ចៅ​អធិការ​​ត្រូវ​បាន​​​ចោទ​ប្រកាន់​ពី​បទ​រួម​ភេទ​ជាមួយ​​​នេន​​​១០​អង្គ

ព្រះ​ចៅ​អធិការ​​វត្តមួយ​អង្គ​ព្រះនាម​​ វង្ស ចែត ​ដែល​​​សារភាព​កាលពី​ថ្ងៃ​អាទិត្យ​​​ថា ​ខ្លួន​បាន​​រួម​ភេទ​ជាមួយ​សាមណេរ​​​ចំនួន​១០​អង្គ​នៅ​វត្ត​ដាច់​ស្រយាល​មួយ​ក្នុង​ខេត្ត​សៀមរាប​ ត្រូវ​​បាន​​ចោទ​ប្រកាន់​​​​កាល​ពី​ម្សិលមិញ​ជុំ​វិញ​​ករណី​​រំលោភ​បំពាន​ផ្លូវ​ភេទ​នេះ ​ខណៈ​មន្ត្រី​បង្ហាញ​ថា ព្រះ​ចៅ​អធិការ​អង្គ​នេះ​​មាន​ភាព​ឯកោ​​ខ្លាំង​ជាមួយ​​​ព្រះសង្ឃ​ក្មេងៗ​​ដែល​ស្ថិត​ក្រោម​ការ​មើល​ថែរ​របស់​ខ្លួន​​។

ព្រះ​តេជគុណ វង្ស ចែត ត្រូវ​បាន​​ផ្សឹក និង​ចាប់​ខ្លួន​កាលពី​ល្ងាច​​ថ្ងៃ​អាទិត្យ បន្ទាប់ពី​​ក្រុម​គ្រួសារ​របស់​សាមណេរ​ទាំង​១០​អង្គ​​បាន​​​​ចេញ​មុខ​​ចោទ​ប្រកាន់​ថា ​​ព្រះ​ចៅ​អធិការ​​​​អង្គ​​នេះ​បាន​រួម​ភេទ​ជាមួយ​សាមណេរ​ទាំង​នោះ​​រយៈពេល​៦ខែ​មក​ហើយ និង​បាន​​ឲ្យ​បច្ច័យ​ទៅ​សាមណេរ​ទាំង​នោះ​​ដើម្បី​​ឲ្យ​បិទ​មាត់​។

លោកស្រី ដួង ថាវរី នាយ​ការិយាល័យ​នគរ​បាល​​​​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការ​ពារ​អនីតិជន​ខេត្ត​សៀមរាប ​មាន​ប្រសាសន៍​ថា “​ចៅក្រម​ស៊ើបសួរ​​ លឹម សុគន្ធារី បាន​ចោទ​ប្រកាន់​​គាត់​​ពីបទ​ទិញ​ពេស្យាចារ​កុមារ និង​បទ​រួម​ភេទ​ជាមួយ​អនីតិជន​”។ លោកស្រី​បាន​លើក​ឡើង​បន្ថែម​ថា ​ពេល​នេះ អន្ទិត វង្ស ចែត អាយុ​៤៦​ឆ្នាំ កំពុង​​​ជាប់​ឃុំ​​បណ្ដោះ​អាសន្ន​​។

សូម​បញ្ជាក់​ថា បទ​ល្មើស​​ទិញ​ពេស្យាចារ​កុមារ​ត្រូវ​មាន​ទោស​ជាប់​​ពន្ធនាគារ​រយៈ​ពេល​​​​​១៥​ឆ្នាំ​ ចំណែក​ឯ​បទ​ល្មើស​រួម​​ភេទ​ជាមួយ​អនីតិជន​ត្រូវ​មាន​ទោស​ជាប់​ពន្ធ​នាគារ​​​រយៈ​ពេល​១០​ឆ្នាំ​។

