របាំ​សហ​សម័យ​លើក​ទី​៥ នឹង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​សុក្រ សៅរ៍ ទី​១៣-១៤ ​វិច្ឆិកា​នេះ

របាំ​សហ​សម័យ​លើក​ទី​៥ នឹង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​សុក្រ សៅរ៍ ទី​១៣-១៤ ​វិច្ឆិកា​នេះ

អង្គការ​អម្រឹតា​សិល្បៈ​នឹង​រៀប​ចំ​ដំឡើង​ស្នាដៃ​នៃ​វេទិកា​របាំ​សហ​សម័យ​លើក​ទី​៥​របស់​ខ្លួន រយៈ​ពេល​២ថ្ងៃ គឺ​នៅ​ថ្ងៃ​សុក្រ​ទី​១៣ និង​ថ្ងៃ​សៅរ៍​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង​៧​ល្ងាច​ នៅ​នាយក​ដ្ឋាន​សិល្បៈ​ទស្សនីយ​ភាព​ រាជ​ធានី​ភ្នំពេញ។

 

ក្នុង​អំឡុង​ពីរ​ថ្ងៃ​នេះ ទស្សនិក​ជន​នឹង​បាន​ទស្សនា​នូវ​ស្នាដៃ​របាំ​សហ​សម័យ​ដែល​បាន​បង្កើត​ឡើង​ផ្ទាល់​ដោយ​អ្នក​​ដំឡើង​ក្បាច់​រាំ​ជន​ជាតិ​ខ្មែរ​ដែល​កំពុង​លេច​ធ្លោ​ក្នុង​វិស័យ​សិល្បៈ​នេះ ។ អង្គការ​អម្រឹតា​សិល្បៈ​ក៏​បាន​ត្រៀម​រៀប​ចំ​វេទិកា​ពិភាក្សា​ជា​សាធារណៈ​ជុំវិញ​ការ​សម្តែង​ទាំង​នេះ​ផង​ដែរ​ ដើម្បី​ផ្តល់​ឱកាស​ដល់​ទស្សនិក​ជន​បង្កើន​ទំនាក់​ទំនង និង​ភាព​ស្និ​ទ្ធស្នាល​ជាមួយ​សិល្បករ​-​សិល្បការនី​ឱ្យ​បាន​កាន់​តែ​ខ្លាំង។
 

របាំ​សហ​សម័យ​លើក​ទី​៥ នឹង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​សុក្រ សៅរ៍ ទី​១៣-១៤ ​វិច្ឆិកា​នេះ

 

នៅ​ខែ​តុលា​ឆ្នាំ​២០១៣ អង្គការ​អម្រឹតា​សិល្បៈ​បាន​រៀប​ចំ​ដាក់​បង្ហាញ​នូវ​ក្បាច់​រាំ​បែប​សហ​សម័យ​ជា​លើក​ដំបូង​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា «វេទិកា​បាំ​សហ​សម័យ»​។​ កម្មវិធី​គ្មាន​ពីរ​នេះ​បាន​ចង្អុល​បង្ហាញ​នូវ​លក្ខណៈ​ពិសេស​របស់​អង្គការ​អម្រឹតា​សិល្បៈ​ ក្នុង​ការ​លើក​កម្ពស់​ស្នាដៃ​របាំ​សហ​សម័យ​ដែល​កំពុង​លេច​ធ្លោ​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា និង​ការ​បណ្តុះ​បណ្តាល​ជំនាញ​ដំឡើង​របាំ​របស់​សិល្បករ-សិល្បការនី​ផង​ដែរ។
 

