ក្រុងប៉េកាំង ទុកសិទ្ធិឲ្យហ្វីលីពីន ជាអ្នកស្ដារ ទំនាក់ទំនងទ្វេភាគី ក្នុងជម្លោះ សមុទ្រចិនខាងត្បូង

ប៉េកាំង៖ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បានថ្លែងឲ្យដឹងថា ករណីជម្លោះបូរណភាព ទឹកដី រវាងចិន និង ហ្វីលីពីន នៅតំបន់សមុទ្រ ចិនខាងត្បូង បានធ្វើឲ្យមិត្តភាពរវាង ក្រុងប៉េកាំង និងក្រុងម៉ានីលប្រេះឆាយ៉ាងខ្លាំង ហើយចិន បានទុកសិទ្ធិឲ្យខាងភាគីហ្វីលីពីន ជាអ្នកស្ដារ ទំនាក់ទំនងនេះឡើងវិញ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះដោយដក ស្រង់សម្ដី លោក វ៉ាង លើកឡើងក្នុងសេចក្ដីថ្លែងការណ៍នៃគេហទំព័រក្រសួងការបរទេសចិន បន្ដទៀតថា ករណីជម្លោះទឹកដីប្រឆាំង នឹងចិន “ជាកត្តាបំផ្លាញនូវការអភិវឌ្ឍ និងទំនាក់ ទំនងរវាងចិន និងហ្វីលីពីន”។

កាលពីថ្ងៃអង្គារម្សិលមិញនេះលោក បានបំពេញដំណើរទស្សនកិច្ចទៅកាន់ហ្វីលីពីន ដើម្បី ចូលរួមក្នុងកិច្ច ពិភាក្សា ទ្វេរភាគី ថ្លែងប្រាប់ក្រុមអ្នកកាសែតនៅក្រុងម៉ានីលទៀតថា “ យើងមិន ចង់ឲ្យករណីនេះកាន់តែ តានតឹងឡើង នោះទេ ដូចដែលអាចបង្កជាការប៉ះទង្គិចហិង្សាបាន” ហើយដើម្បីដោះស្រាយបញ្ហានេះបាន យើងទុកសិទ្ធិឲ្យភាគី ហ្វីលីពីន ជាអ្នកដោះស្រាយ។

ក្រុងប៉េកាំង បានទាមទារអធិបតេយ្យភាពលើដែនសមុទ្រចិនខាងត្បូងស្ទើរតែទាំងមូល ដែលក្នុងនោះខ្លួន បានមាន ជម្លោះជាមួយនឹងប្រទេសវៀតណាម ហ្វីលីពីន តៃវ៉ាន់ ម៉ាឡេស៊ី និងព្រុយណេ។ អស់រយៈពេល ជាច្រើនឆ្នាំកន្លង មកនេះ ប្រទេសចិន បានទទូចម្ដងហើយ ម្ដង ទៀតថា ជម្លោះបូរណភាពទឹកដីជាមួយនឹង ប្រទេសចិន ត្រូវតែ ដោះស្រាយដោយទ្វេភាគី៕

ក្រុងប៉េកាំង ទុកសិទ្ធិឲ្យហ្វីលីពីន ជាអ្នកស្ដារ ទំនាក់ទំនងទ្វេភាគី ក្នុងជម្លោះ សមុទ្រចិនខាងត្បូង