ខ្ញុំ​អត់​​ចេញ​ទាំង​អស់​ទេ គឺ​យើង Share គ្នា ហើយ​​ពេល​ខ្លះ​ខ្ញុំ​នាំ​មិត្ត​ស្រី​ដើរលេង”។ លោក​បញ្ជាក់។

 

នេះ​ជា​អ្វី​ដែល​យុវវ័យ​ខាងលើបង្ហើបឱ្យ​ដឹង​ នៅ​ពេល​បើកប្រាក់​ខែ ចុះ​អ្នក​វិញ​ ធ្វើ​អ្វី​ដែរ?

 

 

ចុចមើល៖ អ្នក​នឹង​ធ្វើ​អ្វី បើ​ឪពុកម្ដាយ​មិន​ឱ្យ​អ្នក​រៀបការ ជាមួយ​មនុស្ស​ដែល​អ្នក​ស្រលាញ់

ចុចមើល៖ មហិច្ឆតា​សាមញ្ញ ៦ យ៉ាង​​ដែល​អ្នក​ភ្នំពេញ​ភាគ​ច្រើន​ប្រាថ្នា​ចង់​បាន​ក្នុង​ជីវិត

 

អត្ថបទ៖ អ៊ុំ សុភក្តិ