វេទិកា​របាំ​សហ​សម័យ​ត្រូវ​បាន​បង្កើត​ឡើង​២​ដង​ក្នុង​មួយ​ឆ្នាំ ដោយ​ក្នុង​មួយ​លើកៗ​យើង​បាន​លើក​ទឹក​ចិត្ត និង ផ្តល់​សិទ្ធិ​ដល់​សិល្បករ-សិល្បការនី​របស់​យើង​ចំនួន​បី​រូប​ក្នុង​ការ​ដំឡើង​ក្បាច់​រាំ​បែប​ខ្មែរ។ ចាប់​ពី​ខែ​តុលា​ ឆ្នាំ​២០១៣​មក អង្គការ​អម្រឹតា​សិល្បៈ​តែង​តែ​ផ្តល់​ការ​គាំទ្រ​ផ្នែក​សិល្បៈ​ហិរញ្ញវត្ថុ និង​ផលិត​កម្ម ដល់​ក្រុម​សិល្បករ-សិល្បការនី តាម​រយៈ​ក្រុម​ផលិតកម្ម​និង​សិល្បៈ​ ដែល​ពោរពេញ​ដោយ​ភាព​យក​ចិត្ត​ទុក​ដាក់។
 

បន្ទាប់​ពី​ធ្វើការ​ហ្វឹក​ហាត់ និង​ទទួល​ដំបូន្មាន​អស់​រយៈ​ពេល​៦​សប្តាហ៍ និង​ឆ្លង​កាត់​កិច្ច​ពិភាក្សា​ជា​សាធារណៈ​មួយ​​ចំនួន​មក សិល្បករ-សិល្បការនី​នឹង​ធ្វើការ​សម្តែង​ស្នាដៃ​របស់​ខ្លួន​ដល់​សាធារណ​ជន​ទស្សនា។ ក្រោយ​ពេល​បញ្ចប់​ការ​សម្តែង​សិល្បករ-សិល្បការនី នៅ​តែ​បន្ត​ចូល​រួម​ក្នុង​សិក្ខា​សាលា​និង​កិច្ច​ពិភាក្សា​ផ្សេងៗ​ជាមួយ​នឹង​អ្នក​ជំនាញ​របាំ​នានា​ក្នុង​តំបន់ ដើម្បី​ធ្វើការ​ចែក​រំលែក​បទ​ពិសោធ និង​ផ្លាស់​ប្តូរ​គំនិត​សម្រាប់​ការ​បង្កើត​ស្នាដៃ​នៅ​ថ្ងៃ​អនាគត។
 

សម្រាប់​វេទិកា​មួយ​នេះ​ នាយិកា​សិល្បៈ កញ្ញា ជ័យ ច័ន្ទ​កិត្យា បាន​សម្រេច​ផ្តោត​លើ​ការ​បង្កើត​ស្នាដៃ​ថ្មី​មួយ​យោង​លើ​ទស្សនៈ​វិស័យ​ខុស​ពី​មុន ។ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​សិល្បករ-សិល្បការនី​ទាំង​បី​រូប​នឹង​បង្កើត​ស្នាដៃ​របស់​ខ្លួន​ដោយ​ពឹង​ផ្អែក​លើ​រឿង​រ៉ាវ​ និង​បទ​ពិសោធន៍​របស់​អ្នក​ដទៃ​ មិន​មែន​ប្រើ​ប្រាស់​ប្រវត្តិ​ផ្ទាល់​ខ្លួន​ដូច​ស្នាដៃ​មុនៗ​។ ចំណោទ​ប្រឈម​សម្រាប់​សិល្បករ-សិល្បការនី នៅ​​ក្នុង​បរិបទ​នេះ គឺ​ថា​តើ​ពួក​គាត់​នឹង​ប្រើ​វិធី​សាស្រ្ត​ណា​មួយ​ដើម្បី​ដាក់​ចិត្ត​ដាក់​កាយ​ទៅ​ក្នុង​សាច់​រឿង និង​ជិវិត​របស់​អ្នក​ដទៃ​ ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​នៅ​តែ​អាច​រក្សា និង​គោរព​ភាសា​និង​ក្បាច់​របាំ​ ព្រម​ទាំង​អារម្មណ៍​របស់​ខ្លួន?
ក្នុង​នាម​ជា​នាយិកា​សិល្បៈ ចំណុច​ដ៏​សំខាន់​មួយ គឺ​ជៀស​វាង​ការ​ដាក់​ប្រធាន​បទ​ជាក់​លាក់​មួយ​សម្រាប់​សិល្បករ-សិល្បការនី ពោល​គឺ​អនុញ្ញាត​ឱ្យ​ពួក​គាត់​បង្កើត​ប្រធាន​បទ​ដោយ​ខ្លួន​ឯង ​ដោយ​ពឹង​លើ​តម្រូវ​ការ​ច្នៃ​ប្រឌិត​រៀងៗ​ខ្លួន។
 

