ទាហាន​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ពាក់​​​ព័ន្ធ​ហេតុការណ៍បាញ់ស្លាប់​មន្ត្រី​នគរ​​​បាល​ម្នាក់​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើម្នាក់​

កាល​​​ពី​ម្សិលមិញ​ អាជ្ញាធរ​​​​​​ខេត្ត​​​ព្រះវិហារ​​​បាន​​​ចាប់​​​ខ្លួន​​​ទាហាន​​​ម្នាក់​​​ដែល​​​ជាប់​​​សង្ស័យ​​​ថា​មាន​ពាក់​​​ព័ន្ធ​​​នៅក្នុង​​​ហេតុការណ៍​​​​​បាញ់​​​ប្រហារ​​​បណ្តាល​​​ឲ្យ​​​មន្ត្រី​​​នគរ​​​បាល​​​ម្នាក់ និង​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃឈើ​​​ម្នាក់​​​ទៀត​​​ស្លាប់​​​ អំឡុង​​​​​​ល្បាតរក​​​អ្នក​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ នៅ​ពេល​​​រំលង​អាធ្រាត្រ​​​​​ឈាន​​​ចូល​​​ព្រឹក​​​ថ្ងៃ​​​សៅរ៍​។

លោក សាប់ យស់ ជា​​​មន្ត្រី​​​នគរ​​​បាល​​​ស្រុក ​​​ឆែប និង​​​លោក សៀង ណារ៉ុង ជា​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​​​​​​​ត្រូវ​​​បាន​​​បាញ់​​​ប្រហារ​​​ ពេល​​​ដេក​​​លង់​​​លក់​​​នៅ​​​ម៉ោង​​​ប្រហែល​​​១និង​​​៣០​​​នាទី​​​រំលង​​​អាធ្រាត្រ​​​នៅ​​​ក្នុង​​​ព្រៃ​​​ការ​​​ពារ​​​ព្រះ​​​រកា ដោយ​​​ជន​​​ដៃដល់​​​មួយ​​​ក្រុម​​​ដែល​​​គេច​​​ខ្លួន​​​ចូល​​​​​​ក្នុង​​​ព្រៃ​​​ នេះ​​​បើ​​​យោង​​​តាម​​​មន្ត្រីម្នាក់​​​ទៀត​​​ដែល​​​ល្បាត​​​ជា​​​មួយ​​​មន្ត្រី​​​ទាំង​​​ពីរ​​​ខាង​​​លើ​​​ និង​​​ដែល​​​រត់​​​គេច​​​ខ្លួន​​​រួច​​​។

បុរស​​​ប្រាំ​​​មួយ​​​នាក់​​​ដែល​​​គេ​​​ទាន់​​​ពេល​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​នៅ​​​ក្នុង​​​តំបន់​​​ដដែល​​​នេះ​​​កាល​​​ពី​​​លើក​​​មុន​​​​​​ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ព្រោះ​​​ជា​​​ជន​​​សង្ស័យ​​​ជាប់ ពាក់​​​ព័ន្ធ​​​ក្នុង​​​​ហេតុការណ៍​បាញ់​​​ប្រហារ​​​នេះ​​​ ហើយ​​​កំពុង​​​ត្រូវបាន​ឃុំ​​​ខ្លួន។

