ពលរដ្ឋ​សំណូមពរ​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​ជួយ​ជួសជុលផ្លូវ​ដែល​ទឹក​ហូរ​ច្រោះ​កាត់​ដាច់​ជាង​៨​ម៉ែត្រ​នៅ​ភូមិទឹក​ហូត

ខេត្តកំពង់ឆ្នាំង ៖ ផ្លូវលំ​មួយ​ខ្យែ​ចេញពី​ផ្លូវជាតិ​លេខ​៥ ចូល​ទៅ​ភូមិ​ទឹក​ហូត ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ត្រូវ​បាន​ទឹក​ហូរ​ច្រោះ​កាត់​ដាច់​មួយ​កន្លែង​ប្រវែង​ជាង​៨​ម៉ែត្រ​ មិន​អាច​ធ្វើ​ដំណើរ​បាន​កាលពី​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លង​ទៅ ហើយ​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ដឹកនាំ​ដោយ​លោក សោម វឺ​ន អភិបាលស្រុក​រលាប្អៀរ បាន​ធ្វើការ​កសាង​ស្ពាន​បណ្តោះ​អាសន្ន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ និង​សិស្ស បាន​ដើរ​ឆ្លងកាត់ និង​ទៅ​សាលារៀន ។ ជាមួយ​គ្នា​នេះ​ផង​ដែរ​លោក​អភិបាលស្រុក ប្រជាពលរដ្ឋ បាន​សំណូមពរ​ដល់​មន្ទីរ​ពាក់​ព័​ន្ឋ និង​អាជ្ញាធរ​ខេត្ត​សូម​មេ​តា្ត​ជួយ​ជួសជុល និង​ដាក់​លូ​រំដោះ​ទឹក​នៅ​ចំណុច​ដែល​រង​ការ​ខូចខាត​នេះ​ផង ។

លោក សោម វឺ​ន អភិបាលស្រុក​រលាប្អៀរ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ផ្លូវ​ដែល​ដាច់​មួយ​កន្លែង​មិន​អាច​ឲ្យ​ធ្វើ​ដំណើរ​បាន​នោះ​នៅ​ចំណុច​ភូមិ​ត្រពាំង​ក្រពើ ក្នុង​ឃុំ​ទឹក​ហូត ជា​កន្លែង​មាន​លូ​បង្ហូរទឹក តែ​កាលពី​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ ត្រូវ​បាន​ទឹក​ហូរ​ច្រោះ​រហូត​ដាច់​ផ្លូវ​អស់​ប្រវែង​ប្រមាណ​ជាង​៨​ម៉ែត្រ មិន​អាច​ធ្វើ​ដំណើរ​បាន ពិសេស​ក្មេង​ៗ​ទៅ​សាលារៀន ។ ដោយសារ​តែ​បែប​នេះ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ រូប​លោក និង​លោកស្រី វិសាល ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​ប្រជាពលរដ្ឋ​មក​កសាង​ស្ពាន​បណ្តោះអាសន្ន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ និង​សិស្ស​បាន​ធ្វើ​ដំណើរ និង​ទៅ​សាលារៀន​បាន ។ ស្ពាន​នេះ​គ្រាន់តែ​ធ្វើ​សម្រាប់​ចុះ​បណ្តើ​រកង់ ម៉ូតូ​ឆ្លងកាត់​ប៉ុណ្ណោះ មិន​អាច​ឲ្យ​រថយន្ត ឬ​គោ​យន្ត​ឆ្លងកាត់​បាន​ឡើយ ។

លោក​បាន​បន្ត​ថា ស្ពាន​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​កាប់​ដើម​ប្រេងខ្យល់ ដើម​អាកា​ស្យា ដែល​មាន​តាម​ផ្ទះ​មក​ធ្វើ​ជាស​សរ ធ្វើ​ជា​មេ​ស្ពាន និង​ធ្វើ​ជា​រនូត បន្ទាប់​មក​ក្រាល​ក្តារ​សម្រាប់​ដើរ​ឆ្លងកាត់​បាន​តែ​ប៉ុណ្ណោះ មិន​អាច​ឲ្យ​គោ​យន្ត និង​រថយន្ត​ឆ្លងកាត់​បាន​ឡើយ ។

ដោយសារ​តែ​បែប​នេះ​ហើយ ទើប​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន សូម​ស្នើ​ឲ្យ​មន្ទីរ​ពាក់​ព័​ន្ឋ ពិសេស​លោក​អភិបាលខេត្ត​សូម​មេត្តា​ជួយ​ជួសជុល​ផ្លូវ​ដាច់​នៅ​ចំណុច​ខាងលើ​នេះ​ផង ដោយ​សុំ​ឲ្យ​ធ្វើ​ជា​ស្ពានបេតុង ឬ​ធ្វើ​ជា​លូ​បង្ហូរទឹក និង​ធ្វើ​ផ្លូវ​ពីលើ ដែល​អាច​ឲ្យ​ធ្វើ​ដំណើរ​បាន​ទាំង​រថយន្ត និង​គោ​យន្ត សម្រាប់​ប្រជាពលរដ្ឋ​ដឹក​ជញ្ជូន​កសិផល​ផ្សេង​ៗ ពិសេស​ជិត​ដល់​រដូវ​ច្រូតកាត់​ស្រូវ​វស្សា​ផង ព្រោះ​ពួក​គាត់​បាន​ប្រើគោ​យន្ត រទេះគោ សម្រាប់​ដឹក​កណ្តាប់​ស្រូវ​ឆ្លងកាត់​ស្ពាន​នោះ​ជា​ប្រចាំ ៕