ណម ណារីម, ផុន សុភាព និង​ សយ ច័ន្ទ​បូរី ​ដែល​ជា​សិល្បករ-សិល្បការនី​កំពុង​ដំឡើង​ស្នាដៃ​របាំ​សម្រាប់​វេទិកានេះ​ មាន​ចំណាប់​អារម្មណ៍​ជា​ខ្លាំង​លើ​ចំណុច​ប្រឈម​នេះ ដែល​ញ៉ាំង​ឱ្យ​ពួក​គាត់​បង្កើត​ការ​សម្តែង​រឿង​មួយ​ចំនួន​ដែល​មាន​ទំនាក់​ទំនង​យ៉ាង​ស្អិត​ល្មួត​ជាមួយ​នឹង​ឫស​គល់​សិល្បៈ និង​ជិវិត​ផ្ទាល់​ខ្លួន​របស់​គាត់។
 

ណារីម​បាន​លើក​យក​ប្រធាន​បទ ជីវិត​ជីដូន​របស់​គាត់​ដែល​ជា​ព្រឹទ្ធា​ចារ្យ​សិល្បៈ​ទម្រង់​របាំ​បុរាណ​ក្នុង​អំឡុង​របប​ខ្មែរ​ក្រហម ​ដោយ​ដំឡើង​នូវ​ក្បាច់​រាំ​ថ្មី​មួយ​ដែល​មាន​ជីដូន​របស់​គាត់​ចូល​រួម​សម្តែង​ផង​ដែរ។
 

សុភាព​ដែល​ជា​គ្រូ​របាំ​ជំនាញ​ផ្នែក​ល្ខោន​ខោល​នឹង​ផ្តោត​ការ​សម្តែង​របស់​ខ្លួន​លើ​របាំង​មុខ​ដែល​ខ្លួន​បាន​បាត់​ និង​រក​ឃើញ​វិញ។​ ក្នុង​ស្នាដៃ​របស់​គាត់​យើង​នឹង​សង្កេត​ឃើញ​ថា សុភាព​បាន​ធ្វើ​ឱ្យ​របាំង​មុខ​របស់​គាត់​ហាក់​មាន​ជីវិត​រស់​រវើក​ប្រៀប​ដូច​ជា​តួ​អង្គ​ផ្ទាល់​មួយ។
 