cam-photo-soldiers-suppliedកាល​​​ពី​​​ម្សិល​​​មិញ លោក ខាត់​​​ ហុ៊ន​​​ ​​​ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​ខេត្ត​​​នេះ​​​​​​ បាន​​​លើក​​​ឡើង​​​ថា ជន​​​សង្ស័យ​​​ទី​​​៧​​​​​​ឈ្មោះ ចាន់ សឿង អាយុ​​​៥៣​​​ឆ្នាំ​​​ ជា​​​ទាហាន​​​នៅ​​​កង​​​ពល​​​លេខ​​​៩​​​ នៃ​​​កង​​​ពល​​​ធំ​​​លេខ​​​៣​​​​​​នៃ​​​កង​​​យោធពល​​​ខេមរ​​​ភូមិន្ទ​​​ ក៏​​​ត្រូវ​​​បាន​​​​​​នាំ​​​ទៅ​​​ឃុំ​​​ខ្លួន​​​ដែរ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ចាប់​​​ខ្លួន​​​ទាហាន​​​រូប​​​នេះ​​​ ព្រោះ​​​បុគ្គល​​​នេះ​​​ជា​​​រឿយ​​​ៗ​​​តែង​​​តែ​​​ទូរស័ព្ទ​​​មក​​​មន្ត្រី​​​នគ​​​របាល​​​របស់​​​យើង​​​ ហើយ​​​គំរាម​​​បាញ់​​​សម្លាប់​​​ពួក​​​គេ​​​ បន្ទាប់​​​ពី​​មន្ត្រី​​​របស់​យើង​​​បាន​​​រឹប​​​អូស​​​រណារ​​​​​ពី​​​អ្នក​​​កាប់​​​ឈើ​​​មួយ​​​ចំនួន​​​។ យើង​​​បាន​​​ស្នើ​​​ឲ្យ​​​មេបញ្ជាការ​​​កង​​​ពល​​​លេខ​​​៩ នាំ​​​ជន​​​សង្ស័យ​​​មក​​​ឲ្យ​​​យើង​​​ដើម្បី​សាក​​​សួរ ហើយ​​​មេបញ្ជាការ​​​រង​​​បាន​​​ចាប់​​​ខ្លួន​​​ជន​​​សង្ស័យ​​​ ហើយ​​​ប្រគល់មក​​​ឲ្យយើង​​​នៅ​​​ព្រឹក​​​នេះ​​​”។

លោក ខាត់ ហ៊ុន បាន​​​លើក​​​ឡើង​​​ទៀត​​​ថា លោក​​​​​​មិន​​​បាន​​​ដឹង​​អំពី​​​​​​ការ​​​ទូរស័ព្ទ​​​គំរាម​​​ពី​​​ទាហាន​​​រូប​​​នេះទេ​​​​រហូត​​​មក​​​​​​ទល់​​​ពេល​​​នេះ ​​​ព្រោះ​​​មន្ត្រី​​​នគរ​​​បាល​​​ដែល​​​រង​​​របួស​​​ពេល​​​​​ល្បាត​​​កាល​​​ពី​​​ចុង​​​សប្តាហ៍​​​ និង​ដែល​​​អះ​​​អាង​​​ថា ធ្លាប់​​​ត្រូវ​គេ​​​ទូរស័ព្ទ​​​មក​គំរាម​​​នោះ​ មិន​​​ដែល​​​ផ្តល់​​​ព័ត៌​​​មាន​​​នេះទេ​​​ពី​​​មុន​​​មក​​​។ មន្ត្រី​​​ដដែល​​​រូប​​​នេះ​​​ដែលមាន​​​ឈ្មោះ​​​ ភេទ ​​​សុភ័ណ  បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ម្នាក់​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ថា លោក​​​សង្ស័យ​​​ថា ទាហាន​​​មាន​​​ជាប់​​​​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ហេតុការណ៍​​​បាញ់​​​ប្រហារ​​​នេះព្រោះ​​​មាន​​​ទាហាន​​​មួយ​​​ក្រុម​​​​​​​​​​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ពីបទ​​​កាប់​​​ឈើ​​​នៅ​​​ក្នុង​​​តំបន់​​​នេះ​​​ កាល​​​ពី​​​ពីរ​​​បីខែ​​​មុន​​​។

លោក ខាត់ ហ៊ុន បាន​​​លើក​​​ឡើង​​​បន្ថែម​ទៀត​​​ថា ទាហាន​​​រូប​​​នេះ​​​កំពុង​​​ត្រូវ​​​បាន​​​សាក​​​សួរ​​​នៅ​​​​​​ស្នង​​​ការ​​​ដ្ឋាន​​​នគ​​​របាល​​​ខេត្ត​​​ដោយ​​​មន្ត្រី​​​មក​​​ពី​​​នាយក​​​ដ្ឋាន​​​នគ​​​របាល​​​កណ្តាល​​​​​​យុត្តិធម៌​​​​​​នៃ​​​នគរ​​​បាល​​​ជាតិ​​​របស់​​​ក្រសួង​​​មហាផ្ទៃ​​​។

លោក អិុន ប៉ូរា ប្រធាន​​​នាយក​​​ដ្ឋាន​​​នេះ​​​​​​បាន​​​បញ្ជាក់​​​ពីការ​​​សាក​​​សួរ​​​ទាហាន​​​មក​​​ពី​​​កង​​​ពល​​​លេខ​​​៩​​​រូបនេះ​​​ ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ការ​​​បាញ់ប្រហារនេះ​។