កាលពី​ថ្ងៃ​ច័ន្ទ លោកស្រី ដួង ថាវរី ​បាន​​​​បញ្ជាក់​ថា សាមណេរ​​រងគ្រោះ​​មាន​ព្រះជន្ម​ចន្លោះ​​ពី​១១​​​ទៅ​១៧​ព្រះវស្សា  ហើយ​​​​​​ថា ​អន្ទិត​ វង្ស ចែត បាន​​ឲ្យ​ប្រាក់​ទៅ​សាម​ណេរ​​​ទាំង​នោះ​​​ចន្លោះ​ពី​១២​,៥០​ដុល្លារ​​​​ទៅ​២៥​ដុល្លារ​​សម្រាប់​ការ​រួម​ភេទ​មួយ​​​​លើកៗ​​ដើម្បី​​ឲ្យ​សាមណេរ​ទាំង​នោះ​រក្សា​ការ​សម្ងាត់។

កាលពី​ម្សិលមិញ នគ​រ​បាល​មូលដ្ឋាន​បាន​​​​​​ប្រាប់​ថា វត្ត​រតនមុនី ដែល​ស្ថិត​​ក្នុង​ស្រុក​ក្រឡាញ់ មាន​បរិយាកាស​​ស្ងប់​ស្ងាត់​​ធ្វើ​ឲ្យ​​​អន្ទិត វង្ស ចែត មាន​ឱកាស​បំពាន​​ផ្លូវ​ភេទ​​សាមណេរ​ទាំង​នោះ។

លោក សឿន រ៉េត ​​​នាយ​ប៉ុស្តិ៍​នគរ​បាល​ឃុំ​រោងគោ ​បាន​មាន​ប្រសាសន៍​ថា “​វត្ត​នេះ​មាន​​​ព្រះសង្ឃ​ចំនួន​១៥​អង្គ​​ រួម​ទាំង​ព្រះ​ចៅអធិការ វង្ស ចែត ដែល​​ចាស់​ជាង​គេ​​ផង​នៅ​ក្នុង​វត្ត​នេះ​។ ព្រះ​សង្ឃ​​ចំនួន​១៣​អង្គ​មាន​ព្រះជន្ម​​ក្រោម​១៨​​ព្រះវស្សា​ ហើយ​មួយ​អង្គ​ទៀត​មាន​​​​ព្រះជន្ម​​ប្រហែល​៣០​ព្រះវស្សា។ វត្ត​រតន​មុនី​ ​​មាន​ទី​តាំង​ស្ថិត​នៅ​ចុង​ផ្លូវ​លំ​ក្នុង​តំបន់ជនបទ​ នេះ​បើ​យោង​តាម​​​​លោក​ ឃុន សាវុធ នាយ​​ប៉ុស្តិ៍​​នគរ​បាល​ឃុំ​ដែល​បាន​លើក​ឡើង​ថា អ្វី​ដែល​លោក​ដឹង​ពាក់​ព័ន្ធ​ប្រវត្តិ​របស់​​​អន្ទិត​ វង្ស ចែត គឺ​ថា គាត់​មក​ពី​ខេត្ត​បាត់​ដំបង និង​ធ្វើ​ជា​ព្រះ​ចៅអធិការ​​វត្ត​បាន​២ឆ្នាំ។ លោក​បន្ត​ថា ”​វត្ត​នេះ​ស្ថិត​នៅ​​ចម្ងាយ​​ពី​​២០០​ទៅ​៣០០​ម៉ែត្រ​ពី​ផ្ទះ​ប្រជាពលរដ្ឋ​”។

​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចាប់​ខ្លួន​​ និង​​ការ​សារភាព​​របស់​​ព្រះសង្ឃ​អង្គ​នេះ ព្រះ​តេជ​​​គុណ ឃឹម សន ព្រះ​មេគុណ​​រាជធានី​ភ្នំពេញ​នៃ​គណៈ​មហានិកាយ ​​បាន​មាន​សង្ឃ​ដីកា​កាល​​ពី​ថ្ងៃ​ច័ន្ទ និង​កាលពី​ម្សិលមិញ​ថា ​​ព្រះ​​​ចៅ​អធិការ​​​វត្ត​ និង​​មន្ត្រី​​សង្ឃ​ទាំង​អស់​​នឹង​ត្រូវ​​រំឭក​​​ដាស់​តឿន​តាម​​​ធម៌​វិន័យ​ព្រះពុទ្ធ​​។

