ជន​មិន​ស្គាល់​អត្តសញ្ញាណ​លួច​ដុត​ប្រអប់​បង្គោល​ភ្លើង​2​កន្លែង​ឆេះ​ផ្អើល​ទាំង​យប់

ជន​មិន​ស្គាល់​អត្តសញ្ញាណ​លួច​ដុត​ប្រអប់​បង្គោល​ភ្លើង​2​កន្លែង​ឆេះ​ផ្អើល​ទាំង​យប់

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​រស់នៅ​ចំណុច​សម្បុកចាប​ជាប់​នឹង​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បាន​ផ្អើល​ឆោ​ទ្បោ​រត់​ចែកផ្លូវ​គ្នា​ទាំង​ព្រលឹង​ចុង​សក់ ដោយសារ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​១​ក្រុម​មាន​គ្នា​ប្រហែល​៤​ទៅ​៥​នាក់ លួច​យក​ក្រណាត់​ភួយ​ជ្រលក់​ម៉ា​ស៊ូ​តទៅ​រុំ​ពីលើ​ប្រអប់​បង្គោល​ភ្លើង រួច​ដុត​បណ្តាល​ឱ្យ​ឆេះ​សន្ធោសន្ធៅ និង​ដាច់​ចរន្តអគ្គិសនី​ទាំងស្រុង កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ វិច្ឆិកា ។

លោក​អនុសេនីយ៍ត្រី ជុំ វឿ​ន នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្ទឹង​កាច់ បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា នៅ​ចំណុច​សម្បុកចាប ក្នុងភូមិ​ផ្សារ​ព្រំ មាន​ករណី​ជន​មិន​ស្គាល់​អត្តសញ្ញាណ​លួច​ដុត​ប្រអប់​ភ្លើងអគ្គិសនី​ឆេះ​អស់​២ ខាង​លោក​ក៏​បាន​ស្រាវជ្រាវ រហូត​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ចាន់ ចឺ​យ អាយុ​៣៤​ឆ្នាំ ជា​កម្មករ​សំណង់ មានស្រុក​កំណើត​នៅ​ភូមិ​កំ​ផ្លើ​ក ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ ឃុំ ខាងលើ ទៅ​ធ្វើការ​សួរនាំ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ នា​វេលា​ម៉ោង​ប្រមាណ​២​រំលង​អធ្រាត្រ  គេ​ឃើញ​បុរស​រូប​នេះ​ចេញពីផ្ទះ​របស់​ខ្លួន លុះ​នៅ​ម៉ោង​ប្រមាណ​២​និង​៣០​នាទី​រំលង​អធ្រាត្រ ស្រាប់តែ​មាន​គេ​យក​ក្រណាត់​ភួយ​ជ្រលក់​ប្រេងម៉ាស៊ូត​ទៅ​រុំ​នឹង​ប្រអប់​ភ្លើង​ទាំង​២​កន្លែង រួច​ដុត បណ្តាល​ឱ្យ​ឆេះ​ផ្អើល​ដល់​ប្រជាពលរដ្ឋ​តែ​ម្តង ។

លោកនាយ​ប៉ុស្តិ៍​ថ្លែង​ទៀត​ថា ពេល​នេះ​ដោយសារ​ជនសង្ស័យ​មិន​ព្រម​សារភាព ខាង​លោក​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ​ដើម្បី​សាកសួរ​បន្ត ហើយនឹង​ស្រាវជ្រាវ​រកមុខ​ជន​ដែល​បង្ក​អ​សនិ្ត​សុខ​សង្គម​នេះ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។ ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ចំណុច​សម្បុកចាប​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សុវត្ថិភាព បន្ទាប់​ពី​មាន​ជន​មិន​ស្គាល់​មុខ​លួច​ដុត​ប្រអប់​អគ្គិសនី​តាម​បង្គោល​ភ្លើង​នេះ ។

ពួក​គាត់​សំណូមពរ​ឱ្យ​អាជ្ញាធរ​ភូមិ ឃុំ ស្រុក ខេត្ត មេត្តា​យកចិត្តទុកដាក់​ស៊ើបអង្កេត​ករណី​ខាងលើ​នេះ ហើយ​ក៏​អំពាវនាវ​ឱ្យ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​តាម​ចាប់​ជន​ដៃដល់​ឱ្យ​បាន ដើម្បី​ឱ្យ​ពួក​គាត់​មាន​ភាព​កក់ក្តៅ​ទ្បើ​ង​វិញ ៕