អង្គការ​អម្រឹតា​សិល្បៈ​បាន​ផ្តល់​ការ​គាំទ្រ​ដល់​អតីត​វេទិកា​របាំ​សហ​សម័យ​ ​ដោយ​ប្រើ​ថវិកា​ផ្ទាល់​របស់​អង្គការ​រួម​ជាមួយ​នឹង​ការ​គាំទ្រ​ពី​សំណាក់​អ្នកជំនាញ​របាំ​ពី​ក្រុម​ប្រឹក្សា​វប្បធម៌​អាស៊ី (Asian Cultural Council)។​​ ដោយ​ឡែក​វេទិកា​របាំ​សហ​សម័យ​ទីប្រាំ​នេះ​អាច​សម្រេច​ទៅ​បាន​ដោយ​មាន​ការ​គាំទ្រ​ដ៏​ធំ​ធេង​ពី​ទី​ភ្នាក់ងារ​ស្វីស​សម្រាប់​ការ​​អភិវឌ្ឍន៍​ និង​កិច្ច​សហ​ប្រតិបត្តិការ (Swiss Agency for Development and Cooperation)។បន្ថែម​លើ​នេះ​ក្រុម​ហ៊ុនSabay ​នឹង​ធ្វើ​ជា​ដៃគូ​ព័ត៌មាន​ផ្លូវការ​របស់​ព្រឹត្តិការណ៍​នេះ​ផង​ដែរ។
ទៅ​អនាគត​អង្គការ​អម្រឹតា​សិល្បៈ​សង្ឃឹម​ថា​នឹង​ប្រែ​ក្លាយ​ការ​អភិវឌ្ឍន៍​ការ​ដំឡើង​ស្នាដៃ​របាំ​ប្រភេទ​នេះ​ឱ្យ​ក្លាយ​ទៅ​ជា​កម្ម​សិក្សា​រយៈ​ពេល​បី​ខែ​ពេញ​ សម្រាប់​អ្នក​ដំឡើង​ក្បាច់​រាំ​របស់​យើង​ ពោល​គឺ​យើង​ចង់​បង្កើត​បន្ថែម​លើ​សមិទ្ធ​ផល​ដែល​យើង​ទទួល​បាន​ពី​វេទិកា​របាំ​សហ​សម័យ​នេះ។ នៅ​ដើម​ខែ​វិច្ឆិកា​ឆ្នាំ២០១៥ អង្គការ​អម្រឹតា​សិល្បៈ​នឹង​ចាប់​ផ្តើម​យុទ្ធនាការ​រៃ​អង្គាស​ថវិកា​ពី​សាធារណ​ជន​ដើម្បី​យក​មក​គាំទ្រ​គម្រោង។
 

សម្រាប់​ពេល​បច្ចុប្បន្ន​អ្វី​ដែល​អ្នក​ដំឡើង​ក្បាច់​រាំ​ទាំង​បី​រូប​ត្រូវ​ជម្នះ​ឱ្យបា​ន គឺ​បក​ស្រាយ​នូវ​សម្ព័ន្ធ​ភាព​ជ្រាល​ជ្រៅ​ដែល​ខ្លួន​មាន​ជាមួយ​នឹង​ប្រធាន​បទ តាម​រយៈ​ចលនា​របាំ​និង​ការ​និទាន​អំពី​អ្វី​មួយ​ដែល​នៅ​តែ​រក្សា​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​ខ្លឹមសារ​និង​ភាព​ពិត​របស់​សាច់​រឿង​និង​បទ​ពិសោធ​ដើម។ វេទិកា​របាំ​សហ​សម័យ​នេះ គឺ​ជំរុញ​សិល្បករ-សិល្បការនី​ឱ្យ​អាច​សម្តែង​នូវ​សាច់​រឿង​ផ្ទាល់​ខ្លួន​ណា​មួយ​ឱ្យ​កាន់​តែ​ជ្រាល​ជ្រៅ​បាន​មួយ​កម្រិត​ទៀត តាម​រយៈ​ទស្សនៈ​វិស័យ​ដូច​បាន​រៀប​រាប់​ខាង​លើ។
ដូច្នេះ​យើង​សូម​គោរព​អញ្ជើញ​សាធារណជន​មក​ទស្សនា​ស្នាដៃ​បង្កើត​ថ្មី​របស់​យើង​នៅ​ថ្ងៃ​សុក្រ​ទី១៣ និង ថ្ងៃ​សៅរ៍​ទី​១៤ ខែ​វិច្ឆិកា​ឱ្យ​បាន​កុះ​ករ!
 

របាំ​សហ​សម័យ​លើក​ទី​៥ នឹង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​សុក្រ សៅរ៍ ទី​១៣-១៤ ​វិច្ឆិកា​នេះ