ព្រះ​តេជ​គុណ សួង ឆន ​ព្រះ​អនុគណ​ស្រុក​ក្រឡាញ់ ​​បាន​មាន​សង្ឃដីកា​ថា នេះ​ជា​ករណី​ទី១​នៃ​ការ​​​រំលោភ​រវាង​ព្រះសង្ឃ​​ដែល​​​​​ព្រះ​អង្គ​មិន​ធ្លាប់​បាន​​ឮ ហើយ​ព្រះ​អង្គ​​​​​​​បាន​ព្យាយាម​ទាញ​ព្រះពុទ្ធសាសនា​មិន​ឲ្យ​ពាក់​ព័ន្ធ​នឹង​​ទង្វើ​របស់​ព្រះ​ចៅអធិការ​​ដែល​ត្រូវ​ចាប់​ផ្សឹក​អង្គ​នេះ​។

ព្រះអង្គ​បាន​បន្ត​ថា ”គាត់​បាន​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍​ឈ្មោះ​ព្រះ​ពុទ្ធសាសនា​។ វា​អាច​​​​ធ្វើ​ឲ្យ​ពុទ្ធបរិស័ទ​យល់​ថា នេះ​គឺ​ដោយ​សារ​​​ធម៌​វិន័យ​​​​ធូរ​រលង់ ប៉ុន្តែ​វា​ជា​រឿង​បុគ្គល​ប៉ុណ្ណោះ​”។

លោក​ អាឡាស្ទែរ ហ៊ីលតុន (Alastair Hilton) ​ទីប្រឹក្សា​បច្ចេកទេស​នៅ​អង្គការ First Step Cambodia ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​​​​ដែល​​គាំទ្រ​ជន​រងគ្រោះ​​ជា​បុរស​នៃ​ការ​រំលោភ​​​​បំពាន​​ផ្លូវ​ភេទ ដែល​បាន​ស្រាវជ្រាវ​យ៉ាង​ទូលំ​​ទូលាយ​​​អំពី​ការ​រំលោភបំពាន​​​តាម​ស្ថាប័ន បាន​លើក​ឡើង​​តាម​រយៈ​សារ​អេឡិច​ត្រូនិក​មួយ​កាលពី​ម្សិលមិញ​ថា ​​​ខណៈ​ពួកគេ​មិន​បាន​ពិនិត្យ​មើល​ការ​រំលោភ​បំពាន​នៅ​​តាម​វត្ត​អារាម​ ករណី​ព្រះ​ចៅអធិការ​ វង្ស ចែត ​ “ មិន​មែន​ជា​​​​ករណី​​​ដែល​កើត​ឡើង​តែ​ម្តង​នោះ​ទេ​”។

លោក​​បាន​មាន​ប្រសាសន៍​​ថា ”​ប្រសិន​បើ​ខ្ញុំ​និយាយ​ថា ការ​រំលោភ​បំពាន​ផ្លូវ​​ភេទ​នៅ​ក្នុង​ស្ថាប័ន​ទំនង​​​ជា​រីក​រាល​ដាល​ នឹង​មាន​ការ​បដិសេធ​​​យ៉ាង​ខ្លាំង​ក្លា​​ជា​​មិន​ខាន។ យើង​បាន​​​​​មើល​ឃើញ​​រឿង​​​នេះ​កើត​ឡើង​រាប់​ទស​​វត្សរ៍​​មក​ហើយ​នៅ​​តាម​​ព្រះវិហារ​កាតូលិក​​​​​​ទូទាំង​​ពិភព​លោក ​​ប៉ុន្តែ​វា​ប្រាកដ​​ណាស់​ថា នេះ​ជា​បញ្ហា​ធំ”៕ សុខុម (រាយការណ៍​បន្ថែម​ដោយ​ Matt Blomberg)​​​​​​​​​​​​​​​​​​

 

The post ចៅ​អធិការ​​ត្រូវ​បាន​​​ចោទ​ប្រកាន់​ពី​បទ​រួម​ភេទ​ជាមួយ​​​នេន​​​១០​អង្គ appeared first on ខេមបូឌា ដេលី.