​ក្រសួងទេសចរណ៍ ប្រកាស​ផ្ដល់​រង្វាន់ ដល់​ប្រតិ​ប​តិ្ដ​ករ​ទេសចរណ៍​ឆ្នើម ផ្នែក​ធុរកិច្ច​បៃតង​នៅ​កម្ពុជា​

ភ្នំពេញ: ក្រសួងទេសចរណ៍ បានប្រកាស​ផ្ដល់​រង្វាន់ ដល់​ប្រតិ​ប​ត្ដិករ ទេសចរណ៍​ទាំងអស់ ដែល​កំពុង​ប្រកបមុខរបរ​អាជីវកម្ម នៅតាម​រមណីយដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន និង​ទីភ្នាក់ងារ​ទេសចរណ៍ ដែល​បាន​អនុវត្ដ​ន៍​នូវ​ស្នាដៃ​ល្អ ក្នុង​ការចូល​រួមការ​ពារ​បរិស្ថាន សម្រាប់​ប្រកួតប្រជែង​ផ្នែក ធុរកិច្ច​បៃតង នៅ​កម្ពុជា​។​

​ក្នុង​សេចក្ដីជូនដំណឹង ស្ដីពី​ការប្រឡងប្រណាំង​រង្វាន់ សម្ដេច​តេ​ជោ នាយករដ្ឋមន្ដ្រី សម្រាប់​ធុរកិច្ច​បៃតង ក្នុង​វិស័យ​ទេសចរណ៍ ឆ្នាំ​២០១៦ លោក ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា ដើម្បី​លើកទឹកចិត្ត និង​បញ្ជាក់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង របស់​សហគ្រាស និង​ប្រតិបត្តិ​ករ​ទេសចរណ៍ ទាំងអស់ ដែល​បាន​ចូលរួម​អនុវត្ដ​ន៍ ការប្រឡងប្រណាំង​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ ក្នុង​វិស័យ​ទេសចរណ៍ ក្រសួងទេសចរណ៍ បាន​បង្កើត​រង្វាន់ ពិសេស​សម្រាប់​ធុរកិច្ច បៃតង ដើម្បី​លើកទឹកចិត្ដដ​ល់​ស្ថាប័ន ដែលមាន​ស្នាដៃ​ល្អ​ក្នុង ការការពារ​បរិស្ថាន​។​

​លោក​បាន​លើកឡើងថា ការប្រកាស​ផ្ដល់​រង្វាន់​នេះ សម្រាប់​សហគ្រាស ឬ​ប្រតិ​ប​តិ្ដ​ករ ទេសចរណ៍ ដែលមាន​ស្នាដៃ​ឆ្នើម ក្នុងការ​ប្រកប​អាជីវកម្ម លើ​វិស័យ​ទេសចរណ៍ ដែលមាន​បំណង ចូលរួម​ប្រកួតប្រជែង ក្នុង​ចលនា​ប្រឡងប្រណាំង​នេះ អាច​ចូលទៅ​កាន់​គេហទំព័រ www.cambodiaecobusiness.org ដើម្បី​ចុះឈ្មោះ​តាម​ប្រព័ន្ធ​អន​ឡាញ ចាប់ពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដល់​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៦​។​

​សូមបញ្ជាក់ថា យោងតាម​ការបង្ហាញរ​បស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា រង្វាន់​សម្រាប់​ធុរកិច្ច​បៃតង ក្នុង​វិស័យ​ទេសចរណ៍​ឆ្នាំ​២០១៦​នេះ មាន​ប្រភេទ​រង្វាន់​សរុប​ចំនួន ៦ រង្វាន់ រួមមាន​៖ ទី​១. រង្វាន់​សម្រាប់​ធុរកិច្ច ដែលមាន​ស្នាដៃ​ឆ្នើម ខាង​ថែរក្សា​អនាម័យ និង​បរិស្ថាន​។ ទី​២. រង្វាន់​សម្រាប់​ធុ​រ កិច្ច​ដែលមាន​ស្នាដៃ​ឆ្នើម ក្នុងការ​អនុវត្ត​គោលការណ៍ ៣ Rs​។ ទី​៣.​រង្វាន់​សម្រាប់​ធុរកិច្ច ដែលមាន​ស្នាដៃ​ឆ្នើម ខាង​សុខុមាលភាព​សង្គម និង​បេតិកភណ្ឌ​វប្បធម៌​។ ទី​៤. រង្វាន់​សម្រាប់​ធុរកិច្ច​ដែលមាន​ស្នាដៃ​ឆ្នើម ផ្នែក​កន្លែងធ្វើការ ដែលមាន​ភាពល្អប្រសើរ​។ ចំណែក​ទី​៥. រង្វាន់​សម្រាប់​សហគ្រិន ដែលមាន​ស្នាដៃ​ឆ្នើម និង​ទី​៦.​រង្វាន់​សម្រាប់​ធុរកិច្ច ដែលមាន​ស្នាដៃ​ឆ្នើម ខាង​ថែរក្សា​ឆ្នេរសមុទ្រ​៕V​/S