ដោយ​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែម​​​​​​ នោះ ​​​លោក​​​មាន​​​ប្រសាសន៍​​​ថា “មន្ត្រី​​​នគ​​​របាល​​​ របស់​​​ខ្ញុំ​​​កំពុង​​​សាក​​​សួរ​​​ទាហាន​​​រូប​​​នេះ​​​និង​​​អ្នក​​​កាប់​​​ឈើ​​​ផ្សេង​​​ៗ​​​ទៀត​​ ប៉ុន្តែ​ពួក​​​គាត់​​​នៅ​​​មិន​​​ទាន់​​​ធ្វើ​​​របាយការណ៍​​​ជូន​​​ខ្ញុំ​​​នៅ​​​ឡើយ​​​ទេ​​​”។

លោក ដួង​​​ ចាន់​​​ មេបញ្ជាការ​​​កង​​​ពល​​​លេខ​​​​​​ ៩​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ​​​។ ប៉ុន្តែ លោក ​​​ស្រី ឌឹក មេបញ្ជាការ​​​កង​​​ពល​​​ធំ​​​លេខ​​​៣​​​ បាន​​​បដិសេធ​​​ថា ពុំ​​​មាន​​​មន្ត្រី​​​ណាម្នាក់​របស់​​​លោក​​​ត្រូ​​​វបាន​​​នាំ​​​យក​​​ទៅ​​​ឃុំ​​​ខ្លួន​​​ឡើយ​​​។

លោក​​​បាន​​​លើក​​​ឡើង​​​ថា “គ្មាន​​​ការ​​​ចាប់​​​ខ្លួន​​​ទាហាន​​​របស់​​​យើង​​​ទេ​​​ ព័ត៌​​​មាន​​​នេះ​​​មិន​​​ពិត​​​ឡើយ​​​”។

ការ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​របស់​​​ទាហាន​​​នៅក្នុង​ការ​​​កាប់​​​ឈើ​​​ខុសច្បាប់​​​ដ៏​​​រាល​​​ដាល​​​នៅ​​​កម្ពុជា​​​ត្រូវ​​​បាន​​​កត់​​​ត្រា​​​ទុក​​​បាន​​​យ៉ាង​​​ល្អ​​​។

ទាហាន​​​ជា​​​រឿយៗ​​​តែងតែ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ពេល​​​រត់​​​ពន្ធ​​​ឈើ ហើយ​​​ពួក​​​គេ​​​​​​តែង​​​តែ​​​ជាប់​​​ឈ្មោះ​​​នៅ​​​ក្នុង​​​របាយការណ៍​​​នគរ​​​បាល​​​ថា ជា​​​អ្នក​​​កាង​​​អ្នក​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​​​​​​​។ ​​​ទោះ​​​បី​​​ជា​​​ហេតុការណ៍​​​​​គំរាម​​​នគរបាល​​​ និង​​​​​​ឧទ្យានុ​រក្ស ដែល​​​ធ្វើ​​​ការ​​​លុប​​​បំបាត់​​​ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ គឺ​​​ជា​​​រឿង​​​ដែល​​​កើត​​​មាន​​​ជា​​​ញឹក​​​ញយ​​​ក៏​​​ដោយ​​​តែ​​​ការ​​​បាញ់​​​ប្រហារ​​​បណ្តាល​​​ ​​​ឲ្យ​​​មាន​​​មនុស្ស​​​ស្លាប់​​​កម្រ​​​កើត​​​មាន​​​ណាស់​​​។ ​​​

យោង​​​តាម​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​បាន​​​ឲ្យដឹង​​​ថា ឧទ្យានុ​​​រក្ស​​​ម្នាក់ ត្រូវ​​​បាន​​​បាញ់​​​ស្លាប់​​​​​​លើក​​​ចុង​​​ក្រោយ​​​ដោយ​​​អ្នក​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ប្រហែល​​​ ២០​​​ឆ្នាំ​​​មុន​​​៕ស៊ុយឈាង​​​​​​

The post ទាហាន​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ពាក់​​​ព័ន្ធ​ហេតុការណ៍បាញ់ស្លាប់​មន្ត្រី​នគរ​​​បាល​ម្នាក់​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើម្នាក់​ appeared first on ខេមបូឌា ដេលី.