ជនសង្ស័យ​ជិត​ ៩០​នាក់​ចាប់​ឡើង​តុលាការ​នៅ​ថៃ​ ពាក់ព័ន្ធ​នឹង​បទ​ជួញដូរ​មនុស្ស

ជនសង្ស័យ​ជិត​ ៩០​នាក់​ចាប់​ឡើង​តុលាការ​នៅ​ថៃ​ ពាក់ព័ន្ធ​នឹង​បទ​ជួញដូរ​មនុស្ស

ជនសង្ស័យ​ជាស្រ្តីភេទ​ដែលរងការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​​ជន​ចំណាកស្រុករ៉ូហ៊ីងយ៉ា ត្រូវ​បាន​នាំ​ខ្លួន​ចូល​តុលាការ​ឧក្រិដ្ឋកម្ម​ថៃ​នៅ​ថ្ងៃអង្គារ ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥។

ឧត្តមសេនីយ៍​ជាន់ខ្ពស់​ម្នាក់​នៃ​កងទ័ព​ជើងគោក​ថៃ​ឋិត​នៅ​ក្នុង​ចំណោម​មនុស្ស​ជាប់​សង្ស័យ​៨៨នាក់​ ដែល​បាន​ចេញ​បង្ហាញ​ខ្លួន​នៅ​ក្នុង​សាល​តុលាការ​មួយ​ក្នុង​ប្រទេសថៃ​កាល​ពី​ថ្ងៃអង្គារ​ ដើម្បី​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​អំពី​ការ​ជួញ​ដូរ​មនុស្ស។​

ពួក​ជន​ជាប់សង្ស័យ​ទាំង​នេះ​បាន​ត្រូវ​ចោទប្រកាន់​ថា​ បាន​ជួញ​ដូរពួក​ជនអំបូរ Rohingya ​កាន់​សាសនា​ឥស្លាម ដែល​បាន​ធ្វើ​ដំណើរ​ប្រកប​ដោយ​គ្រោះថ្នាក់​ឆ្លង​កាត់សមុទ្រ​ ដើម្បី​រត់​គេចខ្លួន​ចេញ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ខាង​សាសនា​ និង​ការ​ផាត់​ចោល​ដោយ​ប្រទេស​ភូមា​ និង​ប្រទេស​បង់ក្លាដែស។ ​ការជួញដូរ​មនុស្ស​នេះ​បាន​កើត​មានឡើង​នៅ​ចន្លោះ​ខែមករា​ ឆ្នាំ២០១១​ និង​ខែ​ឧសភា​ឆ្នាំ​នេះ។ ពួក​ជន​ជាប់សង្ស័យ​ទាំងនេះ​បាន​ត្រូវ​ចាប់ខ្លួន​ បន្ទាប់​ពី​អាជ្ញាធរថៃ​បាន​ធ្វើ​ការបង្ក្រាប​មួយ​ដែល​បាន​នាំ​ឲ្យរកឃើញ​សាកសព​ជនចំណាកស្រុក​រាប់សិបនាក់​ដែល​បាន​ត្រូវ​កប់​នៅ​ជិត​ជំរុំ​ឃុំឃាំង​មួយ​នៅ​ក្នុង​ព្រៃមួយ​នៅ​ជិត​ព្រំដែនថៃ និង​ម៉ាឡេស៊ី។

ពួក​រដ្ឋអាជ្ញា​និយាយ​ថា ពួកជនទេសន្តរប្រវេសន៍​ទាំង​នេះ​បាន​ត្រូវ​ឃុំឃាំង​នៅ​ក្នុង​ជំរុំ ឬ​នៅ​ក្នុង​សមុទ្រ ​ដែល​នៅទីនោះ​ពួក​គេ​បាន​ត្រូវ​បង្អត់អាហារ​ ត្រូវវាយ​ដំ​ ត្រូវរំលោភ​សេព​សន្ធវៈ និង​បានត្រូវសម្លាប់។​

រឿង​ក្តី​នេះ​អាច​រង​ការ​ប៉ះពាល់នៅ​ពេល​ដែល​លោក​ឧត្តមសេនីយ៍ Paween Pongsirin ដែល​ជា​ប៉ូលីស​អ្នកស៊ើបអង្កេត​ជាន់ខ្ពស់​លើ​រឿង​ក្តី​នេះ​បាន​លាលែង​ចេញ​ពី​តំណែង​ និង​រំសាយ​កងឯកភាព​លោក​ បន្ទាប់​ពីលោក​បានត្រូវ​បញ្ជា​ឲ្យផ្លាស់​ទៅ​កាន់​តំបន់ខាងត្បូង​នៃ​ប្រទេស​ថៃ​ ដែល​មានការ​បះបោរ។ លោក Paween បាន​មាន​ប្រសាសន៍ថា​លោក​ភ័យខា្លច​ថា ជីវិតលោក​អាច​មាន​គ្រោះថ្នាក់​ដោយសារ​ពួក​អ្នកជួញដូរមនុស្ស​អាច​នឹង​ធ្វើការ​សងសឹក​អំពី​ការ​ស៊ើបអង្កេត​របស់​លោក។

ប្រទេស​ថៃបាន​ធ្វើ​ការ​បង្ក្រាបនេះ​ បន្ទាប់​ពី​ក្រសួងការបរទេស​ស.រ.អា​បាន​ដាក់​ប្រទេសថៃ​នៅ​ក្នុង​លំដាប់ថ្នាក់​ទាបបំផុត​នៃ​បញ្ជី​មួយ​របស់​ក្រុម​ប្រទេស​ ដែល​បាន​ធ្វើ​តិចបំផុត​តាម​ស្តង់ដារ​សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស៕